រតនគិរី ៖ជនសង្ស័យម្នាក់ ត្រូវនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចដីឡូមួយកន្លែង ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ គង់ ជម្ពូវន្ត័ ហៅស្នា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ មានស្រុកកំណើតភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)។
ក្នុងនោះដែរ សមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន១ថង់ធំល្មមទម្ងន់១.៣៧ក្រាម ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿងម៉ាកMSX ពាក់ស្លាកលេខរតនគិរី1C-9224។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់វិធានការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments