Ad Code

ខុសឆ្គង​សម្តី​បន្តិចបន្តួច ដក​កាំភ្លើងខ្លី​បាញ់​ក្បាល ​សម្លាប់​តែម្តង



បាត់ដំបង​ ៖​ ករណី​ឃាតកម្ម​មួយ បានកើត​ឡើង​ដ៏​សែន​ឃោរឃៅ​ជាទីបំផុត ដោយ​ជន​សង្ស័យ​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​ចំក្បាល​យុវជន​រងគ្រោះ ដែលមាន​មុខរបរ​បើកបរ​រថយន្ត​ដឹក​ទឹកកក​លក់​តែប៉ុណ្ណោះ បណ្តាលអោយ​ស្លាប់​តែម្តង ​ក្រោយពី​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដែល​អំពើ​ឃាតកម្ម​នេះ​ហាក់បីដូច​ជាមាន​គំនុំ​តាំងពី​ពេលណា​មក។

តាម​ប្រភព​ដែល​យើង​ទទួលបាន​គឺ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវ​លេខ ១៥៧០ ត្រង់ចំណុច​វាល​អន្ទង់​ស ក្នុងភូមិ​ក្រពើ​ជើង ឃុំភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​បាន​បង្កឡើង​ដោយ​ជន​មិន​ស្គាល់មុខ​ និង​មាន​បក្ខពួក​ចំនួន​២​នាក់ ប្រើប្រាស់​រថយន្ត​ម៉ាក ហាយ​ឡិន​ឌ័​រ មិន​ស្គាល់​ស្លាក​លេខ។

តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​ដែល​គេច​ផុតពី​សេចក្តីស្លាប់​បាន​និយាយថា នៅមុន​ពេល​កើតហេតុ​ពួកគេ​មាន​គ្នា​៣​នាក់ បាន​បើកឡាន​ដឹក​ទឹកកក​វិលត្រឡប់​ទៅផ្ទះ​វិញ ដោយ​ចេញដំណើរ​ពី​បាត់ដំបង ឆ្ពោះទៅកាន់​អាងទឹក​កំពីងពួយ ស្ថិតក្នុង​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម​។​

​សាក្សី​ដដែល​បាន​បន្តថា ក្នុងការ​ធ្វើដំណើរ​នោះ​ហាក់បីដូច​ជាមាន​រថយន្ត​មួយគ្រឿង​បាន​បើក​តាម​ពីក្រោយ​រហូត​តាំងពី​ផ្លូវបំបែក​ភ្នំ​ក្រពើ ប៉ុន្តែ​ដោយសារតែ​ពួកគេ​មិនបាន​ចាប់អារម្មណ៍ ក៏​ចេះតែ​បន្តដំណើរ​ទៅមុខ​រហូត លុះ​ទៅដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ​ដែលជា​វាលស្រែ​មិនសូវ​មានផ្ទះ​ប្រជាពលរដ្ឋ ស្រាប់តែ​រថយន្ត​ម៉ាក ហាយ​ឡិន​ឌ័​រ នោះ​បាន​ឡើង​ជែង​ព្រមទាំង​បាន​ឈប់​ពាំង​នៅ​ពីមុខ​រថយន្ត​ដឹក​ទឹកកក​របស់​ពួកគេ​តែម្តង។​

​ភ្លាមៗ​នោះ ក្រុម​ជនល្មើស​គឺមាន​គ្នា​២​នាក់ បាន​ចុះ​ពី​រថយន្ត​ដើរមក​សួរថា « ពួក​អ្ហែង​បើកឡាន​ប៉ះពារ​ឡាន​អញ​ហើយ ម៉េច​មិន​ព្រម​ឈប់​និយាយ​គ្នា​សិន » នៅពេល​នោះដែរ​ពួកគេ​ទាំង​៣​នាក់ ហាក់បីដូចជា​ស្រឡាំងកាំង ក៏បាន​ឆ្លើយ​ទៅវិញ​ថា ពួក​ខ្ញុំ​មិនបាន​ដឹងអី​ផង ហើយ​ប៉ះ​នៅ​កន្លែង​ណា ? ភ្លាមៗ​នោះ ក្នុងចំណោម​ជនសង្ស័យ​ទាំង​២​នាក់ គឺមាន​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ បាញ់​សំដៅ​ទៅលើ​ក្បាល​ជនរងគ្រោះ​ម្នាក់ បណ្តាល​អោយចំ​ក្បាល​ផ្នែក​ខាងឆ្វេង​ហូរឈាម​ពេញ​ប្រាណ​តែម្តង ដោយឡែក​ជនសង្ស័យ ក៏បាន​នាំគ្នា​បើកឡាន​ត្រឡប់​ក្បាល​មក​ក្រុង​បាត់ដំបង​វិញ យ៉ាង​ស្ងៀមស្ងាត់។​

ជនរងគ្រោះ​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ឆៅៗ​នោះ​មានឈ្មោះ ពេជ្រ ភិ​សាល ហៅ​ពី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ បណ្តាលអោយ​ស្លាប់​ពេល​បញ្ជូន​ទៅដល់់​មន្ទីរពេទ្យ​បង្អែក ខេត្តបាត់ដំបង រីឯ​ជនរងគ្រោះ​២​នាក់​ទៀត មានឈ្មោះ ហេង ចិ​ត្រា ហៅ​ឡិច ភេទ ប្រុស អាយុ ២០​ឆ្នាំ និង​ឈ្មោះ ប៊ូ ចាន់ធី ហៅ​ប៉ោង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​ទាំង​៣ រស់នៅ​ភូមិ តា​ង៉ែ​ន​ឃុំ​តា​គ្រាម ស្រុក​បាណន់ ដូចគ្នា។​

ជា​លទ្ធផល​ក្រោយ​ការត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ គឺមាន​បន្សល់​នូវ សំបក​កា​ទុ​ស្ស​ ដែល​បាញ់​រួច ចំនួន​១​គ្រាប់ និង​គ្រាប់​ដែល​មិនទាន់​បាញ់ ចំនួន​២​គ្រាប់ ដែល​ការ​បាញ់​នេះ ខ្មាន់កាំភ្លើង​បាន​ប្រើប្រាស់​កាំភ្លើង​ខ្លីម៉ាក ( ប៉េអា​ម៉ាប់ ) ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​ទាំង​២​អង្គភាព កំពុង​ដុតដៃ ដុតជើង ក្នុងការ​ស្រាវជ្រាវ​ដើម្បី​វែកមុខ​ឃាតករ ដែល​បាន​បាញ់សម្លាប់​មនុស្ស​យ៉ាង​ឃោរឃៅ​បែបនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu