Ad Code

សំណុំរឿង​ចាក់សោ​បង្ខាំង​នៅ​ស្រុក​សូទ្រនិគម ក្មេង ស្រី​រងគ្រោះ​សម្រេច​ប្តឹង​បន្តទៅ​ឧទ្ធរណ៍



​សៀមរាប ​៖ ​ស្ត្រី​រងគ្រោះ​ក្នុង​អំពើ​ចាក់សោ​បង្ខាំង ពី​សំណាក់​ភរិយា​របស់​លោក​អធិការ​នគរបាល​ស្រុក​សូទ្រនិគម   សម្រេច​ប្តឹង​បន្ត​ទៅ​សាលា​ឧ​ទ្ធ​រណ៍ ក្រោយ​តុលាការ​សៀមរាប តម្កល់​រឿង​អត់​ចាត់ការ​។

បណ្តឹង​ឧ​ទ្ធ​រណ៍​របស់​ឈ្មោះ​ម៉ៅ ណែ​ត ចុះ​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​បញ្ជាក់ថា សុំ​ប្តឹង​ឧទ្ធរណ៍ នឹង​ដីកា​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លេខ​១១៨៩​ចុះ​ថ្ងៃទី​១៣ ​ខែកញ្ញា ឆ្នាំ​២០១៨​។



សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣៩០ ចុះ​ថ្ងៃទី​៣០-០៣-២០១៨​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។​សំណុំរឿង​ព្រហ្ម ទណ្ឌ​លេខ​៤៧១ ចុះ​ថ្ងៃទី​២៧-០៤-២០១៨ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។

ខ្លឹមសារ​បណ្តឹង​បញ្ជាក់​ថា នាង​ខ្ញុំ​យល់​ឃើញ​ថា ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​ឈ្មោះ​ផល មាលា​ផល ភេទ​ស្រី​និង​ឈ្មោះ​ណុប សារ៉ាក់ ភេទ​ប្រុស​។ ទីលំនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​ពី​បទ​រំលោភ​លើ​កម្មសិទ្ធិឯកជន ប្រព្រឹត្ត​នៅ​ភូមិ​បុស្ស ឃុំ​ដំ​ដែក​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៥ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៨​។ ផ្ទុយទៅវិញ​បែរ​ជា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត សៀមរាប​សម្រេច​តម្កល់​រឿង​នេះ ទុក​ឥត​ចាត់ ការ​ទៅវិញ​។

សូម​បញ្ជាក់​ថា សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ម៉ៅ ណែ​ត បាន​ប្តឹង​លោក​ណុប សារ៉ាក់ ជា​អធិការ​នគរបាល​ស្រុក​សូទ្រនិគម និង​ប្រពន្ធ​ឈ្មោះ​ផល មាលា​ផល ទៅ​តុលាការ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៨ ខែមីនា ​ឆ្នាំ​២០១៨​។ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​កម្មសិទ្ធិ​ឯកជន​(​ចាក់សោ​ផ្ទះ​បង្ខាំង​) ព្រមទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​២០​លាន​រៀល​និង​ឲ្យ​តុលាការ​ផ្តន្ទាទោស​ផង​ដែរ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៨ លោក​ថេ​ង សំណាង តំណាង​អយ្យការ​អម​សាលា​ដំបូ​ង​ខេត្ត សៀមរាប បាន​ជូនដំណឹង សម្រេច​តម្កល់​សំណុំរឿង​ឥត​ចាត់ការ​។



ម៉ៅ ណែ​ត បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៥ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៨ ឈ្មោះ​ផល មាលា​ផល បាន​នាំ​បក្ខពួក ទៅ​ចាក់សោ​ផ្ទះ​របស់​នាង មិន​ឲ្យ​រូប​នាង​ចូល​រស់នៅ ថែមទាំង​គំរាម​ចាប់​ដាក់គុក​ទៀត​ផង ដោយសារ​រឿង​លុយ​២​លាន​រៀល​។ ពេលនេះ​នាង​សង្ឃឹម និង​ជឿជាក់​ថា សាលា​ឧទ្ធរណ៍ និង​បើក​ការស៊ើបអង្កេត​ហើយ​ផ្តល់​យុត្តិធម៌​ដល់​រូបនាង ជាក់​ជាមិនខាន។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ លោក​ណុប សារ៉ាក់ ជា​អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧​នេះ​ថា លោក​បានដឹង​ពី​រឿង​នេះ​ហើយ គឺ​តុលាការ​ខេត្តសៀមរាប តម្កល់​រឿង​អត់​ចាត់ការ ព្រោះ​សំណុំ​រឿង​នេះ​តុលាការ​រក​ភស្តុតាង មិនឃើញ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ករណី​ជម្លោះ​រវាង​ប្រពន្ធ​លោក​អធិការ​នគរបាល​សូទ្រនិគម​និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ នៅ​មិនទាន់​រក​ដំណោះស្រាយ​បាន​នៅឡើយ ខណៈ​ម្នាក់ៗ​ចង់​ប​បង្ហាញ​សាច់ដុំ​រៀងៗ​ខ្លួន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu