Ad Code

ក្រសួង​ការងារ​អំពាវនាវ​ឲ្យ​និយោជក​ទាំងអស់ ​បើកទូលាយ​ឲ្យ​ក្រុមអធិការកិច្ច​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​សំណង់



ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​ឲ្យ​និយោជក​ទាំងអស់​បើក​ទូលាយ​ឲ្យ​ក្រុម​អធិការកិច្ច​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​សំណង់​ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ដល់ក​ម្មករ​នៅ​ក​ន្លែង​ធ្វើការ​កាន់តែ​ល្អ​ប្រសើរ។

លោក ឡេង តុង ទីប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជា​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​បាន​ស្នើ​ឲ្យ​ឲ្យ​និយោជក​ទាំងអស់​បើកទូលាយ​ឲ្យ​ក្រុម​អធិការកិច្ច​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​សំណង់​ និង ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​កម្មករ​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ទៀត​ទាក់ទង​នឹង​សុវត្ថិភាព​ការងារ​សំដៅ​ឈាន​ទៅ​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោក​បាន​មានប្រសាសន៍ថា ​ការ​បញ្ជ្រាប​ចំណេះដឹង​ដល់​កម្មករ​សំណង់​នេះ​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជួយ​ជំរុញ​ឲ្យ​ការងារ​ឲ្យ​បាន​លឿន​ឆាប់រហ័ស​ផងដែរ​។

លោក​បាន​បន្ត​ថា ​បច្ចុប្បន្ន​វិស័យ​សំណង់​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដោយ​កម្មករ​ត្រូវ​ធ្វើការ​នៅ​តាម​អគារ​ខ្ពស់ៗ​និង​មានការ​លើកដាក់​អីវ៉ាន់​ធ្ងន់ៗ​ហើយ កន្លងមក​មាន​កម្មករ​មួយចំនួន​រង​របួស​ហើយ​ខ្លះទៀត​ មាន​គ្រោះថ្នាក់​រហូតដល់​អាយុជីវិត​ដោយសារតែ​ធ្លាក់​ពីលើ​អគារ​និង​សំណង់​ផ្សេងៗ​។



​លោក ឡេង តុង​បាន​បញ្ជាក់​ថា ​«​បញ្ហា​ប្រឈម​មួយ​ដែល​លំបាក​នោះ​គឺ​និយោជក​មួយចំនួន​តូច​មិនបាន​សហការ​ល្អ​ដោយ​មិនបាន​អនុញ្ញាត​ឲ្យ​មានការ​បណ្តុះបណ្តាល​ដល់​កម្មករ​ទេ​ដោយសារ​គាត់​ខ្លាច​ប៉ះពាល់​ដល់​ការងារ​ពួកគាត់​ តែ​បើសិនជា​យើង​បាន​បណ្តុះបណ្តាល​ដល់​ពួកគាត់​នឹង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​មាន​អត្រា​ខ្ពស់​»​។

លោក​បណ្ឌិត​អ៊ិត ​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្លាប់​បាន​មានប្រសាសន៍ថា ក្រសួង នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ក៏ដូចជា​គោលនយោបាយ​ផ្សេងៗ​ទៀត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ការងារ ក្នុង​វិស័យ​សំណង់ ក្នុង​ការ​ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យនេះ។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ វិស័យ​សំណង់​នៅ​កម្ពុជា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​វិស័យ​សំណង់​ត្រូវបាន​ចាត់ទុកជា​វិស័យ​មួយ​ ដែល​មាន​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស និង​ជា​សក្ដានុពល​ធំ​មួយ​សម្រាប់​សេដ្ឋកិច្ចជាតិ និង​បាន​ស្រួប​ទាញ​នូវ​ការ​វិនិយោគ ទាំង​ក្នុង​និង​ក្រៅប្រទេស ពិសេស​កម្លាំង​ពលកម្ម​បម្រើ​លើ​វិស័យ​នេះ​កាន់តែ​ច្រើនឡើងៗ ដែល​ទាមទារ​ឲ្យ​មាន​ការ​គិតគូរ​ទៅលើ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ និយោជិត លើ​ផ្នែក អនាម័យ សន្តិសុខ និង​សុវត្ថិភាព​ការងារ។

លោក ស៊ីវ ផេង អគ្គលេខាធិការ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ការ​អនុញាតិ​ឲ្យ​ក្រុម​អធិការកិច្ច​ក្រសួង​ការងារ​ចុះ​តាម​ការដ្ឋាន​សំណង់​នេះ​ពិតជា​ល្អ​ប្រសើរ​ ព្រោះ​បាន​ជួយ​ឲ្យ​កម្មករ​ដែល​ធ្វើការ​នៅ​តាម​ការដ្ឋាន​សំណង់​ទទួល​បាន​សុខភាព​និង​សុវត្ថិភាព​បាន​ល្អ ​ខណៈ​បច្ចុប្បន្ន​វិស័យ​សំណង់​កំពុង​មាន​ការ​រីក​ដុះដាល​ខ្លាំង។

យ៉ាងណាក៏ដោយ លោក​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ត្រូវ​ជួយ​ការពារ​សុ​វត្តិភាព​ដល់​កម្មករ​ឲ្យ​បានល្អ​ពិសេស​ត្រូវ បណ្តុះបណ្តាល​ដល់ក​ម្មក​រ​ជា​មុន​សិន ​មុន​ចូល​ធ្វើការ​ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​ពី​របៀប​ពាក់មួក​សុវត្ថិ​ភាព ស្រោម​ដៃ ស្រោមជើង​និង​សុវត្ថិភាព​ការងារ​នៅ​អគារ​ខ្ពស់ៗ​ជាដើម​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​ពេល​អនុវត្ត​ការងារ​ផ្ទាល់​នៅតាម​ការដ្ឋាន​សំណង់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu