Ad Code

យុវជន​២​ក្រុម​វាយតប់​គ្នា​ក្នុង​ហាង អឹម ដឺ បេស​ហ្វូ​ត (PUB)​អ្នក​ចាញ់​បែកក្បាល​អ្នកឈ្នះ​ដាក់​មេ​ប្រូច​បាត់



​កណ្តាល ​៖ ​ភ្ញៀវ​រត់​ជាន់ជើងគ្នា​ ឯ​ពលរដ្ឋ​រស់នៅ​ជិតៗ​នោះ ​រំខាន​ដំណេក​អស់ ​ដោយសារតែ​សំឡេង​គប់​ដប​គប់​កែវ​ដាក់គ្នា​ពី​សំណាក់​យុវជន​២​ក្រុម​មក​ផឹក​ស៊ី​នៅ​ហាង​អឹម ដឺ បេស​ហ្វូ​ត​ ព្រោះតែ​រឿង​មើលមុខ​គ្នា​។​ អំពើហិង្សា​ទៅវិញទៅមក​នេះ​មាន​អ្នកចាញ់​បែកក្បាល​ហូរឈាម​ជោក​ខ្លួន​ឯ​អ្នកឈ្នះ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។



ហេតុការណ៍​ហិង្សា​បង្ក​ការ ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង ហាង អឹម ដឺ បេស​ហ្វូ​ត (PUB) ស្ថិត​នៅក្រោយ​វិទ្យាល័យ​សេរីភាព ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។



​បើតាម​សាក្សី​ឲ្យ​ដឹង​ថា ​ភាគី​អ្នកចាញ់​មាន​ម្នាក់​របួសធ្ងន់​ឈ្មោះ​ហ៊ឹម វិ​ថៃ ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូរ​កើត ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​ ចំណែក​អ្នកឈ្នះ​(​ក្រុម​បង្ក​)​មាន​គ្នាច្រើន​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់។



សាក្សី​បាន​រៀបរាប់ ឲ្យ​ដឹង​ទៀត​ថា នៅ​មុនពេល​កើតហេតុ មាន​យុវជន​ពី​ក្រុម ដោយ​ក្រុម​ជនរងគ្រោះ​មាន​គ្នា​បី​នាក់ និង​ក្រុម​ជនបង្ក​មាន​គ្នា​ច្រើន​បាន​ធ្វើ​ដំណើរ​មក​ចូល​ផឹក​ស៊ី​នៅ​ហាង​ខាងលើ។ ​លុះ​មួយសន្ទុះ​ក្រោយមក​ក្រុម​ទាំងពីរ​បាន​មើល​មុខ​គ្នា និយាយ​ឌឺដង ទាក់​មាត់​គ្នា ស្រាប់តែ​ក្រុម​ទាំងពីរ​បាន​បើកឆាក​ប្រយុទ្ធ​គ្នា ដោយ​យក​កែវ​និង​ដប​ស្រា ទាញ​គប់​គ្នា ហើយ​បាន​វាយ​គ្នា​ទៅវិញទៅមក ដោយ​ក្រុម​ជនបង្ក​បាន​ព្រួត​គ្នា វាយ​និង​គប់​កែវ​ទៅលើ​ក្រុម​ជនរងគ្រោះ បណ្តាល​ឲ្យ​បុរស​ម្នាក់​បែកក្បាល រយះ​ជាច្រើន​កន្លែង ហូរឈាម​ស្រោច​ពេញ​ខ្លួន បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។

បន្ទាប់មក​ក្រុម​ជនបង្ក​បាន​ឡើងលើ​ម៉ូតូ​នាំគ្នា​ជិះ​រត់​គេច​ខ្លួន​បាត់​បន្សល់​នៅតែ​ភាគី​អ្នកចាញ់​របួស​ម្នាក់​ឈាម​ហូរ​ជោក​ខ្លួន ​ទុក​ឲ្យ​សម​ត្ថ​កិច្ច​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​។



សូមបញ្ជាក់​ថា ​ទីតាំង​ហាង​ផឹក​ស៊ីយីហោ​ អឹម ដឺ​បេស​ហ្វូ​ត​ នេះ​កើតមាន​អំពើហិង្សា​វាយតប់​ជា​ញឹកញាប់​បង្ក​ការភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់​ដូច នៅ​ថ្ងៃទី​២៥ កក្ក​ដា ២០១៨ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ នៅក្នុង​ហាង អឹម ដឺ​បេស ហ្វូ​ត​ក្រុមក្មេងស្ទាវ​ពី​ក្រុម​បាន​ផឹក​ស៊ី​នៅក្នុង​ហាង បាន​បង្ក​ជម្លោះ​វាយតប់​គ្នា​ទៅវិញទៅមក បង្ក​ការ​ភ្ញាក់ផ្អើល​ដ​ល់​សមត្ថកិច្ច​ក្រុង​តាខ្មៅ ចុះទៅ​ជួយ​អន្តរាគមន៍។

ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ ទីតាំង​ហាង អឹម ដឺ បេស​ហ្វូ​ត (PUB) នេះ​បាន​និយាយ​ថា ​ហាងនេះ​បង្ក​ហិង្សា​វាយ​គ្នា​ស្ទើរ​ជា​រៀងរាល់​យប់​តែម្តង ពេលដែល​ចាប់ផ្តើម​បើកហាង​នោះ ហើយ​បើ​និយាយ​ពី​សម្លេង​បាស់​វិញ​គឺ​ក្រុម​ម្ចាស់​ហាង​ទាំងនោះ​បើក​សម្លេង​ឮៗ​រកតែ​ពួកគាត់​ដេក​ពុំ​បានទេ។ ពួកគាត់​បាន​សំណូមពរ​ទៅដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ជួយ​មាន​វិធានការ​កុំ​ឲ្យ​មានការ​វាយតប់​គ្នា និង​សុំ​ឲ្យ​ម្ចាស់​ហាង​អស់ទាំង​នោះ​ បើក​សម្លេង​តិចៗ​ផង ពីព្រោះ​បើក​តាំងពី​ម៉ោង​១៩​យប់​ទៅដល់​ម៉ោង​២​ទៀបភ្លឺ​ក៏មានដែរ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu