ក្រុមកំពូលតារាងនៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានប្រកួតមិត្តភាពអន្តរជាតិស្មើគ្នាជាមួយក្រុមJFL Selection (Japan Football League ហៅកាត់ថា JFL) មកពីប្រទេសជប៉ុន នៅល្ងាចថ្ងៃអាទិត្យ ទី៥ខែសីហា ឆ្នាំ២០១៨ នេះលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
កីឡាករ ម៉ាត់ យ៉ាមីន និងកីឡាករ ជា វេសលី ជាអ្នករកគ្រាប់បាល់ឱ្យក្រុមបឹងកេត។ ក្រុម JFL បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាមួយរយៈហើយ ដោយបានប្រកួតឈ្នះលើក្រុមជម្រើសជាតិក្រោមអាយុ១៩ឆ្នាំរបស់កម្ពុជា (U19) ដោយលទ្ធផល៤ទល់០ និងស្មើជាមួយក្រុមបឹងកេត ២ទល់២នេះ។ លោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្រុមបឹងកេត រីករាយក្នុងការទទួលភ្ញៀវនៅប្រកួតនេះព្រោះជាការផ្លាស់ប្ដូរបទពិសោធ ជាមួយក្រុមប្រកបដោយស្តង់ដារមួយ។ លោកគិតថានេះក៏ជាការវាស់ស្ទង់សមត្ថភាពរបស់កីឡាករយុវជននៅក្នុងក្រុមលោកពេលប្រកួតជាមួយក្រុមបរទេសផងដែរ។
លោក Katsumasa Terouch គ្រូបង្វឹករបស់ក្រុម JFL បានលើកឡើងពីមូលហេតុដែលដែលក្រុមលោកសម្រេចមកប្រកួតនៅកម្ពុជាថា «ឆ្នាំនេះគឺជាខួប ២០ឆ្នាំ នៃការបង្កើតក្រុម Japan Football League ដូច្នេះសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ក៏ដូចជាក្រុមការងាររបស់ JFL បានពិភាក្សាគ្នា បានឯកភាពជ្រើសរើសក្រុមមួយចំនួន នៅកម្ពុជា ដើម្បីធ្វើការប្រកួតមិត្តភាពនិងអបអរសាទរខួប ២០ឆ្នាំរបស់ JFL តែម្ដង ដែលតំណាងដោយក្រុមកីឡាករជម្រើសលីគទី៤ របស់ជប៉ុន»។
ចំណែកក្រុមបឹងកេត វិញនៅសល់ពានរង្វាន់២ក្នុងដៃ ដោយត្រូវប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា បឹងកេត ជាក្រុមកំពូលតារាង ខណៈប្រកួតបន្ទាប់ក្រុមបឹងកេត ត្រូវប៉ះក្រុមវិសាខា នៅម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ នេះលើទីលានពហុកីឡដ្ឋានជាតិ។ ចំណែកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញបឹងកេតត្រូវប៉ះក្រុមណាហ្គាវើលក្នុងជើងទី២នៃវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃពុធសប្ដាហ៍នេះ៕
Source: Kampuchea Thmey Daily
0 Comments