Ad Code

អ្នកនាំពាក្យ​ថា ប្រទេស​មហាអំណាច​គួរ​កុំ​យក​កម្ពុជា ធ្វើជា​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន



ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា មកដល់ពេលនេះ នៅលើ​ពិភពលោក មានការ​ប្រកួតប្រជែង​មនោគមន៍វិជ្ជា រវាង​មហាអំណាច និង​មហាអំណាច ដើម្បី​ដណ្តើម​យក​ឧត្តមភាព​លើ​ភូមិសាស្ត្រ​នយោបាយ ដើម្បី​យក​ប្រៀប​លើ​ដៃគូ​របស់​ខ្លួន ធ្វើ​ឲ្យ​ប្រទេស​ទន់ខ្សោយ​មួយចំនួន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់ខ្លួន ប៉ុន្តែ​ការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​បរទេស ក៏​អាស្រ័យ​លើ​ជំហរ​របស់​មេដឹកនាំ​ប្រទេស​ទាំងនោះ​ផង​ដែរ ដូច្នេះ​មហាអំណាច​គួរ​កុំ​យក​កម្ពុជា ធ្វើជា​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​។

លោក សុខ ឥសាន លើកឡើង​បែបនេះ បន្ទាប់ពី​មើល​ឃើញ​ថា មាន​មហាអំណាច​ខ្លះ ជាពិសេស​សហរដ្ឋអាមេរិក បាន​ព្យាយាម​ត្រួតត្រា​លើ​ប្រទេស​តូចតាច មាន​កម្ពុជា​ជាដើម ដោយ​ដាក់​លក្ខខណ្ឌ​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​ប្រទេស​ទន់ខ្សោយ​ធ្វើតាម​ខ្លួន ហើយ​បើ​មិន​ធ្វើ​ទេ គេ​អាចដាក់​ការ​គាបសង្កត់​ផ្សេងៗ​។

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន លើកឡើង​យ៉ាងនេះ​ថា “​នៅ​លើ​ពិភពលោក មានការ​ប្រកួតប្រជែង​មនោ​គម​ន៍​វិជ្ជា​រវាង​លោកខាងលិច និង​លោក​ខាងកើត ដើម្បី​ដណ្តើម​យក​ឧត្តមភាព​លើ​ភូមិសាស្ត្រ​នយោបាយ យក​ប្រៀប​លើ​ភាគី​ម្ខាង​ទៀត ដែល​ធ្វើ​ឲ្យ​ប្រទេស​ទន់ខ្សោយ​មួយចំនួន​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​ប្រទេស​ធំ មហាអំណាច ប៉ុន្តែ​ការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​បរទេស ក៏​អាស្រ័យ​លើ​ជំហរ​របស់​មេដឹកនាំ​ប្រទេស​ទាំង​នោះដែរ។ ដូច​ករណី​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាន់ខ្ជាប់​លើ​នយោបាយ​ការបរទេស​អ​ព្យា​ក្រឹត្យ​អចិ​ន្ត្រៃ​យ៍ មិន​ចូលបក្ស​សម្ព័ន្ធ ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ដោយ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​លើ​សកលលោក ដោយ​មិន​ប្រកាន់​ជាតិសាសន៍ ពណ៌​សម្បុរ ជំនឿ​សាសនា និន្នាការ​នយោបាយ និង​មនោ​គម​ន៍​វិជ្ជា ដោយ​ឈរលើ​មូលដ្ឋាន​គោរព​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី​ផង​គ្នា មិន​លូក​ចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា គោរព​គ្នា ស្មើ​សិទ្ធិ ស្មើភាព​គ្នា ក្នុង​នាម​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ អសប ដូចគ្នា​”​។

ទោះ​យ៉ាង​ណា​ក្តី នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ជាមួយ​ប្រទេស​នានា លោក សុខ ឥសាន អះអាង​ថា មាន​ចំណុច​ពិសេស​ដោយឡែកៗ អាស្រ័យ​លើ​នយោបាយ និង​អាកប្បកិរិយា​របស់​ប្រទេស​នីមួយៗ ដូចជា ទី​១- ជាមួយ​ប្រទេស​ចិន គឺជា​មិត្ត​ចាស់ ជា​មិត្ត​ជាទី​ទុកចិត្ត មាន​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ជួយ​គ្នា​នៅ​គ្រប​កាលៈទេសៈ ដើម្បី​ផល​ប្រ​យោ​ជ​ន៍​រួម និង​រៀងខ្លួន​។ ទី​២- ជាមួយ​វៀតណាម ជា​ទំនាក់​ទំនងជា​ប្រពៃណី​ជា​បងប្អូន ភូមិ​ផង​របង​ជាមួយ ជា​ប្រទេសជិតខាង​ល្អ គោរព​គ្នា​ស្មើភាព​គ្នា គោរព​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី​ផង​គ្នា ចេះ​ជួយ​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កាលៈទេសៈ​ជាពិសេស​ពេល​មាន​ទុក្ខ​លំបាក​ឈរ​លើ​ស្មារតី​អន្តរជាតិ​អធន។ ទី​៣- ជាមួយ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ដោយ​ឈរ​លើ​គោលការណ៍​ស្មើ​សិទ្ធិ ស្មើភាព ក្នុងនាម​ជា​សមាជិក អសប ដូចគ្នា ជាពិសេស​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា គោរព និង​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ៩១ តាម​ការសន្យា​។

តាម​លោក សុខ ឥសាន ផ្អែកលើ​មូលដ្ឋាន​ខាងលើ​នេះ កម្ពុជា​រក្សា​សិទ្ធិ​ស្វ័យ​សម្រេច​របស់ខ្លួន​នូវ​នយោបាយ​ការបរទេស​ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ មិនអាច​ចោទ​ថា កម្ពុជា​លំអៀង​ទៅ​ខាង​នេះ ខាង​នោះ បានជា​ដាច់ខាត។ ប្រទេស​ណា​មាន​នយោបាយ​ការបរទេស​យ៉ាងណា ជា​រឿង​របស់​គេ កម្ពុជា​មិន​លូកដៃ​ចូល​ឡើយ កុំ​ឲ្យ​តែ​គេ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ពីព្រោះ​កម្ពុជា​ធ្លាប់​បាន​ឆ្លងកាត់​ដំណាក់កាល​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​រួច​មក​ហើយ​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​ទើប​រកបាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​អភិវឌ្ឍ​ន៍​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន​ដូច​សព្វថ្ងៃ ដូច្នេះ​សុំ​តែ​សេចក្តី​សុខ​ប៉ុណ្ណោះ ហើយ​ប្រទេស​មហាអំណាច​គួរ​កុំ​ចូលចិត្ត​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា កុំ​ចង់​យក​កម្ពុជា ធ្វើជា​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu