ភ្នំពេញ ៖ សន្តិសុខឯកជនម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ខណៈធ្វើសកម្មភាពលួចម៉ូតូបានសម្រេច ហើយនៅពេលបណ្តើរម៉ូតូចេញបាន៥ម៉ែត្រ ម្ចាស់គេឃើញទាន់ស្រែកចោរ ទើបប៉ូលិសចាប់ដាក់ខ្នោះតែម្តង។
ហេតុការណ៍នេះ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រហែល ១០និង៥០នាទីព្រឹក ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ១៣X ផ្លូវ លេខ៦៦៤ ក្រុមទី៥ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ នី សំណាង ហៅ ធំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុន ហនុមាន ស្នាក់នៅផ្ទះជួល ពុំស្គាល់លេខ ផ្លូវលំ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ គៀត ចន្ដា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ០១ ផ្លូវជាតិ លេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2007 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1E-5797 ដែលមានលេខតួ និងលេខម៉ាស៊ីន 2816018 (ជាម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យលួច) ។ បានប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ដែកសំប៉ែតសម្រាប់កាច់កម៉ូតូចំនួន០១ , សោរខ្សៀរលេខ៨ ចំនួន០១, ទូរស័ព្ទដៃមួយគ្រឿងម៉ាក SCDTCL ពណ៌ខ្មៅ (បែកអេក្រង់) នឹង វិទ្យុទាក់ទងម៉ាក MEGABAND ពណ៌ខ្មៅ០១គ្រឿង (ជារបស់ជនសង្ស័យ)។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០និង៥០នាទី ជនរងគ្រោះឈ្មោះ គៀត ចន្ដា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បានចតម៉ូតូទុកនៅមុខផ្ទះលេខ១៣X ផ្លូវ លេខ៦៦៤ ក្រុមទី៥ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំឌុបម៉ូយ ដោយជនរងគ្រោះបាន ដាក់កូនសោម៉ូតូនៅជាប់នឹងកម៉ូតូ រួចហើយក៏ទៅឈរមើលជាងធ្វើម៉ូតូនៅក្បែរនោះប្រហែល ៣០ម៉ែត្រ ស្រាប់តែមានជនសង្ស័យឈ្មោះ នី សំណាង ហៅ ធំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុម ហ៊ុនហនុមាន បានដើរមកធ្វើសកម្មភាពលួច ម៉ូតូរបស់ជនរងគ្រោះហើយអូសបណ្ដើរ ម៉ូតូចេញបាន ប្រហែល៥ម៉ែត្រ ភ្លាម នោះជនរងគ្រោះក៏បានឃើញទាន់ក៏ស្រែកថាចោរៗ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងសាឡាង ដែលធ្វើការ ល្បាតការពារសុវត្ថិភាព ក្នុងមូលដ្ឋាន ឃើញក៏ធ្វើការ បង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ នី សំណាង ហៅ ធំ និងចាប់យកវត្ថុតាង ម៉ូតូរបស់ជនរងគ្រោះ និងដែកសំរាប់កាច់កម៉ូតូចំនួន០១ និងសោរខ្សៀរលេខ៨មួយ ជារបស់ជនសង្ស័យ រួចបញ្ជូនយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង។
មន្ត្រីប៉ូលិសដដែលបានបញ្ជាក់ផងដែរថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យហើយនោះ សមត្ថកិច្ចបាន យកទឹកនោមជនសង្ស័យរូប នេះមកធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល មានភាពវិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជា បណ្ដោះអាសន្ន នៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments