Ad Code

អ៊ីរ៉ង់​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅ ICJ



នៅ​ថ្ងៃ​ចន្ទ ប្រទេស​អ៊ីរ៉ង់​ បាន​តវ៉ា​ប្រឆាំងនឹង​ទណ្ឌកម្ម​ថ្មី​ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក ​ខណៈ​ជម្លោះ​ផ្លូវច្បាប់​ដ៏​ជូរចត់​មួយ​រវាង​ក្រុង​តេ​រ៉ង់ ​និង​ក្រុង​វ៉ាស៊ីនតោន​ចាប់ផ្តើម​នៅមុខ​តុលាការ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បានដាក់​ទណ្ឌកម្ម​ដ៏​តឹងតែង​ជា​ឯកតោភាគី​ទៅលើ​ប្រទេស​អ៊ីរ៉ង់​កាលពី​បី​សប្តាហ៍​មុន​ដោយ​នាំមក​នូវ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​បន្ទាប់ពី​ទណ្ឌកម្ម​ត្រូវបាន​ដកចេញ​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​។​

វិធានការ​ជុំ​ទី​២​នឹង​ចូល​ជាធរ​មាននៅ​ដើមខែ​វិ​ចិ្ឆ​កា​ដោយ​ផ្តោតលើ​វិស័យ​ប្រេង​និង​ថាមពល​ដ៏​មានតម្លៃ​របស់​ប្រទេស​អ៊ីរ៉ង់​។​

ក្រុង​តេ​រ៉ង់​បានដាក់​ពាក្យបណ្តឹង​រប​ស់​ខ្លួន​នៅ​ចំពោះមុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាលពី​ចុងខែ​កក្កដា​ដោយ​អំពាវនាវ​ដល់​ចៅក្រម​ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ​មួយ​នេះ​ឲ្យ​បញ្ជា​ដក​ទណ្ឌកម្ម​ភ្លាមៗ​ដែល​ខ្លួន​និយាយថា​នឹង​បង្ក​ឲ្យ​មានការ​រើសអើង​ដែល​មិនអាច​ផ្សះផ្សារ​បាន​។​

រដ្ឋាភិបាល​ក្រុង​តេ​រ៉ង់​បាន​បន្ថែមថា សហរដ្ឋអាមេរិក​គ្មាន​សិទ្ធិ​ដើម្បី​ដាក់ទណ្ឌកម្ម​បែបនេះ​ឡើងវិញ​នោះទេ​ខណៈពេលដែល​ខ្លួន​ទាមទារ​សំណង​ខូចខាត​។​

ប្រទេស​អ៊ីរ៉ង់​បាន​អះអាងថា ការដាក់​ឡើងវិញ​នូវ​ការពិន័យ​នានា​ដែល​បាន​លើកលែង​ក្រោម​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ឆ្នាំ​២០១៥​ក្នុង​គោលបំណង​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ក្រុង​តេ​រ៉ង់​គឺ​បាន​រំលោភ​លើ​សន្ធិសញ្ញា​ដែលមាន​អាយុកាល​រាប់​ទសវត្សរ៍​មួយ​ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំ​១៩៥៥​។​

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤៦​ដើម្បី​ដោះស្រាយ​ទំនាស់​រវាង​ប្រទេស​នានា​គឺ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចំណាយពេល​ពីរ​បី​ខែ​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ផ្តល់​តាម​សំណើ​របស់​ទីក្រុង​តេ​រ៉ង់​សម្រាប់​សេចក្ដីសម្រេច​បណ្ដោះអាសន្ន​ដែរ​ឬ​អត់​ប៉ុន្ដែ​ការសម្រេច​ចុងក្រោយ​ក្នុងករណីនេះ​អាច​នឹង​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​។​

លោក Trump បាន​ហៅ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​រវាង​អ៊ីរ៉ង់​និង​សមាជិក​អចិន្ត្រៃយ៍​ចំនួន​៥​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៏ដូចជា​ប្រទេស​អាល្លឺម៉ង់​ថា​ជា “​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​តែ​ម្ខាង​ដែល​បរាជ័យ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​ជា​មូលដ្ឋាន​នៃ​ការ​រាំងខ្ទប់​ផ្លូវ​ទៅកាន់​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​អ៊ីរ៉ង់​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu