កាលពីថ្ងៃអាទិត្យសហរដ្ឋអាមេរិក បានបដិសេធការចូលរួមស្របពេលដែលលោក Nicolas Maduro បានស្តីបន្ទោសគណបក្សប្រឆាំង និងសមភាគីកូឡុំប៊ីលោក Juan Manuel Santos ចំពោះការប៉ុនប៉ង “ធ្វើឃាត” ទៅលើប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា។
រដ្ឋាភិបាលឆ្វេងនិយមរបស់ប្រទេសវ៉េណេហ្ស៊ូអេឡាបាននិយាយថា ទាហានចំនួន៧នាក់បានរងរបួសដោយសារការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកផ្ទុកគ្រាប់បែកអំឡុងពេលក្បួនដង្ហែយោធាមួយនៅទីក្រុង Caracas កាលពីថ្ងៃសៅរ៍។
លោក Maduro បានចង្អុលដាក់ប្រធានាធិបតីផុតអាណត្តិរបស់ប្រទេសកូឡុំប៊ីនិងគណបក្សប្រឆាំង “ស្តាំនិយមជ្រុល” ក្នុងស្រុកស្របពេលក្រុមឧទ្ទាមអាថ៌កំបាំងមួយបានអះអាងទទួលខុសត្រូវ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានអះអាងថា “មិនមានការពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ” ហើយថែមទាំងបានលើកឡើងផងដែរថា ឧបទ្ទវហេតុនេះអាចជា “លេសមួយដែលបង្កើតឡើងដោយរបបនេះផ្ទាល់”។
វ៉េណេហ្ស៊ូអេឡាបានប្រតិកម្មរួចទៅហើយចំពោះព្រឹត្តិការណ៍កាលពីថ្ងៃសៅរ៍ជាមួយនឹងការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ខណៈអគ្គមេធាវី Tarek William Saab ដែលក៏មានវត្តមាននៅក្នុងក្បួនដង្ហែនោះផងដែរបានព្រមានថា “នឹងមានការដាក់ទណ្ឌកម្មដោយឥតមេត្តា”។
លោក Saab បាននិយាយថា ឈ្មោះអ្នកដែលត្រូវចាប់ខ្លួននឹងបង្ហាញនៅថ្ងៃចន្ទ។
នៅពេលវិលត្រឡប់មកវិញដោយសុវត្ថិភាពក្នុងវិមានប្រធានាធិបតី លោក Maduro បានបញ្ចេញនូវសារលិខិតប្រឆាំងទៅនឹងអ្នកប្រមាថរបស់គាត់។
លោកបានព្រមានថា “យុត្តិធម៌! ការផ្តន្ទាទោសអតិបរិមា! ហើយគ្មានការអត់ទោសទេ”។ ការព្រមានរបស់គាត់បានបង្កឲ្យមានភាពភ័យខ្លាចនៃការវាយប្រហារប្រឆាំងនឹងក្រុមប្រឆាំងនៅក្នុងប្រទេសមួយដែលឃុំឃាំងអ្នកទោសនយោបាយចំនួន២៤៨នាក់រួចទៅហើយ។
លោក Maduro បាននិយាយថា “វាគឺជាការវាយប្រហារដើម្បីសម្លាប់ខ្ញុំហើយពួកគេព្យាយាមធ្វើឃាតខ្ញុំ”។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងលោក Jorge Rodriguez បានថ្លែងថា មានការផ្ទុះមួយនៅជិតវេទិកាប្រធានាធិបតីនិងនៅកន្លែងផ្សេងទៀតជាច្រើនតាមក្បួនដង្ហែដែលត្រូវបានប្រារព្ធធ្វើឡើងនៅកណ្តាលទីក្រុង Caracas ។
យ៉ាងណាក្តី លោក Maduro បានស្តីបន្ទោសប្រទេសជិតខាងកូឡុំប៊ីថា “ខ្ញុំគ្មានការសង្ស័យទេដែលថា ឈ្មោះ Juan Manuel Santos គឺនៅពីក្រោយការវាយប្រហារនេះ”។
អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាព លោក Santos ដែលបានចរចារកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រមួយជាមួយពួកឧទ្ទាមម៉ាក្ស៍និយម FARC គឺនឹងត្រូវប្រគល់អំណាចទៅឲ្យអ្នកស្តាំនិយម Ivan Duque ដែលជាអ្នករិះគន់លើរបបវ៉េណេហ្ស៊ូអេឡានៅថ្ងៃអង្គារ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកូឡុំប៊ីបានបដិសេធការចូលរួមដោយនិយាយថា ការចោទប្រកាន់នេះគឺជារឿងមិនសមហេតុសមផលនិងខ្វះមូលដ្ឋានគ្រឹះណាមួយ។
លោក Maduro បាននិយាយថា ការស៊ើបអង្កេតបានចង្អុលដាក់អ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដែលរស់នៅសហរដ្ឋអាមេរិកក្នុងរដ្ឋ Florida។ លោកនិយាយថា ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតី Donald Trump នឹងត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករទាំងនេះ។
គួរបញ្ជាក់ថា ក្បួនដង្ហែដែលលោក Maduro ចូលរួមគឺជាការកត់សម្គាល់ខួបមួយឆ្នាំនៃសភាធម្មនុញ្ញ៕ AFP
Source: Kampuchea Thmey Daily
0 Comments