ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារកោះ Lombok របស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យដោយធ្វើឲ្យមនុស្សរត់ចេញពីផ្ទះរបស់ពួកគេ និងបង្កឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិដែលហេតុការណ៍នេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីការរញ្ជួយមួយបានសម្លាប់មនុស្សចំនួន១៧នាក់លើកោះថ្ងៃឈប់សម្រាកមួយនេះ។
ក្រុមស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា ការរញ្ជួយដីចុងក្រោយបំផុតនេះមានកម្រិត៧រ៉ិចទ័រនិងវាយប្រហារក្រោមដីជម្រៅត្រឹមតែ១០គីឡូម៉ែត្រប៉ុណ្ណោះ។ វាត្រូវបានតាមពីក្រោយដោយការរញ្ជួយចំនួនពីរដង។
ក្រុមមន្ត្រីបានចេញការព្រមានពីរលកយក្សស៊ូណាមិប៉ុន្តែក្រោយមកបានលុបចោលវិញ។
លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា អគារជាច្រើនត្រូវបានគិតថាបានរងការខូចខាតនៅក្នុងទីក្រុងសំខាន់ Mataram របស់កោះ Lombok ។
លោក Nugroho បានថ្លែងថា “ពួកគេភាគច្រើនជាអគារដែលមានសម្ភារសំណង់ខ្សោយ”
USGS បាននិយាយថា ចំណុចកណ្តាលគឺស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រភាគពាយព្យនៃកោះ Lombok ដែលនៅឆ្ងាយពីចំណុចទេសចរណ៍សំខាន់ៗនៅភាគខាងត្បូងនិងខាងលិចនៃកោះនេះ។ USGS បានរាយការណ៍ថា មានការរញ្ជួយតិចតួចចំនួនពីរដែលមានកម្រិត៥.៤។
គួរបញ្ជាក់ថា ការរញ្ជួយដីនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីការរញ្ជួយដីកម្រិត៦.៤រ៉ិចទ័របានវាយប្រហារកោះ Lombok ដោយសម្លាប់មនុស្សចំនួន១៧នាក់និងបំផ្លាញអគាររាប់រយ។
វាបានបង្កឲ្យមានការបាក់ដីដែលរាំងស្ទះដល់អ្នកដើរលេងនៅលើភ្នំដ៏ពេញនិយម។
ប្រទេសឥណ្ឌូនេស៊ីដែលជាប្រជាជាតិងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតនៅលើផែនដីគឺមានទីតាំងស្ថិតនៅលើខ្សែក្រវ៉ាត់ភ្នំភ្លើង “Ring of Fire” ប៉ាស៊ីហ្វិកដែលជាកន្លែងផ្ទាំង tectonic បុកគ្នាហើយការផ្ទុះភ្នំភ្លើងនិងការរញ្ជួយដីជាច្រើននៅលើពិភពលោកកើតឡើង។
កាលពីឆ្នាំ២០០៤ រលកយក្សស៊ូណាមិដែលបង្កឡើងដោយការរញ្ជួយដីក្រោមសមុទ្រកម្រិត ៩.៣រ៉ិចទ័រលើឆ្នេរសមុទ្រកោះស៊ូម៉ាត្រាភាគខាងលិចប្រទេសឥណ្ឌូនេស៊ីបានសម្លាប់មនុស្ស ២២០,០០០នាក់នៅតាមបណ្តាប្រទេសជុំវិញមហាសមុទ្រឥណ្ឌារួមទាំង១៦៨,០០០នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments