Ad Code

កម្ពុជា​ស្នើ​ឱ្យ​សហព័ន្ធ​កីឡា​បី​យ៉ា​កូរ៉េ ជួយ​ជា​ជំនួយ​បច្ចេកទេស និង​ឧបករណ៍​ដល់​សហព័ន្ធ​កីឡា​ស្នូកឃ័រ​កម្ពុជា ខណៈ​កីឡា​ប្រភេទ​នេះ​មិនទាន់​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា



ភ្នំពេញ​ ៖ ​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លោក ឡុង ឌី​ម៉​ង់​និង​លោក វ៉ា​ត់ ចម្រើន ​បាន​ស្នើ​ឱ្យ​សហព័ន្ធ​កីឡា​បី​យ៉ា​កូរ៉េ ជួយ​ជា​ជំនួយ​បច្ចេកទេស និង​ឧបករណ៍​សម្ភារៈ​ផ្សេងៗ​ទៀត ដល់​សហព័ន្ធ​កីឡា​ស្នូកឃ័រ​កម្ពុជា​ដោយ​ហេតុ​តែ​កីឡា​ប្រភេទ​នេះ ​នៅ​កម្ពុជា​មិនទាន់​រីកចម្រើន​ខ្លាំង​នៅឡើយ។

ការ​ស្នើសុំ​បែបនេះ​របស់​លោក ឡុង ឌី​ម៉​ង់​និង​លោក វ៉ា​ត់ ចម្រើន បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ នេះ ខណៈ​ដែល​លោក ឯកអគ្គរាជទូត​កម្ពុ​ជា រួម​ជាមួយ​លោក វ៉ា​ត់ ចម្រើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោក Samhyun Nam ប្រធាន​សហព័ន្ធ​កីឡា​បី​យ៉ា​កូរ៉េ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា បី​យ៉ា​ខា​រ៉ុ​ម (Carom Billiard) អាស៊ី។

ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​កូរ៉េ សូម​អបអរសាទរ បន្ទាប់ពី ជាប់​ជា​កីឡាការិនី​ជម្រើសជាតិ និង​ជា​សមាជិក​សហព័ន្ធ​កីឡា​ស្នូកឃ័រ​របស់​កម្ពុជា ពេលនេះ​កីឡាការិនី​ស្រួ​ង ភា​វី បាន​ពេញ​សិទ្ធ​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​ពានរង្វាន់​ពិភពលោក​ឆ្នាំ​២០១៨​ជា​លើកដំបូង​ហើយ។

គួរ​បញ្ជាក់​ផងដែរ​ថា កីឡាការិនី ស្រួ​ង ភា​វី ជម្រើសជាតិ​កម្ពុជា និង​ជម្រើសជាតិ​ជប៉ុន និង​កូរ៉េ នឹង​តំណាង​ឲ្យ​កីឡាការិនី​អា​ស៊ី ដើម្បី​ទៅ​ចូលរួម​ការប្រកួត​ពិភពលោក​នៅ​ចុងខែ​កញ្ញា​នេះ នៅ​ប្រទេស​ទួរគី​។ ហើយ​បើតាម​ការបន្ថែម​របស់​លោក វ៉ា​ត់ ចម្រើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​អូឡាំពិក នៅ​ឆ្នាំ​២០២៣ ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា Asian Games នឹង​បន្ថែម​វិញ្ញាសា​កីឡា​ស្នូកឃ័រ សម្រាប់​ការប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ​នៅ​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu