Ad Code

សព​បុរស​ជនជាតិ​ចិន​ម្នាក់​ ត្រូវ​គេ​ដឹក​យក​មក​ទម្លាក់​​​ចោល​នៅ​ជិត​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត



ស្វាយរៀង​ ៖ ​មាន​ករណី​ឃាតកម្ម​ដឹក​សព​បុរស​ម្នាក់​តាម​រថយន្ត​យក​មក​ផ្លុង​ចោល ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ក្បែរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ច្រកម្ទេស​ចម្ងាយ​៥០​ម៉ែត្រ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើដំណើរ​តាម​ដងផ្លូវ​ទាំង​ព្រឹក​និង​សមត្ថកិច្ច។

ករណី​ប្រទះឃើញ​សព​ គេ​យក​មក​ទម្លាក់​ផ្លុង​ចោល​នេះ ​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក ​ថ្ងៃទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នៅ​ភូមិ សាលា​ទាន សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​សន្និដ្ឋាន​ជំហាន​ដំបូង​សព​ជនរងគ្រោះ​មាន​សម្បុរ​ស​ហើយ​សព​ត្រូវ​បាន​ក្រុម​ជនល្មើស​សម្លាប់​នៅ​កន្លែង​ផ្សេង​ រួច​​​ច្រក​សព​ក្នុង​ថង់​ប្លាស្ទិក​ពណ៌​ខ្មៅ​ដឹក​​​តាម​រថយន្ត​មកពី​ទិសខាងកើត​មក​ទម្លាក់​ផ្លុង​ចោល​នៅ​លើ​ចិញ្ចើម​ថ្នល់​ជាតិ​លេខ​១​ជិត​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រកម្ទេស​ចម្ងាយ​៥០​ម៉ែត្រ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បើ​តាម​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ៖ ​នៅ​ម៉ោង​ប្រមាណ​ជា​៤​ទៀបភ្លឺ​គេ​ឃើញ​មាន​រថយន្ត​តូច​មួយ​គ្រឿង​បើក​មកពី​ទិសខាងកើត​ លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​ឈប់​មួយសន្ទុះ ​ក៏បាន​បត់​រថយន្ត​ត្រឡប់​ទៅ​ទិស​ខាងកើត​វិញ​ ក៏ប៉ុន្តែ​មិនបាន​ចាប់អារម្មណ៍​អ្វី​ទេ ​លុះ​ម៉ោង​៦​និង​០០​នាទី​ព្រឹក​អ្នកលក់​នំ ​បាន​ប្រទះឃើញ​សព​ ទើប​ឆោឡោ​ និង​ប្តឹង​សមត្ថកិច្ច​តែម្តង។

ក្រោយពី​សមត្ថកិច្ច​ជំនាញ​មក​ពិនិត្យ​មកដល់​ធ្វើ​កោសលវិច័យ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​ ហើយ​សន្និដ្ឋាន​ថា​ ជា​ករណី​ឃាតកម្ម​ដោយ​សភាព​សព​​ បែក​មាត់ បែកក្បាល ​និង​ស្នាម​វ៉ៃ​ចំ​ក្បាល​ពីក្រោយ​ ហើយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ពិតជា​ករណី​ឃាតកម្ម​ពិតមែន​។​​ ​សាកសព​ត្រូវ​សមត្ថកិច្ច​យក​សព​មក​តម្កល់ទុក​នៅ​វត្ត​ជិត​កន្លែង​កើតហេតុ។

បច្ចុប្បន្ន​សមត្ថកិច្ច​​ កំពុង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​ឃាតក​ដើម្បី​យក​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu