អ្នកប្រដាល់ជើងខ្លាំងនិងជាម្ចាស់មេដាយស៊ីហ្គេមឆ្នាំ២០១៧របស់កម្ពុជា គឺពេជ្រ ម្ទេសខ្មាំង ក្លិបអារុណរះកីឡា និង ថុល មករា ជើងខ្លាំងនៃក្លិបឃ្លាំងមឿងកីឡា ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិ នៅលើសង្វៀនSEATV នារសៀលថ្ងៃសៅរ៍ទី២៥ ខែសីហា ឆ្នាំ២០១៨នេះ។
ថុល មករា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Phat Ka ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥ គីឡូក្រាម ។
Phat Ka នេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក ។ អ្នកប្រដាល់ថៃរូបនេះ មានថ្វីដៃល្អនិងវាយខ្លាំង ដោយសារគេជាជើងខ្លាំងនៅស្រុកថៃ ។ Phat Ka នេះ មានសមត្ថភាពបច្ចេកទេសប្រដាល់កម្រិតខ្ពស់ ដែលថុល មករា មិនអាចមើលស្រាលបានឡើយ ។ Phat Ka គេមានកំនត់ត្រាប្រកួតចំនួនតែ៩២លើកក្នុងនោះឈ្នះ៧៦លើក ចាញ់១៤លើក និងស្មើ០២លើក ។
តាមអ្នកផ្គូផ្គងអោយដឹងនោះថា កាលដែលនាំយក Phat Ka អោយមកប្រកួតលើកនេះ គឺដើម្បីផ្តល់ឱកាសអោយថុល មករា ស្តារមុខមាត់ តាមរយះការយកឈ្នះអ្នកប្រដាល់ថៃរូបនេះ ។ មករា ប្រកួតចុងក្រោយជាមួយថៃ គឺគេបានវាយឈ្នះអ្នកប្រដាល់ថៃORONO ក្នុងទឹកទី៣ ។
ថុល មករា ជាលើកទី១៨សម្រាប់គេហើយ ដែលត្រូវបានគេផ្គូផ្គងអោយប្រកួតជាមួយអ្នកប្រដាល់ថៃ ។ អ្នកប្រដាល់របស់កម្ពុជាយើងរូបនេះ គេវាយខ្លាំងនិងល្អ ពិសេសស្នៀតទាត់ និង កលល្បិចរបស់គេនោះ ។ ថុល មករា គេមានផ្លែល្អ ចិត្តប្រដាល់ធំ ហើយទិចនិចប្រកួត ក៏សំបូរបែបដែរ ។ មានអ្នកប្រដាល់ជើងខ្លាំងក្នុងស្រុកមិនតិចទេ ដែលត្រូវមករាផ្តួលអោយចុះចាញ់ និងសន្លប់លើរេញនោះ។ ដូច្នេះ ចាំមើល ថុល មករា ជួបអ្នកប្រដាល់ថៃ Phat Ka លើកនេះ តើគេអាចយកឈ្នះបានដែរឬអត់ ? ។
ចំពោះ ពេជ្រ ម្ទេសខ្មាំង ត្រូវផ្គូផ្គងអោយជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃឈ្មោះ Moeung Phich ដោយប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះ មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេកន្លងមក ។
រវាងពេជ្រ ម្ទេសខ្មាំងនិង Moeung Phich នេះ មិនដឹងថាម្ទេសខ្មាំងឈ្នះឬ Moeung Phich ឈ្នះនោះទេ ? ព្រោះ អ្នកប្រដាល់ថៃរូបនេះ គេមានស្នៀតប្រដាល់ល្អ ពិសេសស្នៀតទាត់របស់គេ ហើយគេរឹងមាំវាយមិនចេះហត់ថែមទៀត ។ នេះបើតាមការឲ្យដឹងពីអ្នកផ្គូផ្គងប្រចាំសង្វៀនអាស៊ីអាគ្នេយ៍។
ទោះជាយ៉ាងណាមិនអាចនិយាយមុនថា អ្នកណាឈ្នះអ្នកណាចាញ់រវាងពេជ្រម្ទេសខ្មាំងនិង Moeung Phich នេះ ។ ពេជ្រ ម្ទេសខ្មាំង គេក៏ខ្លាំងដែរ គេធ្លាប់ជួបច្រើននាក់ហើយកន្លងមក ដោយវាយឈ្នះច្រើនជាងចាញ់ ។ ពេជ្រ ម្ទេសខ្មាំង ប្រកួតជាមួយថៃលើកចុងក្រោយនេះ គេបានវាយផ្តួលKhun Siklik ក្នុងទឹកទី២ប៉ុណ្នោះ ។
យ៉ាងណា សំរាប់ការជួបជាមួយម្ទេសខ្មាំង ជើងខ្លាំងរបស់កម្ពុជាម្នាក់នេះ Moeung Phich មិនជាស្រួលខ្លួនប៉ុន្មានទេ ព្រោះម្ទេសខ្មាំងគេវាយខ្លាំងនិងមានបច្ចេកទេសក្នុងការប្រកួតល្អ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន។ ចាំមើល ពេជ្រ ម្ទេសខ្មាំងអាចយកឈ្នះ Moeung Phich បានដែរឬអត់? ។
ពេជ្រ ម្ទេសខ្មាំង មានកំនត់ត្រាប្រកួតចំនួន៩២លើក ក្នុងនោះវាយឈ្នះ៨៦លើក ចាញ់០៥លើក និងស្មើ ០១លើក ។ ចំណែក Moeung Phich គេមានកំនត់ត្រាប្រកួតប្រមាណ ៨៤លើក ឈ្នះ៦៨លើក ចាញ់១៤លើក និងស្មើ០២លើក៕
Source: Kampuchea Thmey Daily
0 Comments