នៅថ្ងៃអង្គារ ទីភ្នាក់ងារជំនួយនិងមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រញាប់ប្រញាល់ជួយដល់អ្នកនៅរស់រានមានជីវិត បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយទៀតបានវាយប្រហារកោះ Lombok ដោយបានសម្លាប់មនុស្សយ៉ាងតិច១០នាក់និងបន្សល់ទុកមនុស្សរាប់សែននាក់គ្មានទីជម្រក។
កោះដែលនៅក្បែរកោះបាលីមួយនេះត្រូវបានវាយប្រហារដោយការរញ្ជួយចំនួនពីរលើកនៅថ្ងៃទី២៩ខែកក្កដានិងថ្ងៃទី៥ខែសីហា។ កាលពីថ្ងៃអាទិត្យ វាបានរង្គើម្តងទៀតដោយការរញ្ជួយថ្មីៗនិងការរញ្ជួយតូចៗដែលទំហំខ្លាំងបំផុតគឺ៦.៩រ៉ិចទ័រ។
មនុស្សយ៉ាងតិច១០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យដែលភាគច្រើនដោយសារតែកំទេចកំទីបាក់ធ្លាក់លើប៉ុន្តែអាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង។
លោក Sutopo Purwo Nugroho អ្នកនាំពាក្យភ្នាក់ងារគ្រោះមហន្តរាយជាតិបានថ្លែងថា “ចំនួនជនរងគ្រោះបានបន្តកើនឡើង។ ការរញ្ជួយតូចៗនៅតែបន្ត”។
បណ្តាអង្គការជំនួយបានប្តេជ្ញាថានឹងបង្កើនជំនួយមនុស្សធម៌នៅលើកោះនេះខណៈអ្នកស្រុកកំពុងស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន។
លោក Tom Howells មកពីអង្គការ Save the Children បាននិយាយថា “យើងកំពុងផ្តោតលើមូលដ្ឋានគ្រឹះនៃការផ្តល់សម្ភារៈជំរកដូចជាសំលៀកបំពាក់ សម្ភារៈស្នាក់នៅនិងសម្ភារៈអនាម័យ”។
លោកបានប្រាប់ AFP ថា “យើងបានដឹកជញ្ជូនគ្រប់គ្រាន់សម្រាប់មនុស្សប្រហែល២០,០០០នាក់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ”។
ទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងារផ្តល់ជំនួយមានក្តីព្រួយបារម្ភថា ការទទួលបានស្បៀងអាហារ ជំរកនិងទឹកស្អាតគឺមិនគ្រប់គ្រាន់ទេសម្រាប់មនុស្សមួយចំនួនក្នុងចំណោមមនុស្សជាង ៤៣០,០០០នាក់ដែលត្រូវផ្លាស់ទីលំនៅដោយសារគ្រោះមហន្តរាយនេះ។
លំនៅដ្ឋាន វិហារឥស្លាមនិងហាងរាប់ពាន់កន្លែងនៅទូទាំងកោះ Lombok ត្រូវបានបំផ្លាញដោយការរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រកាលពីថ្ងៃទី៥ខែសីហាដែលបានសម្លាប់មនុស្សយ៉ាងតិច៤៨១នាក់។
មួយសប្តាហ៍មុនការរញ្ជួយដីនោះ ការរញ្ជួយមួយបានវាយប្រហារកោះនេះហើយបានសម្លាប់មនុស្សចំនួន១៧នាក់។
ការចំណាយសម្រាប់សាងសង់ឡើងវិញត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ៧ពាន់ពាន់លានរូពី (៤៨០លានដុល្លារអាមេរិក)៕ AFP
Source: Kampuchea Thmey Daily
0 Comments