Ad Code

ក្រុម​Down Town Sport FC ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨ ក្រោយ​បំបាក់​ស.ស​.​យ​.​ក កំចាយមារ



ក្រុមបាល់ទាត់ Down Town Sport FC បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​លី​គ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨ (National Futsal League 2018) ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោយ​បញ្ចប់​ការប្រកួត​នៅល្ងាច​ថ្ងៃ​សៅរ៍ ទី​១៨ ខែសីហា ឆ្នាំ​២០១៨​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។

សូម​ជម្រាប​ជូន​ពី​លទ្ធផល​សរុប​នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​ គឺ​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​ទី​៣ បាន​ទៅ​ក្រុម​ឱ​ម៉ា​ល់ ក្រោយ​យកឈ្នះ​ក្រុម Home Sport ៨​ទល់​២ ខណៈ​ជើងឯក​បាន​ទៅ​ក្រុម​Down Town Sport​ក្រោយ​ឈ្នះ​លើ​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ៥​ទល់​៣​។



ចំណែក​ពានរង្វាន់​ឯកត្តជន មានដូចជា ញឹក ថា​លីដា ល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍ អម​ដោយ​ទឹកប្រាក់​លើកទឹកចិត្ត​១​លាន​រៀល ហើយ​អ្នកចាំទី គឹម លី​ហៀ​ង របស់ Down Town Sport ឈ្នះ​បាន​ពានរង្វាន់​អ្នកចាំទី​ល្អ​ជាងគេ ខណៈ​អ្នក​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​គឺ​កីឡាករ អ៊ឹង ស្លូត របស់​ក្រុម Fan Sport FT ឈ្នះ​បាន​ស្បែកជើង​មាស​និង​ទឹកប្រាក់​១​លាន​រៀល​។ កីឡាករ​មាន​ម៉ូដ​សក់​ស្អាត​ជាងគេ​គឺ​កីឡាករ អោក ចាន់​សេរី​វង្ស របស់​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ​។ គ្រូ​ល្អ​ជាងគេ​បាន​ទៅ​លោក ជ័យ ចាន់​រតនា របស់​ក្រុម Down Town Sport FC បាន​ពានរង្វាន់​១​អមដោយ​ទឹកប្រាក់​១​លាន​រៀល​។

ចំណែក​ក្រុម Fair Play បាន​ទៅ​ក្រុម​ឱ​ម៉ា​ល់ ទទួលបាន​ពានរង្វាន់​១​អម​ដោយ​ប្រាក់រង្វាន់​៣លាន​រៀល ហើយ​ក្រុម Home Sport ឈ្នះ​លេខ​៣​បាន​មេដាយ​កិ​ត្ត​យស​អម​ដោយ​ទឹកប្រាក់​៥​លាន​រៀល ហើយ​ក្រុម​ឱ​ម៉ា​ល់ ឈ្នះ​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​មេដាយ​សំរឹទ្ធ​ម្នាក់​១ អម​ដោយ​ទឹកប្រាក់​១០​លាន​រៀល​។ ក្រុម​លេខ​២​គឺ​ស​.​ស​.​យ​.​ក កំចាយមារ ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់​១​និង​ទឹកប្រាក់​លើកទឹកចិត្ត​ចំនួន​១៥​លាន​រៀល​។ ក្រុម​ជើងឯក​Down Town Sport ទទួលបាន​មេដាយមាស​ម្នាក់​១ ពានរង្វាន់​១ និង​ទឹកប្រាក់​៣០​លាន​រៀល​។



សូម​រំលឹក​ថា ​ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ​ធ្វើឡើង​ពី​ថ្ងៃ​ទី​០៣ ខែ មិនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈ​ភាគច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​មាន​ក្រុម​ជា​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ចំនួន​៤​ក្រុម (Top4) ត្រូវ​ឡើង​ទៅ​ប្រកួត​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​រដូវ​កាល​៕​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu