អ្នកប្រដាល់ជើងខ្លាំងនិងជាម្ចាស់មេដាយស៊ីហ្គេមឆ្នាំ២០១៧របស់កម្ពុជា គឺពេជ្រ ម្ទេសខ្មាំង ក្លិបអារុណរះកីឡា បានផ្តួលអ្នកប្រដាល់ថៃ Moeung Phich អោយបោះបង់ចោលការប្រកួតក្នុងទឹកទី៣ ក្នុងការជួបប្រកួតគ្នាក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិ នៅលើសង្វៀនSEATV នារសៀលថ្ងៃទី២៥សីហា។
ពេជ្រ ម្ទេសខ្មាំង ត្រូវផ្គូផ្គងអោយជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃឈ្មោះ Moeung Phich ដោយប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះ មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេកន្លងមក ។
ពេជ្រ ម្ទេសខ្មាំង បានវាយMoeung Phich ដួលក្នុងដើមទឹកទី៣ ធ្វើឲ្យអាជ្ញាកណ្តាលរាប់៨ម្តង ហើយបន្ទាប់មក អ្នកប្រដាល់ថៃរូបនេះ ក៏ត្រូវពេជ្រ ម្ទេសខ្មាំងទាត់អោយខូចជើងដួលក្រោកលែងរួចតែម្តង។
ចំណែក ថុល មករា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ បានប្រកួតចាញ់អ្នកប្រដាល់ថៃ Phat Ka ក្នុងទឹកទី៤ ក្នុងការប្រកួតគ្នាទម្ងន់៦៥គីឡូក្រាម ។ ថុល មករា សន្លប់ដោយត្រូវកែងរបស់ Phat Ka វាយចំសៀតផ្កា ក្នុងពេលដែលមករាគេព្យាយាមវាយប្តូរកែងនោះ៕
ឯម ឡេងលី ឈ្នះ ភិច អារុណទឹក៥ ឯវ៉ែន សុវណ្ណឈ្នះសាប៊ើ អ៊ីរ៉ង់ដោយពិន្ទុ
អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប គឺឯម ឡេងលី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ និង ជើងចាស់វ៉ែន សុវណ្ណ ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង បានវាយឈ្នះដៃគូប្រកួតថៃនិងអ៊ីរ៉ង់ដូចគ្នា ក្នុងការជួបប្រកួតគ្នាលើសង្វៀនGanzberg Top Fighter នាយប់ថ្ងៃសៅរិ៍ទី ២៥ សីហា ២០១៨។
អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ឯម ឡេងលី ក្លិបថ្មគោលពោធិសែនជ័យ បានយកឈ្នះអ្នកប្រដាល់ថៃ ភិច អារុណ( Pheach Arun ) ក្នុងទឹកទី៥ ។ ភិច អារុណត្រូវពេទ្យប្រចាំសង្វៀនបញ្ឈប់លែងឲ្យប្រកួត បន្ទាប់ពីគេមានរបួសបែកឈាមលើភ្នែកធ្ងន់ធ្ងរពេក ដោយសារឯម ឡេងលីវាយកែងត្រូវជាច្រើនកែងនោះ ។ពួកគេទាំងពីរ ប្រកួតគ្នាក្នុងទម្ងន់៧១គីឡូក្រាម ។
ចំពោះ វ៉ែន សុវណ្ណ គេប្រកួតឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ សាប៊ើ ហ្វេត (Saber Fath ) ត្រឹមតែពិន្ទុប៉ុណ្ណោះ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ ។ វ៉ែន សុវណ្ណ និង សាប៊ើ ហ្វេត ប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០គីឡូក្រាម ៕
ចំពោះព្រឹត្តិការណ៍ប្រកួតប្រដាល់ជម្រុះដណ្តើមប្រាក់១០លានរៀលរបស់ក្រុមហ៊ុនស្រាបៀរ Ganzberg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ដែលជាការប្រកួតជម្រុះសប្តាហ៍ទី៤ ជុំទី២វិញនោះ មាស សុជាតិ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា បានផ្តួលប៊ីចាន់ណា អ្នកប្រដាល់ក្លិបមហិទ្ធរិទ្ធតាដំបងដែកក្នុងទឹកទី៣ ។
ប៊ី ចាន់ណា បោះបង់ការប្រកួត បន្ទាប់ពីត្រូវមាស សុជាតិ ទាត់អោយខូចជើងខាងឆ្វេង ដួលមិនអាចក្រោកបន្តការប្រកួតបានទៀតនោះ ។ ជាមួយលទ្ធផលនេះ បាននាំអោយមាស សុជាតិ ឈ្នះ២ប្រកួត ទទួលបាន៦ពិន្ទុ ក្នុង២ប្រកួត ឯ ប៊ី ចាន់ណា បាន៤ពិន្ទុ ក្នុងពីរប្រកួតដូចគ្នា ឈ្នះ១ចាញ់ ១ប្រកួត ។
មួយគូទៀត ហ៊ឹមសារ៉ាន់ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវបាន ធឿន ធី អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប វាយអោយសន្លប់ក្នុងទឹកទី២ ។សារ៉ាន់ សន្លប់ដោយសារត្រូវនឹងជង្គង់របស់ធឿន ធី អុកចូលចំចុងដង្ហើម ដែលធ្វើឲ្យសារ៉ាន់ ដួលសន្លប់លែងតដៃកើត ។
សារ៉ាន់ ចាញ់ពីរប្រកួតហើយ ក្នុងការប្រកួត២ប្រកួតនោះ បាន២ពិន្ទុ ហើយធឿន ធី គេបាន៤ពិន្ទុ ក្នុងពីរប្រកួតដូចគ្នាដោយឈ្នះ១ចាញ់១ប្រកួត៕
Source: Kampuchea Thmey Daily
0 Comments