Ad Code

អភិបាល​រាជធានី​ភ្នំពេញ ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ ពិនិត្យ​សំណង់​ខុសច្បាប់ ការ​សង់​រោងបុណ្យ​,​រោងការ​បិទផ្លូវ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន



ភ្នំពេញ​ ៖​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ចាត់​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​រាល់​សំណង់​ផ្សេងៗ​ ដែល​កំពុង​សាងសង់​ពិសេស​សំណង់​ខុសច្បាប់ ឬ​សំណង់​ដែល​សង់​ខុស​កិច្ចសន្យា និង​គ្មាន​គុណភាព ការ​សង់​រោងបុណ្យ​,​រោងការ​បិទផ្លូវ ដើម្បី​ជំរុញ​អោយ​ពួកគាត់​គោរព​ច្បាប់​ និង​ការណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជៀសវាង​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ។

ការ​ជំរុញ​បែបនេះ​របស់​លោក​ឃួ​ង ស្រេង​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១២ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ​ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១២ និង​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​អោយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ចំនួន​រាប់​សិប​នាក់​។​

លោក​អភិបាល​ក៏បាន​រំលឹក​ផង​ដែរ​ទៅលើ​ការណែនាំ​ចំពោះ​រថយន្ត​បាញ់​បេតុង ​ដែល​ចត​.​ឈប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរាចរ​តាម​ដងផ្លូវ​ដូចដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ជូនដំណឹង​រួច​មក​ហើយ។ ជាមួយគ្នានេះ​ក៏​ត្រូវ​ពិនិត្យ​ផង​ដែរ ចំពោះ​ការ​សង់​រោងបុណ្យ​,​រោងការ​ដោយ​មិន​ត្រូវ​ឲ្យ​បិទផ្លូវ​ទាំងស្រុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរ និង​ស្ទះ​ចរាចរ ​ដែល​ប្រជាពលរដ្ឋ​តែង​បង្ហាញ​ការ​ថ្នាំងថ្នាក់​នា​ពេល​កន្លងមក។ ម្ចាស់​រោងបុណ្យ ឬ​រោងការ​គួរ​រក​ទីតាំង សមស្រប​ដែល​មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ដូចជា ទី​អារាម ឬ​តាម​ភោជនីយដ្ឋាន ឬ​ទីតាំង​ណា​ដែល​សមរម្យ។

លោក​ឃួ​ង ស្រេង បាន​បន្ត​ក្រើនរំលឹក​ដល់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បង្កើន​ប្រសិទ្ធភាព​ការងារ​ទ្វេដង​ថែមទៀត​លើ​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​សក្ដិសម​ទៅ​នឹង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ​យើង​។​

លោក​ឃួ​ង ស្រេង បាន​បន្តថា ការងារ​ជាច្រើន​កំពុង​រង់ចាំ​យើង​ទៅធ្វើ ជាពិសេស​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ក្នុង​ទីក្រុង ដោយ​ផ្តោតទៅលើ​ការអនុវត្ត​ច្បាប់​ចរាចរ​,​បន្ត​ឆែកឆេរ​អាវុធ​ជាតិផ្ទុះ​។ ​ត្រួតពិនិត្យ កន្លែង​សប្បាយភាព​,​ក្លិប​កម្សាន្ត​,​ក្លិប​រាត្រី​ផ្សេងៗ​ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន បើទោះបី​យើង​មិនអាច​លុប​បំបាត់​នៅ​ចំពោះមុខ តែ​ក៏​អាច​ឈាន​ទៅ​កាត់បន្ថយ​បទល្មើស​គ្រឿងញៀន​បាន​១​កម្រិត​ដែរ។

ចំពោះ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​វិថី​សំខាន់ៗ​ជា​អាទិភាព​ទាំង​១១​ខ្សែ​ ដែល​បាន​អនុវត្ត​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ យើង​អាច​វាយ​តម្លៃ​បាន​ថា យើង​ធ្វើ​បាន​ល្អ​និង​កំពុង​ដើរ​លើ​ផ្លូវ ត្រូវ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​ ដូច្នេះ​ការងារ​នេះ​យើង​ត្រូវ​បន្ត​ទៅមុខទៀត​ឲ្យ​បាន​គ្រប់​ផ្លូវ​។​ នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ សណ្តាប់ធ្នាប់​នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េត ជុំវិញ​ផ្សារ​ដើម​គរ​និង​ផ្សារ​នាគ​មាស ដែល​ល្បី​ខាង​បាត់​សណ្តាប់ធ្នាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​ស្ទះ​ចរាចរ​ជា​រៀង រាល់ថ្ងៃ​នោះ​ដោយ​កំណត់​រយៈពេល​១០​ថ្ងៃ​ត្រូវតែ​ឲ្យ​ស្អាត ហើយ​បន្ទាប់​ទៅ​ត្រូវ ប្រគល់​ទីតាំង​ខាង​លើ​នេះ​ឲ្យ​ទៅ​អាជ្ញាធរ​ខណ្ឌទួលគោក និង​ខណ្ឌចំការមន​ជា​អ្នកគ្រប់គ្រង និង​ធានា​ថា​មិន​មាន​ការដាក់​លក់ទំនិញ​លើ​ទ្រូងផ្លូវ ឬ​ចត​យានយន្ត បែប​អានាធិបតេយ្យ​បង្ក​ការ​កកស្ទះ​ចរាចរ ប៉ះពាល់​អនាម័យ​បរិស្ថាន​និង​សណ្តាប់ធ្នាប់​សាធារណៈ​នោះ​បន្ត​ទៀតឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu