Ad Code

អំណាច​​​ជំនន់​​​ទឹកភ្លៀង​ វាយប្រហារ​​​ស្រុក​វាលវែង​ ​​លេប​ត្របាក់​អស់​៦​ខ្នង​ផ្ទះ​ និង​សត្វពាហនៈ​មួយ​ចំនួន



ពោធិ៍សាត់ ​៖​ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​ផ្ទះ ត្រូវ​បាន​​​ជំនន់​​​​​ទឹកភ្លៀង​ ហូរ​ជន់​លិច​ខូច​ទាំងស្រុង ​និង​ខូច​ផ្ទះ​មួយ​ខ្នង​ទៅតាម​ទឹក ​និង​សត្វពាហនៈ​មួយចំនួន តែ​មនុស្ស​ពុំ​មាន​គ្រោះថ្នាក់​ឡើយ ដោយសារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​វេលា​ម៉ោង​២​និង​៤៤​នាទី​ ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​ក្រុមហ៊ុន​MDS(1) ស្ថិត​នៅក្នុង ភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

លោក ហេង សុភា​ណា អភិបាល​នៃ​គណៈ​អភិបាលស្រុក​វាលវែង​បាន​ឲ្យ​ដឹង​ថា ភ្លៀង​នៅ​ស្រុក​វាលវែង បាន​ធ្លាក់​ខ្លាំង​ត​យប់​ត​ថ្ងៃ​ជាប់​គ្នា​ច្រើន​ថ្ងៃ​ហើយ បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ហូរ​ចូល​ពេញ​ជ្រោះ ​អូរ​ស្ទឹង និង​ហូរ​ទៅ​សមុទ្រ​ខ្លះ។

លោក​បន្តថា ស្រាប់តែ​នៅ​ថ្ងៃកើតហេតុ​ខាងលើ វេលា​ម៉ោង​២​និង​៤៤​នាទី​រសៀល ​​ជំនន់​​​​​ទឹកភ្លៀង​នេះ បាន​ហូរ​ហក់​ឡើង​កម្ពស់​ខ្ពស់​ខ្លាំង​នៃ​ក្បាល​ស្ទឹង​ពោធិ៍សាត់ ជាពិសេស​ត្រង់​ម្ដុំ​ហេតុកាណ៍​ខាង​លើ។ គឺ​អំណាច​ទឹកជំនន់​ដោយ​ទឹកភ្លៀង​នេះ ​បាន​ហូរ​ជន់​លិច​ផ្ទះសម្បែង​ពលរដ្ឋ ​ខូចខាត​ទាំងស្រុង​ចំនួន​៦​ខ្នង​ផ្ទះ ក្នុង​នោះ​ ចំនួន​៣​ខ្នង​ផ្ទះ​ បាន​បាត់បង់​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទៅ​តាម​ទឹក​គ្មាន​សល់ ហើយ​១​ខ្នង​ផ្ទះ ​ត្រូវ​ទឹក​ជន់​លិច​ហូរ​កួច​ទៅ​ទាំងអស់ ព្រមទាំង​សត្វ ( ពាហនៈ​) របស់​ពលរដ្ឋ​ ក៏​ហូរ​តាម​ទឹក​មួយចំនួន​ដែរ។

លោក ហេង សុភា​ណា អភិបាល​ស្រុក​វាលវែង​បាន​បញ្ជាក់ថា ដោយឡែក​មនុស្ស​ទាំង​៦​គ្រួសារ​នោះ​ពុំ​មាន​គ្រោះថ្នាក់​ឡើយ ​ដោយសារ​​​អាជ្ញាធរ​យើង​ជាមួយ​សមត្ថកិច្ច​នាន​ជួយសង្គ្រោះ​ទាន់ពេល ហើយ​លោក​ក៏​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ ​​​​​​​​ជាប់​ដងស្ទឹង​ពោធិ៍សាត់​ខាង​ស្រុក​ភ្នំក្រវាញ ក្រុង​ពោធិ៍សាត់ និង ស្រុក​កណ្ដៀង ​មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់​ផង។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ លោក អភិបាលស្រុក​បាន​យក​អំណោយ​សាខា​កាកបាទក្រហម ​ជំនួយ​ជាបន្ទាន់​ និង​ជាបឋម​ដល់​គ្រួសារ​រងគ្រោះ​នេះ​ហើយ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu