ភ្នំពេញ ៖ ក្រុមជនសង្ស័យករណីធ្វើសកម្មភាពឆក់យ៉ាងកក្រើក នៅក្នុងរាជធានីភ្នំពេញ៤ នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ដកហូតវត្ថុតាងកាបូបជាច្រើន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសតាមនីតិវិធី។
ជនសង្ស័យករណីឆក់យ៉ាងសកម្មភាព ទាំង ៤នាក់ ដែលត្រូវបានបង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ទី១/ ឈ្មោះ ហូ ផាន់ណា អាយុ១៩ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ទី២/ ឈ្មោះ ទន់ អង្គជាបុត្រ អាយុ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥ ផ្លូវ២១០ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ទី៣/ ឈ្មោះ កែវ សុខវិសាល អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧ ផ្លូវ១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទី៤/ ឈ្មោះ ហេង ដារ័ត្ន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៣៩ ផ្លូវ១២៨ សង្កាត់ផ្យារដេប៉ូ៣ ខណ្ឌទួលគោក។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំង ៤ នាក់ ត្រូវបានកម្លាំងការិយាល័យ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលថ្ងៃទី ២ និងថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៨ វត្ថុតាងចាប់យក កាបូបជាច្រើន និងសម្ភារៈជាច្រើនទៀត។ ក្រោយពីការសាកសួរ ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ចំនួន ៨ករណី។
ក្រុមនេះមានបក្ខពួកច្រើនណាស់ ដូច្នេះ កម្លាំងរបស់លោកកំពុងធ្វើការស្រាវជ្រាវបន្តទៀត តាមចាប់ខ្លួនក្រុមជនសង្ស័យទាំងអស់នោះ ដើម្បីចាត់ការតាមច្បាប់។
ជាមួយគ្នានេះលោកវរសេនីយ៍ឯក ប៊ុន សត្យា ក៍បានសំណូមពរបងប្អូនប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះក្នុងករណីឆក់ នៅពេលកន្លងទៅ សូមអញ្ជើញទៅពិនិត្យកាបូបរបស់ខ្លួននៅ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹងបន្តទៀត។
សូមបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩ និង១០នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments