គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបើកវគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡាសម្រាប់មន្ត្រី គ្រូអប់រំកាយ និង កីឡានាខេត្តមណ្ឌលគីរី ដែលវគ្គនេះចាប់ផ្តើមឡើងពីថ្ងៃទី១២ដល់១៥កញ្ញា២០១៨។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គនេះនៅខេត្តមណ្ឌលគិរីតែម្ដង ។ មានសិក្ខាកាមដែលជាមន្ត្រីកីឡា គ្រូអប់រំកាយ និង កីឡា ព្រមទាំងអ្នកជាប់ពាក់ព័ន្ធជាមួយកីឡាចំនួន២៤រូបដែលក្នុងនោះមាន២រូបជានារីផងនោះបានចូលរួមសិក្សាក្នុងវគ្គនេះ ។
វាគ្មិនដែលមានបទពិសោធន៍ចំនួន៤រូប ដែលចូលរួមឧទ្ទេសនាមសម្រាប់វគ្គនេះ មានលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បកស្រាយពីផែនការ និង កម្មវិធីហ្វឹកហាត់ និង ផែនការធ្វើដំណើររបស់ប្រតិភូកីឡាពេលចេញទៅប្រកួតនៅក្រៅប្រទេស ។
លោកវេជ្ជបណ្ឌិតស្ដើង ជាប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងឧទ្ទេសនាមអំពីរបបអាហារ និង ភេសជ្ជៈសម្រាប់កីឡាករ-កីឡាការិនីការត្រួតពិនិត្យដូពីង(សារធាតុលើកកម្លាំងដែលហាមប្រើប្រាស់សម្រាប់អ្នកកីឡា) ការបញ្ជាក់ភេទ ការសង្គ្រោះបឋម និង វេជ្ជសាស្ត្រកីឡា ។
លោកកែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់ ឧទ្ទេសនាមពីការលេងដោយយុត្តិធម៌(Fair-Play)ការកំណត់ឧបនិស្ស័យរបស់អ្នកកីឡា ការអភិវឌ្ឍន៍គ្រូបង្វឹក ការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ និង ការដោះស្រាយបញ្ហា ។
លោកបឹង គឹមតោអនុប្រធាននាយកដ្ឋានអប្រំកាយ និង កីឡាធ្វើបទបង្ហាញពីការធ្វើការជាមួយអ្នកស្ម័គ្រចិត្តការធ្វើទំនាក់ទំនង ការរៀបចំព្រឹត្តិការណ៍កីឡាមួយ ស្ត្រី និង កីឡា និងការរៀបចំអង្គប្រជុំ ៕
Source: Kampuchea Thmey Daily
0 Comments