ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា ក្នុងខណៈដែលដំណើរការលទ្ធិប្រជាធិបតេយ្យ បាននិងកំពុងរីកចម្រើន និងមានសក្តានុពលនោះ មានតែពង្រឹងថែម និងធានាការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដូច្នេះគ្មានទេ ការសម្របសម្រួលនយោបាយ ដើម្បីឲ្យអ្នកប្រព្រឹត្តល្មើសច្បាប់បានរួចខ្លួននោះ ហើយរាល់ឧបាយកល និងចេតនាចង់ឲ្យមានដំណោះស្រាយនយោបាយនៅក្នុងកម្ពុជា គឺជាការចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លោក សុខ ឥសាន លើកឡើងបែបនេះថា “នៅពេលដែលចាញ់ហៅមិនឮ ក្នុងឧបាយកលរបស់ខ្លួន ស្រាប់តែទណ្ឌិត សម រង្សី បែរជាមកដាក់លក្ខខណ្ឌឲ្យអ្នកឈ្នះ ធ្វើតាមខ្លួនទៅវិញ ទើបអាចមានរបស់ហៅថាការចរចានយោបាយនោះ។ សួរថា អ្នកណាចង់ចរចា ? ក្នុងខណៈដែលដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាននិងកំពុងរីកចម្រើន និងមានសក្តានុពលនោះ មានតែពង្រឹងថែម និងធានាការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។ ដូច្នេះគ្មានទេ ការសម្របសម្រួលនយោបាយ ដើម្បីឲ្យអ្នកប្រព្រឹត្តល្មើសច្បាប់បានរួចខ្លួននោះ។ រាល់ឧបាយកល និងចេតនាចង់ឲ្យមានដំណោះស្រាយនយោបាយនៅក្នុងកម្ពុជា គឺជាការចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងចង់ដាក់ជំនួសដោយវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជាតែប៉ុណ្ណោះ ដែលមិនអាចនឹងកើតមានឡើងជាដាច់ខាត សូមមជ្ឈដ្ឋានប្រឆាំងទាំងឡាយកុំស្រមើស្រមៃឲ្យសោះ”។
លោក សុខ ឥសាន បញ្ជាក់ដែរថា “គឺទណ្ឌិតសម រង្សី និងក្រុមឧទ្ទាមក្រៅច្បាប់ទេ ដែលបានបំផ្លាញម្តងហើយម្តងទៀតនូវវប្បធម៌សន្ទនា ដែលធ្វើឲ្យមានការបិទផ្លូវចរចានយោបាយនៅកម្ពុជានោះ តាមរយៈអំពើល្មើសច្បាប់ធ្ងន់ធ្ងរមិនអាចអត់ឱនឲ្យបាន។ ដូច្នេះ ការដែលទណ្ឌិត សម រង្សី និងក្រុមឧទ្ទាមក្រៅច្បាប់បានធ្លាក់មកដល់ស្ថានភាពបែបនេះ គឺមកពីលទ្ធផលនៃនយោបាយប្រទូសរ៉ាយរបស់ខ្លួនចំពោះផលប្រយោជន៍ជាតិ និងប្រជាជន ដែលពួកគេបានចិញ្ចឹមទុកជាយូរមកហើយនោះ”។
តាមលោក សុខ ឥសាន បណ្តាលទ្ធផលទាំងនោះ រួមមាន ទី១- បានខ្ទាតចេញពីប្រទេសទៅរស់នៅនិរទេសឯនាយសមុទ្រយ៉ាងកណ្ដោចកណ្ដែង ទី២- បាត់ជំនឿទាំងស្រុងពីប្រជាជនកម្ពុជា មួយចំនួនដែលធ្លាប់គាំទ្រពីមុន ទី៣- ទទួលបរាជ័យទាំងស្រុងចំពោះចេតនាចង់បំផ្លាញការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ទី៤- ជីវិតនយោបាយ ត្រូវងាប់តៃហោងជាស្ថាពរ ទោះបីខិតខំស្រែកដង្ហោយរកការសង្គ្រោះយ៉ាងណា ក៏ឥតបានការដែរ៕
Source: Kampuchea Thmey Daily
0 Comments