ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដែលអះអាងដោយក្រុមតាលីបង់បានសម្លាប់ទាហានឆេកចំនួន៣នាក់ ខណៈពួកគេកំពុងល្បាតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ ដែលនេះជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតលើកងទ័ពរបស់អង្គណាតូក្នុងរយៈពេលជាច្រើនខែមកនេះ។
បេសកកម្ម Resolute Support របស់អង្គការណាតូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមាជិកសេវា Resolute Support ចំនួនបីនាក់ត្រូវបានសម្លាប់ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ក្នុងអំឡុងពេលល្បាតរួមគ្នាជាមួយកងកម្លាំងអាហ្វហ្គានីស្ថាននៅប្រទេសអាហ្វហ្គានីស្ថានភាគខាងកើត”។
នៅទីក្រុង ប្រាក យោធាបាននិយាយថា ទាហានដែលស្លាប់នោះគឺជាជនជាតិឆេក។
អង្គការណាតូបានបន្ថែមថា សមាជិកអាមេរិកម្នាក់នៃក្រុមល្បាតនេះនិងទាហានអាហ្វហ្គានីស្ថានពីរនាក់បានរងរបួស។
អ្នកនាំពាក្យអភិបាលខេត្តលោក Wahida Shahkar បាននិយាយថា ការវាយប្រហារដោយអ្នកបំផ្ទុះគ្រាប់បែកតែម្នាក់ឯងនេះបានកើតឡើងនៅម៉ោង៦ព្រឹកក្នុងទីក្រុង Charikar នៃខេត្ត Parwan ដែលមានចម្ងាយ៦០គីឡូម៉ែត្រភាគខាងជើងទីក្រុងកាប៊ុល។
ក្រុមតាលីបង់បានប្រកាសទទួលខុសត្រូវនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ពួកគេបានសម្លាប់ឬធ្វើឲ្យទាហានអាមេរិក៨នាក់រងរបួសនៅក្នុង “ការបំផ្ទុះជាយុទ្ធសាស្ត្រ” មួយ។
គិតមកត្រឹមពេលនេះទាហានឆេកចំនួន១៣នាក់ត្រូវបានសម្លាប់នៅប្រទេសអាហ្វហ្គានីស្ថាន។
កងកម្លាំងណាតូបានបញ្ចប់បេសកកម្មប្រយុទ្ធភាគច្រើនរបស់ខ្លួននៅប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០១៤ហើយបានដកចេញកងទ័ពរបស់ខ្លួនភាគច្រើន។ កងកម្លាំងចំនួន១៦,០០០នាក់គឺនៅតែនៅសេសសល់សម្រាប់ប្រតិបត្តិការហ្វឹកហាត់និងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
ការស្លាប់និងរបួសក្នុងចំណោមកងកម្លាំងអង្គការណាតូបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែភាគច្រើនត្រូវបានដកចេញពីការប្រយុទ្ធ។ ប៉ុន្តែក្រុមតាលីបង់និងក្រុមរដ្ឋឥស្លាម (IS) បានបង្កើនការវាយប្រហាររបស់ពួកគេប្រឆាំងនឹងគោលដៅរដ្ឋាភិបាលនិងជនស៊ីវិល៕ AFP
Source: Kampuchea Thmey Daily
0 Comments