រតនគិរី ៖ បុរសម្នាក់ ត្រូវបានជនសង្ស័យកាប់ជាច្រើនកាំបិតប៉័ងតោ ខណៈមានជម្លោះពាក្យសម្តីគ្នា បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិឡំថ្មី ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
នគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ សោភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ មានមុខរបរកម្មករ រងរបួសត្រូវចំក្បាល និងដៃ ដងខ្លួនចំនួន៨ថ្នេរ។
នគរបាលបានបន្តថា ជនបង្កឈ្មោះសាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដូចគ្នា ក្រោយពីជនដៃដល់បានធ្វើសកម្មភាពរួចមក បានរត់គេចខ្លួនបាត់ស្រមោល។ អ្នកទាំងពីរ ធ្វើជាកម្មករឲ្យម្ចាស់ចម្ការឈ្មោះ ណាំ ថាន ភេទប្រុស មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យភូមិឡុំ ដើម្បីព្យាបាលរបួស។ ចំណែកជនដៃដល់បង្កឲ្យអ្នកដទៃរងរបួសស្នាម ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments