Ad Code

វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​ប្តេជ្ញា “​កម្ចាត់​” រាល់​ផែនការ​ បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើឃាត​លោក Maduro



អាជ្ញាធរ​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា ​បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ចន្ទ​ថា ​នឹង​កម្ចាត់​ផែនការ​ណា​ដែល​ប្រឆាំង នឹង​លោក​ប្រធានាធិបតី Nicolas Maduro បន្ទាប់ពី​អ្វីដែល​ពួកគេ​និយាយថា ជាការ​ប៉ុនប៉ង “​ធ្វើឃាត​” ដោយ​ប្រើ​យន្តហោះ​ដ្រូ​ន​កាលពី​ចុង​សប្តាហ៍​ដែល​គាំទ្រ​ដោយ​ប្រទេស កូ​ឡុំ​ប៊ី​។​

ការចោទប្រកាន់​មួយ​ដោយ​លោក Maduro ដែលថា សម​ភាគី​កូ​ឡុំ​ប៊ី​លោក Juan Manuel Santos នៅ​ពីក្រោយ​ឧបទ្ទវ​ហេតុនេះ​បានធ្វើ​ឲ្យ​ទំនាក់ទំនង​ដែល​អាក្រក់​រួចទៅហើយ​រវាង​ទីក្រុង Caracas និង Bogota កាន់តែ​យ៉ាប់យ៉ឺន​បន្ថែមទៀត​។​

លោក Santos ដែល​បានប្រគល់​អំណាច​ទៅ​ឲ្យ​អ្នក​ស្នង​តំណែង​គឺ​លោក Ivan Duque នៅ​ថ្ងៃ​អង្គារ​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​យ៉ាង​ដាច់អហង្ការ​។ រដ្ឋាភិបាល​របស់លោក​បានចាត់ទុក​វា​ថា “​មិន​សម​ហេតុផល​ទាល់តែសោះ​”​។​

លោក Maduro និង​រដ្ឋាភិបាល​របស់​លោក​បាន​និយាយថា លោក​ប្រធានាធិបតី​ត្រូវបាន​កំណត់​គោលដៅ​ដោយ​ដ្រូ​ន​ចំនួន​ពីរ​គ្រឿង​ដែលមាន​ផ្ទុក​គ្រឿងផ្ទុះ​។ ប៉ុន្តែ​ព័ត៌មាន​លម្អិត​នៃ​ឧបទ្ទវ​ហេតុនេះ​នៅតែ​មិន​ច្បាស់លាស់​ឡើយ​ដោយមាន​ព័ត៌មាន​ផ្ទុយៗ​គ្នា​ចេញពី​ប្រភព​ផ្សេងៗ​។​

រដ្ឋបាល​លោក Maduro បាន​បន្ទោស​ការវាយប្រហា​រ​នេះ​លើ​ប្រទេស​កូ​ឡុំ​ប៊ី​ដោយ​ធ្វើការ​ជាមួយ​ក្រុមប្រឆាំង​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​ហើយ​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​បុគ្គល​មិន​បញ្ចេញ​ឈ្មោះ​នៅក្នុង​រដ្ឋ Florida របស់​សហរដ្ឋអាមេរិក​។​

ទោះបីជា​យ៉ាងណាក៏ដោយ គ្មាន​ភ័ស្តុតាង​ណាមួយ​ត្រូវ​បានផ្តល់​ឲ្យ​ដើម្បី​គាំទ្រ​ការចោទប្រកាន់​នេះ​ទេ​។

អ្នក​រិះគន់​លោក Maduro បាន​និយាយថា ពួកគេ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​នឹង​បង្កើន​ការបង្ក្រាប​លើ​គណបក្សប្រឆាំង​និង​ក្រុម​ជន​ប្រឆាំង​។​

អគ្គមេធាវី​របស់​ប្រទេស​វ៉េ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Tarek William Saab បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា ជនសង្ស័យ​ជាច្រើន​នាក់​កំពុង​ជាប់ឃុំ​ឃាំង​ហើយ​អាជ្ញាធរ​នឹង​តាមដាន​អស់អ្នក​ដែល​ឃុបឃិត​ប្រឆាំងនឹង​សន្តិភាព​សាធារណៈ​។​

លោក​បាន​ហៅ​ការវាយប្រហារ​ដោយ​ដ្រូ​ន​នេះ​ថា​ជា “​ការប៉ុនប៉ង​សម្លាប់​រង្គាល​”​។​

លោក Saab បាន​និយាយថា “​សូម​ឲ្យ​ទង្វើ​នេះ​កម្ចាត់​រាល់​ការប៉ុនប៉ង​ដ៏​ឃោរឃៅ​ដែល​គំរាមកំហែង​ដល់​សន្តិភាព​”​។​

អគ្គមេធាវី​រូបនេះ​បាន​បន្ថែមថា ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែងកើតហេតុ​ដែល​បាន​បញ្ជា​ដ្រូ​ន​មួយគ្រឿង​ចេញពី​រថយន្ត​មួយគ្រឿង​នៅ​ជិត​ក្បួនព្យុហយាត្រា​។​

លោក​មិនបាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ណាមួយ​ទេ​ប៉ុន្តែ​បាន​និយាយថា “​ការតភ្ជាប់​អន្តរជាតិ​ត្រូវបាន​បង្កើតឡើង​”៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu