Ad Code

ចក្រភព​អង់គ្លេស​ជំរុញ EU ឲ្យ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​ប្រឆាំង​រុស្ស៊ី



នៅ​ថ្ងៃ​អង្គារ ប្រទេស​អង់គ្លេស​បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប (EU) បង្កើន​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​ដោយ​និយាយ​ថា ប្លុក​មួយ​នេះ​ត្រូវតែ​ឈរ​ជាមួយ​សហរដ្ឋអាមេរិក​ដែល​បាន​វាយប្រហារ​ទីក្រុង​មូ​ស្គូ​ជាមួយនឹង​ការទប់ស្កាត់​សេដ្ឋកិច្ច​ថ្មី​នៅ​ខែ​នេះ​។​

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Jeremy Hunt បាន​និយាយថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បានធ្វើ​ឲ្យ​ពិភពលោក​ក្លាយជា “​កន្លែង​កាន់តែ​គ្រោះថ្នាក់​” ហើយ​ថា បន្ទាប់ពី​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅក្នុង​ប្រទេស​អង់គ្លេស សហភាព​អឺរ៉ុប​គួរតែ​ដាក់​សម្ពាធ​បន្ថែមទៀត​ដើម្បី​ធានា​ឲ្យ​ប្រទេស​រុស្ស៊ី​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​អន្តរជាតិ​។​

លោក Hunt បាន​ប្រាប់​ទស្សនិកជន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​សុន្ទរកថា​សំខាន់​លើកដំបូង​របស់លោក​ចាប់តាំងពី​ការតែងតាំង​របស់លោក​នៅក្នុង​ខែកក្កដា​ថា “​ថ្ងៃនេះ ចក្រភព​អង់គ្លេស​ស្នើសុំ​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ប​ន្ត​ទៅមុខទៀត​ដោយ​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ធានាថា ការដាក់ទណ្ឌកម្ម​រប​ស់​ខ្លួន​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​គឺមាន​លក្ខណៈ​ទូលំទូលាយ​ហើយ​ថា យើង​ត្រូវ​ក្រោកឈរ​ជាមួយ​សហរដ្ឋអាមេរិក​”​។​

ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​បាន​ស្តីបន្ទោស​ប្រទេស​រុស្ស៊ី​ចំពោះ​ការវាយប្រហារ​ដោយ​សារធាតុ​បំផ្លាញ​សរសៃប្រសាទ​ប្រឆាំងនឹង​អតីត​ចារកម្ម​របស់​រុស្ស៊ី​នៅ​ទីក្រុង Salisbury នៃ​ប្រទេស​អង់គ្លេស​កាលពីដើម​ឆ្នាំនេះ​។ ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បដិសេធ​ការចូលរួម​។​

កាលពី​ដើមខែ​នេះ សហរដ្ឋអាមេរិក​បាន​លើកឡើង​អំពី​ឧប្បត្តិហេតុ​នៅ​ទីក្រុង Salisbury ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​។ វា​បាន​សន្យាថា នឹងមាន​វិធានការ​បន្ថែមទៀត​លុះត្រាតែ​រុស្ស៊ី​ផ្តល់នូវ​ការធានា​ដែល​អាច​ជឿជាក់​បាន​ថា ខ្លួន​នឹង​លែង​ប្រើ​អាវុធ​គីមី​ទៀតហើយ​។​

ចក្រភព​អង់គ្លេស​កំពុង​ត្រៀមខ្លួន​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ឆ្នាំក្រោយ​ប៉ុន្តែ​គោលនយោបាយ​ដាក់ទណ្ឌកម្ម​របស់ខ្លួន​កំពុង​ត្រូវ​បានកំណត់​នៅ​ទីក្រុង​ប្រ៊ុ​ស​សែ​ល​។ នាពេល​ថ្មីៗ​នេះ សហភាព​អឺរ៉ុប​បាន​ឯកភាព​ដាក់ទណ្ឌកម្ម​ជាថ្មី​ប្រឆាំងនឹង​រុស្ស៊ី​ទាក់ទង​នឹង​ការ​កាត់​យក​ឧបទ្វីប Crimea និង​សកម្មភាព​នៅក្នុង​តំបន់​នេះ​។​

លោក Hunt ដែល​បាន​កាន់តំណែង​ជំនួស​លោក Boris Johnson ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​កាលពី​ខែកក្កដា​គឺ​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo និង​មន្ត្រី​អាមេរិក​ដទៃទៀត​នៅ​ថ្ងៃ​ពុធ​ហើយនឹង​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu