ទ្វីបអឺរ៉ុបត្រូវបានវាយប្រហារដោយរលកកម្ដៅដ៏ខ្លាំងកាលពីថ្ងៃអាទិត្យដោយសីតុណ្ហភាពឡើងខ្ពស់បានបង្កឲ្យមានភ្លើងឆេះព្រៃ បិទរោងចក្រនុយក្លេអ៊ែរហើយថែមទាំងគំរាមកំហែងដល់ការផ្គត់ផ្គង់ដំឡូងបំពងរបស់ប្រទេសហូឡង់ផងដែរថ្វីបើប្រទេសមួយចំនួនបានរងគ្រោះតិចតួចក៏ដោយ។
- អេស្ប៉ាញ: អគ្គិភ័យស្ថិតនៅក្រោមការគ្រប់គ្រង
សេវាពន្លត់អគ្គិភ័យក្នុងតំបន់បាននិយាយថា សីតុណ្ហភាពខ្ពស់បំផុត៤២អង្សាសេត្រូវបានគេព្យាករណ៍នៅតំបន់ភាគនិរតី Extremadura កាលពីថ្ងៃអាទិត្យដែលនៅទីនោះ ភ្លើងឆេះព្រៃមួយក្នុងទីប្រជុំជន San Vicente de Alcantara បានស្ថិតក្រោមគ្រប់គ្រងរបស់ក្រុមពន្លត់អគ្គិភ័យ។
ភ្នាក់ងារឧតុនិយមអេស្ប៉ាញបានរាយការណ៍ថា សីតុណ្ហភាពបានឈានដល់៤៤អង្សាសេនៅភាគខាងត្បូងប្រទេសកាលពីថ្ងៃសៅរ៍។
ការកើនឡើងនៃសីតុណ្ហភាពនេះបានឆក់យកជីវិតមនុស្សចំនួន៣នាក់រួចទៅហើយក្នុងសប្ដាហ៍នេះ។
- ព័រទុយហ្គាល់: សីតុណ្ហភាព៤៥អង្សាសេត្រូវបានគេព្យាករណ៍
សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់៤៥អង្សាសេនៅក្នុងផ្នែកមួយចំនួននៃប្រទេសព័រទុយហ្គាល់នៅថ្ងៃអាទិត្យប៉ុន្តែនឹងមិនឡើងលើស៤៦.៨អង្សាសេដែលត្រូវបានគេកត់ត្រាកាលពីថ្ងៃមុននៅក្នុងទីក្រុង Alvega ភាគខាងជើងទីក្រុង Lisbon ទេ។
កំណត់ត្រានៅតាមទីក្រុងជាច្រើនត្រូវបានបំបែកកាលពីថ្ងៃសៅរ៍ប៉ុន្តែគ្មានកន្លែងណាអាចបំបែកកំណត់ត្រាសីតុណ្ហភាព៤៧.៣អង្សាសេនៅភូមិ Amareleja កាលពីឆ្នាំ២០០៣ទេ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លើងឆេះព្រៃនៅតែបន្តកើតមានក្នុងតំបន់ Monchique ភាគខាងត្បូងប្រទេសកាលពីថ្ងៃអាទិត្យ។
ភ្លើងឆេះព្រៃមួយទៀតនៅក្នុងតំបន់ Estremoz បានបណ្តាលឲ្យមនុស្ស៦នាក់រងរបួសដោយក្នុងនោះមាន២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
- បារាំង: ការព្រមានមិនប្រុងប្រយ័ត្ន
នៅប្រទេសបារាំង នាយកដ្ឋាន៦៧ក្នុងចំណោម១០១ត្រូវបានព្រមានអំពីរលកកំដៅខណៈសីតុណ្ហភាពនៅភាគខាងត្បូងប្រទេសត្រូវបានគេរំពឹងថានឹងឡើងដល់កំពូលជិត៤០អង្សាសេ។
ថ្ងៃសៅរ៍គឺជាថ្ងៃក្តៅបំផុតនៅក្នុងប្រទេសចាប់តាំងពីរលកកំដៅដ៏ខ្លាំងក្លាក្នុងឆ្នាំ២០០៣មកដែលកាលនោះ មានមនុស្សរាប់ពាន់នាក់បានស្លាប់ដោយភាគច្រើននៃពួកគេគឺជាមនុស្សចាស់ដែលរស់នៅដោយខ្លួនឯង។
សេវាសង្គ្រោះបន្ទាន់បានត្អូញត្អែរថា បើទោះបីជាការព្រមានអំពីសុខភាពជាសាធារណៈឲ្យរក្សាភាពត្រជាក់និងមានជាតិទឹកក៏ដោយប៉ុន្តែតែមានការប្រុងប្រយ័ត្នច្រើនណាស់ដោយលើកឡើងពីឧទាហរណ៍នៃបុរសវ័យចំណាស់ម្នាក់នៅក្នុងទីក្រុង លីយ៉ុង ដែលមានបញ្ហាបេះដូងខណៈពេលកំពុងកាត់ស្មៅនៅក្រោមពន្លឺថ្ងៃរសៀលដ៏ក្តៅ។
ចង្ក្រានរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនបួននៅតែបិទកាលពីថ្ងៃអាទិត្យដោយសារសីតុណ្ហភាពក្តៅ។
- អ៊ីតាលី: ព្យុះកំបុតត្បូងត្រូវគេប្រទះឃើញ
ព្យុះភ្លៀងជាច្រើនបានជន់លិចនៅតាមដងវិថីក្នុងទីក្រុង Sicily និង Sardinia នៅភាគខាងត្បូងនៃប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យដោយធ្វើឲ្យថមថយរលកកំដៅដែលបានបណ្តាលឲ្យមានបញ្ហាចរាចរណ៍កាលពីចុងសប្តាហ៍។
អ្នកទេសចរនៅកោះ Pantelleria ក្បែរប្រទេសទុយនេស៊ីបាននិយាយថា ពួកគេបានប្រទះឃើញព្យុះកំបុតត្បូងមួយនៅឆ្នេរសមុទ្រកាលពីថ្ងៃសៅរ៍។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ស្ត្រីម្នាក់បានស្លាប់ដោយសាររលកកំដៅនៅលើឆ្នេរមួយក្នុងតំបន់ Liguria។
- អាល្លឺម៉ង់: ភ្លៀងធ្លាក់បាននាំមកនូវភាពធូរស្រាល
ភ្លៀងរលឹមដាច់ដោយកន្លែងនិងព្យុះភ្លៀងបាននាំមកនូវការធូរស្បើយខ្លះៗពីកំដៅនៅផ្នែកមួយចំនួននៃប្រទេសអាល្លឺម៉ង់កាលពីចុងសប្ដាហ៍ជាពិសេសនៅភាគខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយ សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងម្តងទៀតរហូតដល់ ៣៩អង្សាសេនៅភាគខាងកើតនៅថ្ងៃពុធ។
- អង់គ្លេស: ក្តៅរហូតដល់ថ្ងៃអង្គារ
កម្ដៅនៅចក្រភពអង់គ្លេសក៏បានធ្លាក់ចុះបន្តិចផងដែរកាលពីថ្ងៃអាទិត្យខណៈដែលកម្រិតខ្ពស់ជាង៣០អង្សាត្រូវបានគេរំពឹងថានឹងវាយប្រហារភាគខាងត្បូងនៃប្រទេសអង់គ្លេស។ នេះបើយោងតាមការិយាល័យ Met ដែលព្យាករណ៍ថា រលកកំដៅនឹងបន្តរហូតដល់ថ្ងៃអង្គារ។
សេវាសុខភាពសាធារណៈអង់គ្លេសបានប្រាប់អ្នកដែលនៅភាគអាគ្នេយ៍ឲ្យស្នាក់នៅក្នុងម្លប់និងផឹកទឹកឲ្យបានច្រើន។
- ហូឡង់: ខ្វះខាតដំឡូងបំពង?
ខណៈពេលដែលសីតុណ្ហភាពបានធ្លាក់ចុះដល់២៥អង្សាសេនៅប្រទេសហូឡង់កាលពីថ្ងៃអាទិត្យនោះ គ្រោះរាំងស្ងួតរបស់ប្រទេសនេះនៅតែបន្តបំផ្លិចបំផ្លាញដំណាំ។
កសិករបានធ្វើការទាំងថ្ងៃទាំងយប់ដើម្បីសង្គ្រោះអ្វីដែលពួកគេអាចធ្វើបានខណៈទិន្នផលដំឡូងនិងពោតត្រូវរងការវាយប្រហារយ៉ាងខ្លាំង។
អ្នកផលិតបានព្រមានថា ការខ្វះខាតដំឡូងអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ដំឡូងបំពងដែលជាការពេញនិយមរបស់ជនជាតិហូឡង់៕ AFP
Source: Kampuchea Thmey Daily
0 Comments