ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនបានរៀបចំសមយុទ្ធសង្គ្រាមនៅឈូងសមុទ្រកាលពីប៉ុន្មានថ្ងៃមុន ដោយនិយាយថា ពួកគេមានបំណង “ប្រឈមមុខនឹងការគំរាមកំហែងដែលអាចកើតមាន” ពីសំណាក់សត្រូវ។
ក្រុមមន្ត្រីអាមេរិកបានប្រាប់រ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍មុនថា សហរដ្ឋអាមេរិកជឿថា អ៊ីរ៉ង់បានចាប់ផ្តើមធ្វើលំហាត់សមយុទ្ធជើងទឹកនៅក្នុងឈូងសមុទ្រដែលទំនងជាផ្លាស់ប្តូរពេលវេលានៃសមយុទ្ធប្រចាំឆ្នាំចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយទីក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យឆ្មាំបដិវត្តន៍លោក Ramezan Sharif បាននិយាយថា “សមយុទ្ធនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីត្រួតពិនិត្យនិងការពារសុវត្ថិភាពផ្លូវទឹកអន្តរជាតិនិងស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីសមយុទ្ធយោធាប្រចាំឆ្នាំរបស់ឆ្មាំបដិវត្តន៍”។
បញ្ជាការកណ្តាលរបស់យោធាអាមេរិកកាលពីថ្ងៃពុធបានបញ្ជាក់ថា ខ្លួនបានមើលឃើញសកម្មភាពរបស់កងទ័ពជើងទឹកអ៊ីរ៉ង់កំពុងកើនឡើង។ សកម្មភាពនេះបានពង្រីកទៅដល់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងដែលឆ្មាំបដិវត្តន៍គំរាមបិទ។
មេបញ្ជាការឆ្មាំលោក Mohammad Ali Jafari បានសម្តែងការពេញចិត្តចំពោះការអនុវត្តប្រកបដោយជោគជ័យនៃសមយុទ្ធកងទ័ពជើងទឹករបស់ឆ្មាំដោយលោកបានសង្កត់ធ្ងន់លើតម្រូវការនៃការថែរក្សានិងបង្កើនការត្រៀមខ្លួនការពារជាតិនិងសន្តិសុខនៃឈូងសមុទ្រនិងច្រកសមុទ្រ Hormuz ហើយដើម្បីប្រឈមមុខនឹងការគំរាមកំហែងនិងសកម្មភាពផ្សងព្រេងរបស់សត្រូវ។
មន្ត្រីអាមេរិកមួយរូបដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបានលើកឡើងថា នាវាជាង១០០គ្រឿងបានចូលរួមនៅក្នុងសមយុទ្ធនេះរួមទាំងទូកតូចៗផងដែរ។
មន្ត្រីអាមេរិកបាននិយាយថា ការធ្វើសមយុទ្ធនេះបានបង្ហាញថាត្រូវបានធ្វើឡើងដើម្បីផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោនដែលកំពុងបង្កើនសម្ពាធសេដ្ឋកិច្ចនិងការទូតរបស់ខ្លួនលើទីក្រុងតេ រ៉ង់។
អ៊ីរ៉ង់មានការខឹងសម្បាយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្ដរជាតិមួយស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
និងការដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេរ៉ង់។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានព្រមានថា ប្រទេសនេះនឹងមិនងាយបន្ទន់ខ្លួនទៅតាមយុទ្ធនាការថ្មីរបស់សហរដ្ឋអាមេរិកដើម្បីរារាំងការនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់នោះទេ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments