បាត់ដំបង ៖ ពាក់ព័ន្ធនឹងបញ្ហា ដែលលោកអធិការស្រុករតនៈមណ្ឌល បានយកប្រាក់ពីជនរងគ្រោះ ជុំវិញករណីគ្រឿងញៀន ត្រូវបានបញ្ចប់ហើយ ដោយសារតែជនរងគ្រោះបានទទួលយកនូវទឹកប្រាក់វិញគ្រប់ចំនួន រីឯលោកអធិការ ក៏ទទួលស្គាល់នូវកំហុសខុសឆ្គងផងដែរ។
គួររំលឹកដែរថា ពាក់ព័ន្ធនឹងការឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ រុន រ៉ា អាយុ២៦ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៩ ព្រឹក ដោយសារតែយុវជនរូបនេះបានធ្វើដំណើរជាមួយនឹងមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ដោយសារតែជាន់ដានក្នុងពេលសមត្ថកិច្ច ចុះប្រតិបត្តិការ ទើបមានការបង់លុយបង់កាក់ ក្នុងការបញ្ចប់រឿង។
លោក លី រុន ដែលត្រូវជាឪពុកជនរងគ្រោះ បានមានប្រសាសន៍ថា កាលនោះ លោកមានការព្រួយបារម្ភ អំពីសុវត្ថិភាពកូន ព្រោះប្រវត្តិកូនប្រុសធ្លាប់ប្រើប្រាស់គ្រឿងញៀន ដោយសារតែបញ្ហានេះហើយទើបលោកព្រមប្រគល់ប្រាក់ទៅអោយសមត្ថកិច្ចចំនួន៤លាន ៨សែន រៀល ក្នុងការសុំបញ្ចប់រឿង។
បន្ទាប់ពីរឿងនេះត្រូវបានផ្សព្វផ្សាយ និងបែកធ្លាយរួចមក និងស្របពេលដែលលោកអធិការបានទទួលស្គាល់នូវកំហុស ខុសឆ្គង ក្នុងការយកប្រាក់មិនប្រក្រតីនេះ រួចមក ជួរថ្នាក់ដឹកនាំ បានបញ្ជាទៅលោកអធិការ ដើម្បីធ្វើការសម្របសម្រួលទៅលើជនរងគ្រោះ ដោយព្រមសុខចិត្ត ប្រគល់ប្រាក់ជូនជនរងគ្រោះវិញ អោយគ្រប់ចំនួន នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១ និង២០ នាទី រសៀល ក្នុងទីតាំងអធិការដ្ឋានតែម្តង។
ជាចុងក្រោយលោក លី រុន ក៏បានលើកឡើងថា លោកមានការត្រេកអរជាអនេក ដោយបានលុយនេះយកទៅសងបំណុលគេវិញ ហើយលោកក៏សុំបញ្ឈប់រាល់ការប្តឹងផ្តល់គ្នាតទៅទៀតចាប់ពីពេលនេះតទៅ ដោយសារតែលោកអធិការ សន និល បានទទួលស្គាល់កំហុសរបស់លោក៕
Source: Kampuchea Thmey Daily
0 Comments