នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានប្រកាសពីបេក្ខភាពរបស់លោកកាលពីថ្ងៃអាទិត្យសម្រាប់ការបោះឆ្នោតភាពជាអ្នកដឹកនាំគណបក្សកាន់អំណាចដែលលោករំពឹងថា នឹងទទួលជ័យជំនះបើទោះបីជាមានការរំពឹងទុកតិចតួចចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់លោក និងការសង្ស័យអំពីការជំរុញរបស់លោកក្នុងការកែសម្រួលរដ្ឋធម្មនុញ្ញក៏ដោយ។
ការទទួលបានជ័យជំនះលើអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Shigeru Ishiba នៅក្នុងការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) នៅថ្ងៃទី២០ខែកញ្ញាគឺនឹងធ្វើឲ្យលោក Abe ក្លាយជានាយករដ្ឋមន្ត្រីបម្រើការយូរបំផុតរបស់ប្រទេសជប៉ុន។ អ្នកឈ្នះក្លាយជានាយករដ្ឋមន្ត្រីនឹងគ្រប់គ្រងសភារបស់រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្ស LDP។
លោក Abe បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចមួយទៅកាន់ភាគនិរតីប្រទេសជប៉ុនថា “វាគឺជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងការឆ្លើយតបចំពោះអាណត្តិរបស់ប្រជាជន។ ខ្ញុំបានតាំងចិត្តដឹកនាំជប៉ុនរយៈពេល៣ឆ្នាំទៀតជាប្រធាន LDP និងជានាយករដ្ឋមន្ត្រី”។
ក្រុមអ្នកវិភាគបាននិយាយថា លោក Abe មើលទៅនឹងកាន់តំណែងកំពូលដោយសារតែអំណាចជិតប្រាំមួយឆ្នាំរបស់គាត់បានជួយគាត់ឲ្យទទួលបានអ្នកគាំទ្រពី LDP ជាមួយតំណែងគណៈរដ្ឋមន្ត្រីនិងការគាំទ្រដទៃទៀតហើយយកឈ្នះគូប្រជែងដែលមានភាពទន់ខ្សោយ។
លោក Abe បានចាប់ផ្តើមធ្វើជានាយករដ្ឋមន្ត្រីជាលើកទី២ក្នុងឆ្នាំ២០១២ដោយសន្យាស្តារសេដ្ឋកិច្ចឡើងវិញជាមួយគោលនយោបាយ “Abenomics” របស់លោកនិងជំរុញការការពារជាតិ។
លោកបានបង្កើនការចំណាយលើវិស័យការពារជាតិនិងបន្ធូរបន្ថយដែនកំណត់រដ្ឋធម្មនុញ្ញលើយោធាប៉ុន្តែនៅផ្នែកសេដ្ឋកិច្ចវិញ ធនាគារជប៉ុនបានបរាជ័យក្នុងការសម្រេចគោលដៅអតិផរណា២ភាគរយបើទោះបីជាមានគោលនយោបាយធូររលុងជ្រុលក៏ដោយ។
នៅលើផ្នែកសន្តិសុខវិញ លោក Abe ចង់កែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមក្រោយសង្គ្រាមមាត្រាទី៩ដើម្បីបញ្ជាក់ពីស្ថានភាពនៃកងទ័ពរបស់ប្រទេសជប៉ុន។ អត្ថបទនេះបានហាមឃាត់ការថែរក្សាកងកម្លាំងប្រដាប់អាវុធប៉ុន្តែវាអនុញ្ញាតឲ្យយោធាការពារខ្លួន។
ការស្ទង់មតិរបស់បណ្តាញសារព័ត៌មាន Asahi News Network (ANN) ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ការគាំទ្ររបស់គាត់មានចំនួន៣៨,៨ភាគរយខណៈពេលដែលការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Kyodo កាលពីថ្ងៃអាទិត្យបានបង្ហាញថា ការគាំទ្រមានចំនួន៤៤,២ភាគរយ។ ការស្ទង់មតិរបស់សារព័ត៌មាន Nikkei ដែលចេញផ្សាយនៅថ្ងៃចន្ទបានឲ្យដឹងថា ការគាំទ្ររបស់គណៈរដ្ឋមន្ត្រីលោក Abe មានចំនួន៤៨ភាគរយខណៈការស្ទង់មតិដោយកាសែត Yomiuri បានបង្ហាញថា មានការគាំទ្រ៥០ភាគរយ៕ REUTERS
[caption id="attachment_967678" align="alignnone" width="960"]
Source: Kampuchea Thmey Daily
0 Comments