Ad Code

រដ្ឋមន្ត្រី​សុខាភិបាល ​ចូលរួម​សម្ពោធ​អគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម និង​មន្ទីរពិសោធន៍​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក



ភ្នំពេញ​ ៖​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​មជ្ឈមណ្ឌល​ផ្តល់​ឈាម និង​មន្ទីរពិសោធន៍ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ជា​ជំនួយ​របស់​បញ្ជាការដ្ឋាន​កងទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក។

ពិធី​នោះ​មានការ​ចូលរួម​ពី​សំណាក់​លោក Michael Newbill អនុប្រធាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា និង​លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ បុគ្គលិក​មន្ត្រីរាជការ​ជាច្រើន​ទៀត​។

តាម​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួងសុខាភិបាល លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក​កាន់តែ​ខិត​ជិត​ទៅ​កៀក​នឹង​ប្រជាជន​ប៉ុណ្ណោះ​ទេ ថែមទាំង​កំពុងតែ​ជំ​រុញឱ្យ​បុគ្គលិក​សុខាភិបាល​មាន​ជំនាញ​គ្រប់ផ្នែក​ទៀតផង​។

លោក​រដ្ឋមន្ត្រី បាន​សម្តែង​សេចក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា អំណោយ​ដ៏​ថ្លៃថ្លា​ប្រកបដោយ​មនុស្សធម៌ ជា​អគារ​មណ្ឌល​ផ្តល់​ឈាម និង​មន្ទីរពិសោធន៍​នេះ ពិតជា​អាចជួយ​សំរាល​ការ​លំបាក​មួយ​កម្រិត​ថែមទៀត​ដល់​ប្រជាជន​យើង នៅ​តំបន់​នេះ ជាពិសេស​ការស្វែងរក​សេវា​ផ្តល់​ឈាម​កាន់តែ​ទូលំទូលាយ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងសុខាភិបាល​។



លោក​រដ្ឋមន្ត្រី បាន​សម្តែង​អំណរគុណ​ដល់​បញ្ជាការ​ដ្ឋាន​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ដែល​បាន​ចំណាយ​ថវិកា​ដ៏​ច្រើន ក្នុង​ការ​កសាង​អគារ​មណ្ឌល​ផ្តល់​ឈាម និង​មន្ទីរពិសោធន៍​នេះ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​ប្រជាជន​ក្នុង​ខេត្តតាកែវ។

ជា​មួយ​គ្នា​នេះ​ដែរ ​លោករ​ដ្ឋ​មន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់ លោក​អភិបាលខេត្ត ព្រមទាំង​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់​ក្នុង​ខេត្ត ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​ក្នុង​ខេត្តតាកែវ​បាន​រីកចម្រើន​គួរ​ជាទី​មោទនៈ និង​បាន​កោត​សរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ខិតខំ​យក​អស់​កម្លាំងកាយ​-​ចិត្ត ពុះពារ​រាល់​ឧបសគ្គ​សំរេច​លទ្ធផល​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ការពារ និង​ព្យាបាល​ថែរក្សា​សុខភាព​ប្រជាជន​។

លោក​អ៊ូច ភា​អភិបាលខេត្ត បាន​មានប្រសាសន៍ថា អគារ​មណ្ឌល​ផ្តល់​ឈាម និង​មន្ទីរពិសោធន៍ នេះ ពិតជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​សម្រួល​ទុក្ខ​លំបាក​ដល់​ប្រជាពលរដ្ឋ ដើម្បី​បំពេញបន្ថែម​នូវ​សេវា​សង្គ្រោះ​បន្ទាន់ ជូន​ប្រជាជន​នៅ​ខេត្តតាកែវ​ទាំងមូល និង​នៅ​តំបន់​ជុំវិញ​នេះ ដែល​កំពុងមាន​ការ​ខ្វះ​ខាត​នូវ​សេវា​ទាំងនេះ​។

លោក Michael Newbill អនុប្រធាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​មន្ត្រី​សុខាភិបាល​ខេត្តតាកែវ​ទាំងមូល ដែល​បាន​ខិតខំ​បំពេញការងារ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​។

លោក Michael Newbill អនុប្រធាន​បេសកកម្ម​ការទូត បាន​សង្កត់ធ្ងន់ថា ជំនួយ​របស់​ប្រជាជន​អាមេរិក នូវ​អគារ​មណ្ឌល​ផ្តល់​ឈាម​ថ្មី​ជូន​ដល់​ប្រជាជន​កម្ពុ​ជានា​ថ្ងៃនេះ នឹង​ផ្តល់​ជា​ប្រយោជន៍​បន្ថែម​ទៀត ក្នុង​ការ ចូលរួម​ចំណែក​ដល់​ការ​ផ្តល់សេវា​ថែទាំ​សុខភាព​ប្រកបដោយ​ប្រសិទ្ធភាព៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu