Ad Code

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ ប្រកាស​តែងតាំង​អនុប្រធាន​មន្ទីរ ប្រធាន​ការិយាល័យ និង​ប្រគល់​ភារកិច្ច ដល់​មន្ត្រី​ជា​ច្រើន​រូប ដើម្បី​ប្រសិទ្ធភាព​ការងារ



ព្រះវិហារ ​៖ ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ នា​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​នេះ​ បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន​អនុប្រធាន​មន្ទីរ ប្រធាន​​ការិយាល័យ​ អនុប្រធាន​ការិយាល័យ​ អង្គភាព​មន្ទីរ​ទាំងអស់។

ពិធី​នេះ ​ធ្វើឡើង​ក្រោម​វត្តមាន​លោក គោ ស៊ុ​ប៊ុន​សឿត អភិបាលរង​ខេត្តព្រះវិហារ ​តំណាង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ព្រមទាំង​ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​មួយចំនួនទៀត។

លោក សំ លាង​ទ្រី បាន​ឲ្យ​ដឹងថា ថ្ងៃនេះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ មាន​ក្តី​មោទនភាព និង​រីករាយ​ក្រៃលែង និង​ជា​ថ្ងៃ​ដែល​ប្រកបដោយ​មហា​កិត្តិយស ដែល​ថ្នាក់ដឹកនាំ​ខេត្ត បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​។​

លោក សំ លាង​ទ្រី បាន​គូស​បញ្ជាក់​ទៀត​ថា ស្រប​ពេល​ ដែល​ប្រទេសជាតិ​ទទួល​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ទន្ទឹម​នឹង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេសជាតិ គឺ​ត្រូវ​ការ​ទាមទា​នូវ​ធនធានមនុស្ស ដែល​មាន​សមត្ថភាព​មក​បម្រើ​ការងារ​ផ្សេងៗ តាម​​វិស័យ​នីមួយៗ ដោយឡែក ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​គឺជា​វិស័យ​មួយ ក្នុងចំណោម​​វិស័យ​ទាំងអស់​​ ដែល​បាន​ដើរតួ​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ពន្ធ​សាធារណការ។

លោក​ប្រធាន​មន្ទីរ​សាធារណការ បាន​បន្ត​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានរៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ ស្របតាម​ប្រកាស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ដឹកនាំ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​អភិវឌ្ឍ​​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ឲ្យ​មានការ​រីកចម្រើន។

ជាមួយគ្នា​នោះ​ផងដែរ លោក សំ លាង​ទ្រី បាន​សំដែង​នូវ​ក្តី​មោទនភាព​ក្រៃលែង ដែល​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានសម្រេច​នូវ​ស្នាដៃ​ធំៗ​ជាច្រើន ជូន​ជាតិ​មាតុភូមិ ក្រោម​ការ​សហការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ រវាង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ក្នុង​ក្របខណ្ឌ​មន្ទីរ​។​
​លោក គោ ស៊ុ​ប៊ុន​សឿត បាន​សំដែង​នូវ​ការចូលរួម​អបអរ​សារ​ទរ ចំពោះ​មន្ត្រី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ទាំងអស់ ដែល​ត្រូវ​បានប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ចាប់ពី​ថ្នាក់​អនុប្រធាន​មន្ទីរ​មួយរូប គឺ​លោក អ៊ូ សៅ​ឌី​និង​ប្រធាន​ការិយាល័យ​, អនុប្រធាន​ការិយាល័យ ក៏​ដូច​អង្គភាព​ដទៃទៀត​ទាំងអស់ ក្នុងន័យ​ពង្រឹង​ប្រសិទ្ធភាព​ការងារ នៅតាម​ការិយាល័យ​នីមួយៗ ក៏ដូចជា កន្លែង​ផ្សេងៗ​ទៀត​ឲ្យ​ដំណើរ​ទៅ​ដោយ​ភាពរលូន និង​ស៊ីសង្វាក់​គ្នា។

លោក​អភិបាលរង​ខេត្តព្រះវិហារ ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ក៏ដូចជា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​ដែល​កន្លង បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ ក្នុង​ការ​ឯក​ភាព​គ្នា​តែងតាំង​មន្ត្រី ដោយ​សម្លេង​ភាគច្រើន ដែល​ទង្វើ​​នេះ​គឺ​នៅ​តាម​មន្ទីរ​ផ្សេង​នៅតាម​រាជធានី ខេត្ត គេ​កម្រ​នឹង​ធ្វើ​​អញ្ចឹងណាស់ យ៉ាងច្រើន​គេ​កោះហៅ​អនុប្រធាន​មន្ទីរ​មក​ធ្វើការ​វាយតម្លៃ ក្នុងការ​តែងតាំង​មន្ត្រី​តែប៉ុណ្ណោះ​។​

ឆ្លៀត​ក្នុងឱកាស​នោះ​លោក គោ ស៊ុ​ប៊ុន​សឿត បាន​ផ្តាំផ្ញើ​ឲ្យ​មន្ត្រី​ដែល​បានតែងតាំង និង​ប្រគល់​ភារកិច្ច​នៅពេលនេះ ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ ដោយ​ធ្វើ​ការសហការ សាមគ្គី​គ្នា ដើម្បីអោយ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ មានការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ទៅទៀត​។​

គួរ​បញ្ជាក់ថា លោក អ៊ូ សៅ​ឌី អតីត​ប្រធានការិយាល័យ​សាធារណការ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ត្រូវបានតែងតាំង​ជា​អនុប្រធាន​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu