ភ្នំពេញ ៖ មន្ត្រីតុលាការថ្លែងថា នៅថ្ងៃទី ៣០សីហា ឆ្នាំ២០១៨ខាងមុខ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកគី រិទ្ធី និងតំណាងអយ្យការអមសាលាដំបូង នឹងបើកសវនាការអសាធារណៈមួយនៅសាលាដំបូងខេត្តត្បូងឃ្មុំដើម្បីសម្រេចជាលើកទី២នៃនីតិវិធីបន្តឃុំខ្លួនលោកកឹម សុខា បន្តទៀត។
សវនាការនេះ នឹងមិនអនុញ្ញាតអោយសាធារណជន ឬសាច់ញាតិជនជាប់ចោទចូលស្ដាប់ទេ គឺមានតែមេធាវីការពារផ្លូវច្បាប់ប៉ុណ្ណោះ។
លោកកឹម សុខា ប្រធាន នៃ អតីត គណបក្ស សង្គ្រោះ ជាតិ មិនត្រូវបានសមត្ថកិច្ចដឹកទៅដល់សាលាឧទ្ធរណ៍នៅម៉ោងជាង៥៖០០នាទី ព្រឹកព្រលឹមថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៨ នេះ ដើម្បី ចូលរួម សវនាការ លើ បណ្តឹង សុំ នៅ ក្រៅ ឃុំ បណ្ដោះអាសន្ន បន្ទាប់ពីចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញសម្រេចមិនដោះលែង។
លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។
លោកកឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស ក្បត់ជាតិ ដែលអាចប្រឈមមុខ នឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោកកឹម សុខា ជាប់ចោទប្រកាន់ពីបទ សន្និដ្ឋានជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ទោះបីជាមានបណ្ដឹងជំទាស់ និងបណ្ដឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្ដឹងរបស់ក្រុមមេធាវីការពារក្ដី លោកកឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់។
ក្នុងនីតិវិធីនេះកន្លងមកចៅក្រម ស៊ើបសួរបានចេញសេចក្ដីសម្រេចបន្តឃុំខ្លួនលោកកឹម សុខា ម្ដងរួចមកហើយ ហើយនៅថ្ងៃទី ៣០សីហា ឆ្នាំ២០១៨ខាងមុខ ចៅក្រមតុលាការ និងសម្រេចម្ដងនៅក្នុងការបន្តឃុំខ្លួនជមជាប់ចោទ៕
Source: Kampuchea Thmey Daily
0 Comments