Ad Code

កម្ពុ​ជាថ្មី​,CNCC​និង BTV News បន្ត​ចាប់ដៃគ្នា​ផ្សាយ​ផ្ទាល់​ទាំង​៦​ប្រកួត​ប្រចាំ​សប្ដាហ៍​ទី​២២​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងធ្វើ​ដំណើរ​ដល់​សប្ដាហ៍​២២​របស់ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ​ដែលមាន​ការប្រកួត​សរុប​ចំនួន​៦​គូ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​ទាំងអស់ គឺ​កើតចេញពី​ការ​ចាប់ដៃគ្នា​រវាង​ទូរទស្សន៍ BTV New, គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ (CNCC) និង​សារព័ត៌មាន​កម្ពុជា​។

​កម្មវិធី​ប្រកួត​សរុប​ប្រចាំ​សប្ដាហ៍​ទី​២២​នេះ​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​ណាហ្គា​វើ​ល ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ខណៈ​ក្រុម​អគ្គីសនី​កម្ពុជា ជួប​ក្រុម​ក្រសួងការពារជាតិ នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន មាន​ផ្សាយ​ផ្ទាល់​តាម​យូ​ធូប​របស់ CNCC​។



​ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ វិញ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ​ក្រុម​វិសាខា នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ខណៈ​ក្រុម​បឹងកេត​ជួប​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៦​ល្ងាច​ដូចគ្នា​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ផ្សាយ​ផ្ទាល់​តាម CNCC និង​ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៣និង៣០​នាទី​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​កម្ពុ​ជាថ្មី​។

​សម្រាប់​តារាង​ចំណាត់ថ្នាក់​ឃើញ​បណ្តោះអាសន្ន​ប្រចាំ​សប្ដាហ៍​ទី​២១​នេះ​ឃើញថា ​ក្រុម​ណាហ្គា​វើ​ល ឡើងឈរ​កំពូល​តារាង មាន​៥៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ បឹងកេត​អែ​ហ្វ​ស៊ី មាន​៤៩​ពិន្ទុ ហើយ​ក្រុម​វិសាខា ឈរ​លេខ​៣ មាន​៤៥​ពិន្ទុ​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣៩​ពិ​ន្ទ ខណៈ​ក្រុម​លេខ​៥ ភ្នំពេញ​ក្រោ​ន មាន​៣៣​ពិន្ទុ ក្រុម​លេខ​៦ ព្រះខ័ន​រាជ​ស្វាយរៀង មាន​៣០​ពិន្ទុ ក្រុម​លេខ​៧​អង្គ​រថា​យ​ហ្គឺ​រ មាន​២៧​ពិន្ទុ ក្រុម​លេខ​៨ អាស៊ី​អឺរ៉ុប មាន​២៧​ពិន្ទុ​ដែរ ក្រុម​លេខ​៩​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​២៤​ពិន្ទុ​ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​១៩​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១​មាន​៩​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មាន​១​ពិន្ទុ​។



​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅសល់​១​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​របស់ខ្លួន​ហើយ ខណៈ​ក្រុម​ណាហ្គា​វើ​ល ជា​ម្ចាស់​ជើងឯក ក្រោយ​មាន​ពិន្ទុ​ច្រើនជាង​ក្រុម​លេខ​២​បឹងកេត រហូតដល់​ទៅ​៤​ពិន្ទុ​។

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើង​មាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu