ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សា២០១៨និង២០១៩នេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់/អនុបណ្ឌិត បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ សញ្ញាបត្រជាន់ខ្ព ស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈចំនួន ១៣៧៨៧ កន្លែងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈចំនួន៦៤នៅទូទាំងប្រទេសលើមុខជំនាញដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងអនាគត។
យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា មុខជំនាញដែលសិស្សានុសិស្សទទួលបានអាហារូបករណ៍ដោយឥតគិតថ្លៃនោះរួមមានជំនាញជួសជុលរយន្ត អគ្គិសនី សំណង់ស៊ីវិល អេឡេចត្រូនិច ជួសជុលម៉ាស៊ីនត្រជាក់ វិស្វកម្មរថយន្ត ជាងកំបោរនិងជំនាញទូទៅដទៃទៀត។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំដល់សិស្សានុសិស្សទាំងអស់ពិសេសទាំងសិស្សប្រឡងជាប់ និង ធ្លាក់បាក់ឌុបនៅឆ្នាំនេះអាចទៅចុះឈ្មោះចូលរួមប្រឡងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅទូទាំងប្រទេសដើម្បីទទួលបានអាហារូបករណ៍សិក្សាលើជំនាញបច្ចេកទេស ផ្សេងៗដើម្បីមានជំនាញច្បាស់លាស់ងាយស្រួលរកប្រាក់ចំណូលចិញ្ចឹមជីវិត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យសិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាលនិងសាធារណជនធ្វើការទំនាក់ទំនងចុះឈ្មោះសិក្សាដោយផ្ទាល់តាម គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈរាជធានី ខេត្តទៅតាមការជ្រើសរើសគឺចំពោះសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈគឺតម្រូវឲ្យបេក្ខជនរៀនចប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិថ្នាក់ទី៩។
សញ្ញាបត្រជាប់ខ្ពស់រួមមានបរិញ្ញាបត្ររង បច្ចេកទេស/ឯកទេសបេក្ខជនដែលបានប្រឡងជាប់ឬធ្លាក់បាក់ឌុបឬមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈឬសញ្ញាបត្រដែលមានតម្លៃសមមូល។
រីឯសញ្ញាបត្របច្ចេកវិទ្យាឯកទេសឬសញ្ញាបត្រវិស្វករនិងបរិញ្ញាបត្របេក្ខជនត្រូវមានសញ្ញាបត្របាក់ឌុបមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈឬសញ្ញាបត្រដែលមានតម្លៃសមមូលនិងបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យាឯកទេសអនុបណ្ឌិតបេក្ខជនត្រូវមានសញ្ញាបត្របច្ចេកវិទ្យាឯកទេសឬសញ្ញាបត្រវិស្វករនិងបរិញ្ញាបត្រ។
លោក ឌីខាំ បូលី អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានណែនាំឲ្យសិស្សដែលប្រឡងធ្លាក់បាក់ឌុបនៅឆ្នាំ២០១៨នេះកុំបាក់ទឹកចិត្តឬអស់សង្ឃឹមត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីចូលរួមប្រឡងនៅឆ្នាំក្រោយបន្តទៀត។
ជាមួយគ្នានេះដែរ លោកបានបន្តថា ចំពោះសិស្សណាដែលមានបំណងចង់សិក្សានូវមុខជំនាញបច្ចេកទេសវិជ្ជាជីវៈក៏អាចសិក្សាទៅតាមឧបនិស្ស័យរបស់ខ្លួនផងដែរនៅតាមសាលាបណ្តុះបណ្តាលនានានៅទូទាំងប្រទេស។
លោកបានបន្ថែមថា «កុំគិតថា ការរៀនមុខជំនាញវិជ្ជាជីវៈបច្ចេកទេសមិនល្អដូចរៀនតាមមហាវិទ្យាល័យទូទៅព្រោះថាបច្ចុប្បន្ននេះសង្គមត្រូវការអ្នកជំនាញបច្ចេកទេសច្រើនតែយ៉ាងណាក៏ដោយប្អូនៗត្រូវសិក្សាជំនាញឲ្យចេះពិតប្រាកដនិងច្បាស់លាស់ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់អនាគតខ្លួនឯងផងនិងចូលរួមកសាងអភិវឌ្ឍន៍សង្គមជាតិផង»៕
Source: Kampuchea Thmey Daily
0 Comments