Ad Code

លទ្ធផល​ផ្លូវការ ​៖​ មានតែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ ដែល​ទទួល​បាន​អាសនៈ​នៅក្នុង​រដ្ឋសភា



ភ្នំពេញ ​៖ លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨ ត្រូវបាន​ប្រកាស​ហើយ នាយប់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្នុងនោះ គណបក្ស​ដែល​ទទួលបាន​សំឡេង​នាំមុខគេ ឬ​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នោះ គឺ​មានតែ​គណបក្ស​មួយ​ប៉ុណ្ណោះ គឺជា​គណបក្ស ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​។

តាម​តារាង​លទ្ធផល ដែល​ផ្សព្វផ្សាយ​ដោយ គ​.​ជ​.​ប គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​២០​នោះ គណបក្ស “​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី​២០ ទទួលបាន​សំឡេង​គាំទ្រ​៤៨៨៩១១៣ សំឡេង ដោយ​ទទួលបាន​ស្មើ​១២៥ អាសនៈ​តែម្តង​។ ចំណែក​គណបក្សនយោបាយ​ចំនួន​១៩​ទៀត រួមមាន​៖ គណបក្ស “​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​” លេខ​រៀង​ទី​១ ទទួលបាន​សំឡេងគាំទ្រ​៩៩.៣៧៧​សំឡេង , គណបក្ស “​គណបក្ស​មាតុភូមិ​យើង​” លេខ​រៀង​ទី​២​ទទួលបាន​សំឡេងគាំទ្រ​៩.១៧៤​សំឡេង​, គណបក្ស “​គណបក្ស​ពន្លឺ​ថ្មី​” លេខ​រៀង​ទី​៣ ទទួលបាន​សំឡេងគាំទ្រ​១៣.៥០៩​សំឡេង​, គណបក្ស “​សញ្ជាតិ​កម្ពុជា​” លេខ​រៀង​ទី​៤ ទទួលបាន​សំឡេងគាំទ្រ​៤៥.៣៧០​សំឡេង​, គណបក្ស “​ខ្មែរ​ក្រោក​” លេខ​រៀង​ទី​៥ ទទួលបាន​សំឡេងគាំទ្រ​២២.០០២​សំឡេង​, គណបក្ស “​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៦ ទទួលបាន​សំឡេងគាំទ្រ​៥៦.០២៤​សំឡេង​, គណបក្ស “​ប្រជាធិបតេយ្យ​មូលដ្ឋាន​” លេខ​រៀង​ទី​៧ ទទួលបាន​សំឡេងគាំទ្រ​៧០.៥៦៧​សំឡេង​, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៨ ទទួលបាន​សំឡេងគាំទ្រ​៨.៥៩១​សំឡេង​, គណបក្ស “​រស្មី​ខេមរា​” លេខ​រៀង​ទី​៩ ទទួលបាន​សំឡេងគាំទ្រ​៤.២១២​សំឡេង​, គណបក្ស “​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​១០ ទទួលបាន​សំឡេងគាំទ្រ​៣០៩.៣៦៤​សំឡេង​, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​” លេខ​រៀង​ទី​១១ ទទួលបាន​សំឡេងគាំទ្រ​៤១.៦៣១​សំឡេង​, គណបក្ស “​ខ្មែរ​ឈប់​ក្រ​” លេខ​រៀង​ទី​១២ ទទួលបាន​សំឡេងគាំទ្រ​៥៥.២៩៨​សំឡេង​, គណបក្ស “​​ហ៊្វុនស៊ិនប៉ិច​” លេខ​រៀង​ទី​១៣ ទទួល​បាន​សំឡេង​គាំទ្រ​៣៧៤.៥១០​សំឡេង​, គណបក្ស “​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​” លេខ​រៀង​ទី​១៤ ទទួលបាន​សំឡេង​គាំទ្រ​២៣.២៥៥​សំឡេង​, គណបក្ស “​យុវជន​កម្ពុជា​” លេខ​រៀង​ទី​១៥ ទទួល​បាន​សំឡេង​គាំទ្រ​៣៩.៣៣៣​សំឡេង​, គណបក្ស “​ធម្មាធិបតេយ្យ​” លេខ​រៀង​ទី​១៦ ទទួល​បាន​សំឡេង​គាំទ្រ​២៩.០៦០​សំឡេង​, គណបក្ស “​ឆន្ទៈ​ខ្មែរ​” លេខ​រៀង​ទី​១៧ ទទួល​បាន​សំឡេង​គាំទ្រ​២១២.៨៦៩​សំឡេង​, គណបក្ស “​ជន​ជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​” លេខ​រៀង​ទី​១៨ ទទួល​បាន​សំឡេង​គាំទ្រ​១០.១៩៧​សំឡេង​, គណបក្ស “​ខ្មែរ​តែមួយ​” លេខ​រៀង​ទី​១៩ ទទួល​បាន​សំឡេងគាំទ្រ​៤៨.៧៨៥ សំឡេង ហើយ​គណបក្ស​ទាំង​១៩​នេះ មិន​ទទួលបាន​អាសនៈ​ទេ។​

សូមបញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចូលរួម ហើយ​ជា​លទ្ធផល មាន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ចំនួន​៦.៩៤៦.១៦៤​នាក់ ដែល​ស្មើនឹង​៨២,៨៩ ភាគរយ នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​៨.៣៨០.២១៧​នាក់​។ ក្រោយ​ការបោះឆ្នោត​ភ្លាម អ្នកសង្កេតការ​ណ៏​ជាតិ អន្តរជាតិ​បាន​វាយ​តម្លៃ​ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បានបញ្ចប់​ក្រោម​បរិយាកាស​ល្អ រលូន ត្រឹមត្រូវ សេរី និង​យុត្តិធម៌ និង​មាន​ការគោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស គ្មាន​ការបង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ មាន​សណ្ដាប់ធ្នាប់​ល្អ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu