ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកWurkz ទម្ងន់៦៣,៥០០ គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV កាលពីរសៀលថ្ងៃអាទិត្យទី២៦ សីហា ២០១៨ ដែលជាការប្រកួតជុំចុងក្រោយ រវាងអ្នកប្រដាល់កម្ពុជាឡុង សំណាង ក្លិបសាលវ័ន្តកីឡា និងអ្នកប្រដាល់ថៃAram Boy ដែលមកវាយជំនួសLoom Leng ដែលបានបោះបង់ចោលការប្រកួតជម្រុះនេះ នោះ ឡុង សំណាង បានធ្វើអោយAram Boy បោះបង់ការប្រកួតក្នុងទឹកទី៥ ដែលនាំអោយគេឈ្នះ៤ប្រកួតទទួលបាន១២ពិន្ទុ ក្នុងការប្រកួតជម្រុះ៤ប្រកួតនោះ។
ជាមួយនឹងលទ្ធផលនេះ ឡុង សំណាង ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ក្នុងនាមជាអ្នកលេខ១ក្នុងពូលខ្មែរ ដែលមាន៤រូបនោះ។
គួរបញ្ជាក់ថា ក្នុងមួយពូលដែលមាន៤រូបខ្មែរ(ពូលA) និង៤រូបថៃ(ពូលB)នោះ គឺតម្រូវយកតែមួយរូបក្នុងពូលនីមួយៗ ដើម្បីឡើងទៅជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ជើងឯកWurkz ទម្ងន់៦៣,៥០០ គីឡូក្រាម។
ចំពោះពូលថៃនោះ គឺ Pek Thieng ដែលជាអ្នកបានឡើងទៅជួបជាមួយឡុង សំណាងក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលអ្នកប្រដាល់ថៃរូបនេះ ក្នុង៤ប្រកួតឈ្នះ៣ចាញ់១ប្រកួតមាន១០ពិន្ទុ ក្រៅពីហ្នឹងសុទ្ធតែត្រូវជ្រុះធ្លាក់ហាលអាវអស់ហើយ ។
នៅក្នុងការប្រកួតជម្រុះជុំចុងក្រោយនេះ ឡុង សំណាង បានទាត់ជើងក្រោមរបស់Aram Boy អោយឈឺឈរប្រកួតលែងកើត ដែលធ្វើអោយ Aram Boy បោះបង់ចោលការប្រកួតក្នុងទឹកទី៥។
ចំពោះការជួបគ្នាក្នុងជម្រុះលើកចុងក្រោយនេះដែរ ឌុម កែវដា បានវាយចាញ់ Pha Yaklek ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។ យ៉ាងណាពីរនាក់នេះ ប្រកួតគ្នានៅជុំចុងក្រោយនេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយសារបីប្រកួតកន្លងមក កែវដា ចាញ់១ឈ្នះ២ប្រកួត បាន៧ពិន្ទុ ហើយ Pha Yaklek មាន៥ពិន្ទុ គឺឈ្នះ១ចាញ់២ប្រកួត ។ ហេតុនេះ ការប្រកួតជុំចុងក្រោយនេះ អ្នកណាឈ្នះ អ្នកណាចាញ់នោះ ក៏ត្រូវតែជ្រុះធ្លាក់ហាវអាវដែរ។
ចំពោះការប្រកួតជាលក្ខណះមិត្តភាពអន្តរជាតិធម្មតានៅក្នុងកម្មវិធីBoostrong Figh ter On Fire នៅSEATV នេះដែរ ឌុន រដ្ឋា អ្នកប្រដាល់ជើងខ្លាំងនៃក្លិបអេភូថងកីឡា បានប្រកួតចាញ់អ្នកប្រដាល់ថៃSuper Chhai ដោយពិន្ទុ ។ពួកគេទាំងពីរ ប្រកួតគ្នា៥ទឹកពេញ។
ចំពោះ ចាន់ ប៊ុនលាភ អ្នកប្រដាល់ជើងចាស់ក្លិបនិរោធមានជ័យ ក៏ប្រកួតចាញ់អ្នកប្រដាល់ថៃ Phich Nam Ek ដោយពិន្ទុដែរ ក្នុងការជួបប្រកួតគ្នាទម្ងន់ ៦៣,៥០០ គីឡូក្រាម។
ដោយឡែក សេន កុសល អ្នកប្រដាល់ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបង គេបានផ្តួលអ្នកប្រដាល់Ireland ឈ្មោះJodan O’conner អោយបោះបង់ចោលការប្រកួតក្នុងទឹកទី៤ បន្ទាប់ពីវាយអ្នកប្រដាល់អៀកឡង់នេះអោយបែកឈាមច្រើនពេក ។ ពួកគេពីរនាក់នេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម ។អ្នកប្រដាល់ Jodan O’conner មិនទាន់ចេះវ៉ៃស្រួលបួលនៅឡើយទេ៕
Source: Kampuchea Thmey Daily
0 Comments