ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិជិតចប់អាណត្តិលោក Zeid Ra'ad Al Hussein បានថ្លែងកាលពីថ្ងៃចន្ទថា “មានវិធីតែមួយគត់ដើម្បីធ្វើការងារនេះ”។ លោកបានជំរុញឲ្យអ្នកស្នងតំណែងរបស់លោកកុំអើពើពីការថ្កោលទោសសាធារណៈចំពោះការរំលោភបំពានធ្ងន់ធ្ងរ។
លោក Zeid ដែលនឹងចុះចេញពីតំណែងជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅចុងខែនេះបាននិយាយថា “យើងកុំស្ថិតនៅក្នុងភាពស្ងៀមស្ងាត់នៅទីនេះ”។
លោក Zeid ដែលជាសមាជិកនៃក្រុមគ្រួសាររាជវង្សហ្សកដានីបានកោតសរសើរស្ត្រីដែលត្រូវបានជ្រើសតាំងជំនួសលោកគឺអតីតប្រធានាធិបតីឈីលីលោកស្រី Michelle Bachelet ។
ប៉ុន្តែក្នុងអំឡុងពេលស្វែងរកអ្នកស្នងតំណែងរបស់គាត់ អ្នកការទូតនិងអ្នកឯកទេសរបស់អង្គការសហប្រជាជាតិមួយចំនួនបានបញ្ជាក់ថា លោកអគ្គលេខាធិការ Antonio Guterres ចាំបាច់ត្រូវជ្រើសរើសនរណាម្នាក់ដែលនឹងមិនសូវដាក់កំហិតចំពោះអ្នកដឹកនាំនយោបាយ។
លោក Zeid បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មានអន្តរជាតិមួយចំនួនដូចជា AFP ថា “ខ្ញុំមិនធ្វើជាមិត្តជាមួយរដ្ឋាភិបាលណាទេ”។ លោកបានលើកឡើងថា អាណត្តិរបស់ប្រមុខសិទ្ធិមនុស្សគឺដើម្បីក្លាយជាសំឡេងមួយសម្រាប់ជនរងគ្រោះនៃការរំលោភបំពាន។
លោក Zeid បានក្លាយជាអ្នករិះគន់ដ៏ខ្លាំងក្លាលើមេដឹកនាំទូទាំងពិភពលោកជាពិសេសគឺប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
អ្នកខ្លះបានលើកឡើងថា លោក Guterres ចង់ឲ្យការិយាល័យសិទិ្ធមនុស្សផ្លាស់ប្តូរសំឡេងរបស់ខ្លួនដើម្បីចៀសវាងការបាត់បង់ការគាំទ្រពីរដ្ឋជាសមាជិកដែលមានអំណាច។
លោក Zeid បាននិយាយថា ភាពតានតឹងរវាងការិយាល័យសិទិ្ធមនុស្សនៅទីក្រុងហ្សឺណែវនិងការិយាល័យលេខាធិការដែលផ្តោតសំខាន់លើនយោបាយគឺអាចយល់បាន។ លោកបានសង្កត់ធ្ងន់ថា លោកមិនមានការសោកស្តាយទេអំពីការថ្កោលទោសជាក់ស្តែងណាមួយនៃការរំលោភបំពានរបស់រដ្ឋាភិបាល។
ប៉ុន្តែបន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថាជាកិច្ចខិតខំប្រឹងប្រែងរយៈពេលបួនឆ្នាំដើម្បីលាតត្រដាងលើការរំលោភបំពាននៅទ្វីបនីមួយៗនោះ ប្រមុខសិទ្ធិមនុស្សក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា លោកមិនមានសុទិដ្ឋិនិយមច្រើនពេកទេអំពីអនាគត៕ AFP
Source: Kampuchea Thmey Daily
0 Comments