ភ្នំពេញ ៖ លោក ហេង សួរ និងក្រុមការងារចុះជួយឃុំពោធិ៍រំចាក កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ បានចុះជួបតំណាងគ្រួសារគណបក្សប្រជាជនកម្ពុជាចំនួន ១៦៤០គ្រួសារដើម្បីថ្លែងអំណរគុណ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនយ៉ាងច្រើនលើសលប់ និង រៀបចំអាហារសាមគ្គីជាមួយសមាជិក សមាជិកាប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាលផងដែរ។
តាមរយៈលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រជាពលរដ្ឋក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨ ចំនួនជាង ៩៤% បានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រជាង ៨៨%។
ទន្ទឹមនឹងការថ្លែងអំណរគុណនេះ លោក ហេង សួរ ក៏បានពាំនាំយកនូវប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានក្រើនរំឮក និងណែនាំដល់អាជ្ញាធរ និងមន្ត្រីនៃគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ត្រូវខិតខំ និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរជាងមុន និងមានប្រសិទ្ធភាពជាងមុន ចាប់ពីពេលនេះតទៅដោយមិនចាំបាច់រង់ចាំរហូតដល់មានការប្រកាសលទ្ធផលផ្លូវការនោះទេ។
នៅចំពោះមុខប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិកាគណបក្សនាឱកាសនោះ ក្រុមការងារចុះជួយឃុំ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនក្នុងភូមិទាំង១១ បានប្តេជ្ញាបន្តសេវាផ្តល់សំបុត្រកំណើតដល់ផ្ទះប្រជាពលរដ្ឋក្នុងរយៈពេល១សប្តាហ៍ក្រោយពេលមានប្រជាពលរដ្ឋណាម្នាក់សម្រាលកូន បន្តជួយលើកគុណភាពសេវា បរិមាណនិងប្រភេទឱសថនៅមជ្ឈមណ្ឌលសុខភាពរបស់ឃុំ ផ្តល់ការបំប៉នមុខជំនាញសំខាន់ៗដល់សិស្សថ្នាក់ទី១១ និងទី១២ បន្តស្តារប្រឡាយ និងកសាងផ្លូវថ្នល់បន្ថែមទៀត ដើម្បីភ្ជាប់ទៅផ្លូវជាតិ និងព្យាយាមទាក់ទាញ រោងចក្រទៅវិនិយោគនៅក្នុងឃុំពោធិ៍រំចាក ឬឃុំក្បែរខាងដើម្បីបង្កើតការងារ ឬប្តូរមុខរបរពីកសិករ ទៅជាកម្មករនិយោជិត ឬអាជីវករ ដែលមានចំណូលខ្ពស់ជាងមុន។
នាឱកាសនោះលោក ហេង សួរ និងក្រុមការងារ ក៏បានចុះតាមភូមិ រៀបចំ និងចូលរួមអាហារសាមគ្គីជាមួយសមាជិក សមាជិកា គណបក្សប្រជាជននៅតាមភូមិចំនួន ៧ ប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាលនិងកាលពីថ្ងៃទី៤ ខែសីហា ក្រុមការងារបានបន្តរៀបចំការចុះថ្លែងអំណរគុណ និងរៀបចំអាហារសាមគ្គីដល់សមាជិកសមាជិកាបក្សនៅភូមិចំនួន ៤ផ្សេងទៀត៕
Source: Kampuchea Thmey Daily
0 Comments