Ad Code

ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ត្រៀមខ្លួន​រួចរាល់​ពេល​ប៉ះ​ក្រុម JFL មកពី​ជប៉ុន នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ



ក្រុម​បឹងកេត ក្នុងនាម​ជា​ក្រុម​កំពូល​តារាង​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​JFL Selection (Japan Football League ហៅ​កាត់​ថា JFL) មកពី​ប្រទេស​ជប៉ុន នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​៥​ខែសីហា ឆ្នាំ​២០១៨ នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ ការប្រកួត​នេះ​ចាប់ផ្តើម​ពី​ម៉ោង​៥​ល្ងាច​តទៅ​ព្រមទាំង​បើក​ឲ្យ​មហាជន​ចូល​ទស្សនា​ដោយ​សេរី​ផងដែរ​។

លោក ហៅ សុជាតិ គ្រូបង្វឹក​របស់​ក្រុម​បឹងកេត បាន​លើក​ឡើង​មុន​ការប្រកួត​មកដល់​ថា «យើង​នឹង​បែងចែក​កីឡាករ​ជា​២​ក្រុម ដោយ​ក្រុម A គឺ​ភាគច្រើន​ជា​អ្នកលេង​ជម្រើស​ដំបូង និង ក្រុម B លាយ​ជាមួយ​យុវជន ហើយ​ពួកគេ​នឹង​លេង​មួយ​ក្រុម​មួយ​វគ្គ​។ យើង​រីករាយ​ក្នុង​ការ​ទទួលភ្ញៀវ​នៅ​ប្រកួត​នេះ​ព្រោះ​ជាការ​ផ្លាស់ប្ដូរ​បទពិសោធន៍ ជាមួយ​ក្រុម​ប្រកបដោយ​ស្តង់ដារ​មួយ»​។



​លោក Katsumasa Terouch គ្រូបង្វឹក​របស់​ក្រុម JFL បាន​លើក​ឡើង​អំពី​ព័ត៌មាន​មួយចំនួន​របស់​ក្រុម​លោក​ថា «​ឆ្នាំនេះ​គឺជា​ខួប ២០​ឆ្នាំ នៃ​ការបង្កើត​ក្រុម Japan Football League ដូច្នេះ​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន ក៏ដូចជា​ក្រុមការងារ​របស់ JFL បាន​ពិភាក្សា​គ្នា បាន​ឯកភាព​ជ្រើសរើស​ក្រុម​មួយចំនួន នៅ​កម្ពុជា ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព​និង​អបអរសាទរ​ខួប ២០​ឆ្នាំ​របស់ JFL តែម្ដង ដែល​តំណាង​ដោយ​ក្រុម​កីឡាករ​ជម្រើស​លី​គ​ទី​៤ របស់​ជប៉ុន​»​។

ក្រុម JFL បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​មួយរយៈ​ហើយ ដោយ​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា (U19) ដោយ​លទ្ធផល​៤​ទល់​០ នៅ​ល្ងាច​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។ គោលដៅ​មក​ប្រទេស​កម្ពុជា​លើកដំបូង​នេះ​ក្រុម​JFL បាន​ណាត់​ក្រុម​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា និង​ក្រុម U19​កម្ពុជា ប្រកួត​មិត្តភាព​មុន​ត្រឡប់​ទៅ​មាតុភូមិ​វិញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu