Ad Code

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​៖​ គ្មានទេ របស់​ដែល​ហៅថា ការបែងចែក​អំណាច



ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា គណបក្ស​ណា​ទទួលបាន​ជ័យជំនះ គណបក្ស​នោះ កាន់អំណាច​ស្របតាម​ការប្រគល់​សិទ្ធិ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ហេតុនេះ គ្មានទេ​របស់​ដែល​ហៅថា​ការបែងចែក​អំណាច​នោះ ហើយ​ការទាមទារ​បែងចែក​អំណាច ប្រៀបបាន​នឹង​លេងបៀ ​ចាញ់ ហើយ​ស្នើ​យកលុយ​ចាញ់​មក​បែង​ចែកគ្នា​ឡើងវិញ។

លោក សុខ ឥសាន លើកឡើង​បែបនេះ តាម​បណ្តាញ​អេ​ឡិ​ក​ត្រូ​និក​តេ​ឡេ​ក្រាម កាលពី​ថ្ងៃអាទិត្យ ទី​០៥ ខែសីហា ឆ្នាំ​២០១៨​។ លោក​លើកឡើង​យ៉ាងនេះ​ថា “​នៅពេលដែល​ទប់ស្កាត់​ការបោះឆ្នោត​មិនបាន ហើយ​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​មហា​ជោគជ័យ​មក មាន​ក្រុម​ជន​មួយចំនួន​បាន​លើក​មតិ បែប​ឆ្កួត​លីលា​ថា គួរតែមាន​ការបែងចែក​អំណាច​គ្នា​ទៅ ដើម្បី​កុំ​ឲ្យ​គេ​ថា សភា​ឯក​បក្ស​, មានការ​បែកបាក់​ជាតិ​”​។​

លោក សុខ ឥសាន បញ្ជាក់ទៀតថា បើ​ចង់​ឲ្យ​មានការ​បែងចែក​អំណាច ទី​១, តើ​ចាំបាច់​រៀបចំ​ការបោះឆ្នោត​ធ្វើ​អី ? ទី​២, តើ​យក​ច្បាប់​ទៅ​ទុក​នៅឯណា ? ទី​៣, តើ​យក​ឆន្ទៈ​ម្ចាស់ឆ្នោត​ទៅ​ទុក​នៅឯណា ? ទី​៤, តើ​យកមុខ​ម្ចាស់ឆ្នោត​ទៅ​ទុក​នៅឯណា បើ​អ្នក​ចង់បាន​អំណាច​យកទៅ​បែងចែក​គ្នា​អស់ហើយ ? ទី​៥, តើ​អ្វី​ទៅ​អត្ថន័យ និង​ខ្លឹមសារ​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​នោះ ? ដូច្នេះ មានតែ​ការបោះឆ្នោត​ទេ ដែល​ផ្តល់​តម្លៃ​ដល់​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​នោះ​។​

តាម​លោក សុខ ឥសាន គណបក្ស​ណា​បានទទួល​ជ័យជំនះ គណបក្ស​នោះ​កាន់អំណាច​ស្របតាម​ការប្រគល់​សិទ្ឋិ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។ ហេតុនេះ គ្មានទេ របស់​ដែល​ហៅថា ការបែងចែក​អំណាច​នោះ។ ការទាមទារ​បែងចែក​អំណាច​នេះ ប្រៀបបាន​នឹង​លេងបៀរ​ចាញ់​អស់ហើយ ស្នើ​យកលុយ​ចាញ់​មក​បែង​ចែកគ្នា​ឡើងវិញ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានលើកឡើង​ទៀតថា លទ្ធផល​នៃ​ការបោះឆ្នោត បានផ្តល់​ការគាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ​លទ្ធផល​នៃ​ការបោះឆ្នោត គឺជា​សិទ្ធិ​សម្រេច​ផ្តាច់មុខ​របស់​ប្រជាជន​កម្ពុជា ដែលជា​ម្ចាស់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គ្មាន​ជន​ណា​អាច​បំពាន ឬ​មិន​ទទួល​បានទេ​។ ពីព្រោះ នេះ​ជា​លទ្ធផល​ចេញពី​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ លទ្ធផល​នេះ ក៏​ជា​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដដែល ទោះបី​មាន​បក្ស​តែមួយ​ដឹកនាំ​។ លោក​បន្តថា ទោះបី​នៅក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដឹកនាំ​ផ្តាច់មុខ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នៅតែ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​នៃ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដដែល នៅតែ​ស្ថិតនៅក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

លោក សុខ ឥសាន បញ្ជាក់ដែរថា នេះ​ជា​លក្ខណៈ​ពិសេស​នៅតែ​ក្នុង​នីតិកាល​ទី​៦​ប៉ុណ្ណោះ នៅ​នីតិកាល​ក្រោយៗ​ទៀត គណបក្សនយោបាយ​នានា នៅតែ​អាច​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ខ្សែក្រវាត់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​តាម​គោល​ការ​ណ៍​ប្រជាធិបតេយ្យ​។ លោក​បន្តថា កាលពី​នីតិកាល​ទី​៥ ក៏​គណបក្ស​ប្រជាជន​កម្ពុជា បំពេញ​តួនាទី​ភារកិច្ច​តែម្នាក់ឯង​ដែរ ដោយសារតែ​អតីត​បក្សប្រឆាំង​មក​បើក​តែ​ប្រាក់ខែ​ទេ តែ​មិនបាន​ចូលធ្វើការ គឺ​ពហិការ​រហូត។ ដូច្នេះ រដ្ឋសភា​នីតិកាល​ទី​៥ មាន​លក្ខណៈ​ឯក​បក្ស​ដែរ​។ លោក​សង្ឃឹមថា រដ្ឋសភា​នីតិកាល​ទី​៦ កាន់តែ​មានលទ្ធភាព​បំពេញភារកិច្ច​ងាយស្រួល​ជាង ពេល​មាន​បក្សប្រឆាំង​នៅ​រា​រាំងជា​ឧបសគ្គ​ផង​។​

ដូច្នេះ អស់លោក​ចាញ់ គួរ​កុំ​ថ្នាំងថ្នាក់​នឹង​ការសម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា ដែលជា​ម្ចាស់​ប្រទេស ម្ចាស់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា គួរ​ទទួល​យកទៅ។ ជោគជ័យ​ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ឆ្លុះបញ្ចាំង​ពី​បរាជ័យ​របស់​បណ្តា​គណ​បក្ស​ប្រកួតប្រជែង ហើយ​មិនអាច​ប្រកែក​បានទេ មានតែ​ដកខ្លួន​ទៅ​រៀន​យុទ្ធសីល្ប​ថ្មី យកមក​ប្រកួត​ទៀត មិនទាន់​ហួសពេល​ទេ​។​

សូមបញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចូលរួម ហើយ​ជា​លទ្ធផល មាន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ចំនួន​៦.៩៤៦.១៦៤​នាក់ ដែល​ស្មើនឹង​៨២,៨៩ ភាគរយ នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​៨.៣៨០.២១៧​នាក់ ហើយ​តាម​របាយ​ការ​ណ៏​គណបក្ស​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ទាំងអស់​នៅក្នុង​សភា មិនមាន​គណបក្ស​ណា​អាច​ទទួលបាន​អាសនៈ​នោះទេ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu