ប្រទេសអ៊ីស្រាអែលបានកំណត់គោលដៅសម្រាប់កិច្ចចរចាស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាដោយនិយាយថា ការផ្តោតអារម្មណ៍គឺលើសំណើមួយដើម្បីបន្ធូរបន្ថយការរាំងស្ទះរបស់ខ្លួនលើទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាសជាថ្នូរឲ្យជនជាតិប៉ាឡេស្ទីនស្ងប់ស្ងាត់នៅភាគីខាងព្រំដែនរបស់ពួកគេ។
សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលបានកើតឡើងប៉ុន្មានម៉ោងមុនពេលនាយករដ្ឋមន្ត្រី Benjamin Netanyahu កោះហៅគណរដ្ឋមន្ត្រីសន្តិសុខរបស់លោកដើម្បីពិភាក្សាគ្នាហើយប្រហែលជាអាចយល់ព្រមចំពោះគំនិតដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសអេហ្ស៊ីបក្នុងការការពារការគំរាមកំហែងមួយទៀតនៃសង្គ្រាមនៅហ្គាហ្សា។
សេចក្តីថ្លែងការណ៍ខ្លីមួយដែលបញ្ចេញបន្ទាប់ពីកិច្ចប្រជុំបញ្ចប់គឺបានបង្ហាញតិចតួចណាស់។ វាបាននិយាយថា ប្រមុខយោធារបស់អ៊ីស្រាអែលបានប្រាប់ដល់គណរដ្ឋមន្ត្រីអំពីស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីបនិងថា កងទ័ពត្រូវបាន “រៀបចំសម្រាប់សេណារីយ៉ូណាមួយ”។
អង្គការសហប្រជាជាតិនិងអេហ្ស៊ីបមិនបានរៀបរាប់លម្អិតអំពីសំណើរបស់ពួកគេទេ។ ពួកគេបាននិយាយអំពីភាពចាំបាច់ដើម្បីកែលម្អលក្ខខណ្ឌមនុស្សធម៌នៅតំបន់ហ្គាហ្សា បញ្ឈប់ការឈ្លានពានឆ្លងព្រំដែននិងសម្រុះសម្រួលក្រុមហាម៉ាសដែលបានបដិសេធការបង្កើតសន្តិភាពជាផ្លូវការជាមួយអ៊ីស្រាអែល។
តំបន់ហ្គាហ្សាដែលស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែលនិងអេហ្ស៊ីបអស់រយៈពេលប៉ុន្មានឆ្នាំមកនេះក្នុងគោលបំណងដើម្បីបណ្តេញក្រុមហាម៉ាសគឺបានជួបប្រទះការកើនឡើងនៃភាពតានតឹងចាប់តាំងពីពួកប៉ាឡេស្ទីនបានធ្វើបាតុកម្មតាមព្រំដែនប្រចាំសប្តាហ៍កាលពីថ្ងៃទី៣០ខែមីនាដែលបាននាំឲ្យមានការបាញ់ប្រហារពីទាហានអ៊ីស្រាអែលដោយបានសម្លាប់មនុស្សយ៉ាងតិច១៥៧នាក់។
មន្ត្រីអ៊ីស្រាអែលម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា “បទឈប់បាញ់ពេញលេញមួយដោយប៉ាឡេស្ទីននឹងនាំឲ្យមានការបើកច្រកឆ្លងកាត់ Kerem Shalom និងបន្តអាជ្ញាប័ណ្ណជាថ្មីដែលផ្តល់ឲ្យទាក់ទងនឹងតំបន់នេសាទ”។
មន្ត្រីដដែលបាននិយាយថា កិច្ចព្រមព្រៀងនេះបានក្លាយជាការផ្តោតអារម្មណ៍នៃកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងទូលំទូលាយចុងក្រោយលើតំបន់ហ្គាហ្សានឹងតម្រូវឲ្យមានការធានានូវការប្រគល់មកវិញនូវសពទាហានអ៊ីស្រាអែលពីរនាក់ដែលស្លាប់ក្នុងសង្គ្រាមហាម៉ាស-អ៊ីស្រាអែលឆ្នាំ២០១៤។
អ៊ីស្រាអែល សហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាងលិចដទៃទៀតបានចាត់ទុកក្រុមហាម៉ាសថាជាអង្គការភេរវកម្ម។ អ៊ីស្រាអែលនិងក្រុមហាម៉ាសបានប្រយុទ្ធគ្នាបីដងចាប់តាំងពីឆ្នាំ ២០០៨ដែលលើកចុងក្រោយបំផុតគឺនៅក្នុងឆ្នាំ២០១៤៕ REUTERS
Source: Kampuchea Thmey Daily
0 Comments