ភ្នំពេញ ៖ លោក វេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានជំរុញឲ្យអង្គការធ្វើការលើការងារប្រយុទ្ធនឹងជំងឺអេដស៍ធ្វើការបង្កើនការអប់រំផ្សព្វផ្សាយជំងឺអេដស៍ដល់យុវវ័យឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍នៅកម្ពុជាឲ្យកាន់តែថយចុះថែមទៀតខណៈបច្ចុប្បន្នក្រុមយុវវ័យកំពុងប្រឈមនឹងជំងឺអេដស៍គួរឲ្យព្រួយបារម្ភ។
ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគបានបង្ហាញថា ក្នុងចំណោមអ្នកដែលទៅទទួលសេវាធ្វើតេស្តឈាមនៅតាមមណ្ឌលផ្តល់ប្រឹក្សានិងធ្វើតេស្តឈាមដោយរក្សាការសម្ងាត់មានយុវជនអាយុក្រោម៣០ឆ្នាំមានផ្ទុកមេរោគអេដស៍ច្រើន។
ថ្លែងនៅក្នុងទិវាអន្តរជាតិយុវវ័យឆ្នាំ២០១៨កាលពីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨នៅសណ្ឋាគារហ្គ្រេនផាលេស លោក វេជ្ជបណ្ឌិត តែង គន្ធី បានមានប្រសាសន៍ថា ការផ្សព្វផ្សាយអប់រំពីវិធីបង្ការនិងការពារខ្លួនមិនឲ្យឆ្លងមេរោគអេដស៍យុវវ័យពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនមិនឲ្យឆ្លងមេរោគអេដស៍បានដូចជាការប្រើប្រាស់ស្រោមអនាម័យឲ្យបានគ្រប់ពេលវេលា កុំប្រព្រឹត្តិនូវអំពើអបាយមុខផ្សេងៗដូចជាសេពគ្រឿងស្រវឹង គ្រឿងញៀននិងសប្បាយភ្លើតភ្លើនដែលធ្វើឲ្យឆ្លងមេរោគអេដស៍តាមរយៈការរួមភេទដោយមិនសុវត្ថិភាព។
លោកវេជ្ជបណ្ឌិតបានបន្តថា «ដើម្បីទប់ស្កាត់ជំងឺអេដស៍ត្រូវផ្តើមចេញពីខ្លួនយើងទាំងអស់គ្នាទៅព្រោះថា មេរោគអេដស៍មិនមែនឆ្លងមកឯកឯងនោះទេ គឺខ្លួនយើងទេជាអ្នកនាំមេរោគអេដស៍ដោយខ្លួនឯង»។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតតែង គន្ធី បានណែនាំឲ្យយុវវ័យត្រូវទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ព្រោះថាបើលទ្ធផលតេស្តបង្ហាញថា មិនមានផ្ទុកមេរោគអេដស៍ទេនោះ នឹងអាចឲ្យយើង ហើយចំពោះអ្នកដែលមានផ្ទុកមេរោគវិញ ក៏អាចការពារខ្លួនមិនឲ្យចម្លងទៅអ្នកដទៃនិងមានពេលវេលាគ្រប់គ្រងក្នុងការទៅទទួលសេវាព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ឬ ឱសថពន្យារអាយុជីវិត។
លោកអគ្គលេខាធិការបានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ជំងឺអេដស៍នៅមិនទាន់មានថ្នាំព្យាបាលឲ្យជាសះស្បើយនៅឡើយទេ គឺមានតែថ្នាំប្រឆាំងនឹងមេរោគអេដស៍ ឬ ថ្នាំពន្យារអាយុជីវិតប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានគាំទ្រនឹងជំរុញឲ្យមានអង្គការជាដៃគូពាក់ព័ន្ធទាំងអស់ នៅប្រទេសកម្ពុជាបង្កើនការផ្សព្វផ្សាយស្តីពីជំងឺអេដស៍ដល់ក្រុមយុវវ័យឲ្យបានទូលំទូលាយថែមទៀតព្រោះថា មានតែការអប់រំនេះហើយ ដែលជាវិធានការមួយដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ក្នុងចំណោមក្រុមប្រជាជនទូទៅក៏ដូចជាក្រុមប្រឈមមុខខ្ពស់។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតបានសន្យាថា នឹងបន្តការសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដើម្បីបង្កើនការផ្សព្វផ្សាយអប់រំដល់ក្រុមប្រឈមនឹងការឆ្លងមេរោគអេដស៍ទទួលបានការយល់ដឹងដើម្បីការពារខ្លួនជៀសផុតពីការឆ្លងមេរោគអេដស៍និងជំងឺអេដស៍។
លោក វេជ្ជបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលសង្ស័យថា ខ្លួនមានឆ្លងមេរោគអេដស៍សូមទៅធ្វើតេស្តឈាមព្រោះថា ការដឹងពីស្ថានភាពរបស់ខ្លួនសំខាន់ណាស់បើធ្វើតេស្តទៅអវិជ្ជមានអាចទទួលបានសារអប់រំ និង សេវាព្យាបាលផ្សេងៗដើម្បីកុំឲ្យឆ្លងមេរោគអេដស៍តែបើវិជ្ជមានក្រុមការងារនឹងបញ្ជូនទៅទទួលសេវាព្យាបាលដ៏សមស្របដោយទទួលបានឱសថពន្យារជីវិតអាចប្រកបមុខរបបរចិញ្ចឹមជីវិតដូចគេដូចឯងដែរ។
ទន្ទឹមនឹងនេះលោក រ៉េត សុវណ្ណពន្លឺ អ្នកផ្សព្វផ្សាយអប់រំនៃអង្គការសុខភាពបុរសនៅកម្ពុជាបានជំរុញឲ្យក្រុមបុរសស្រលាញ់បុរសទាំងអស់នាំគ្នាទៅធ្វើតេស្តឈាមឲ្យបានគ្រប់ៗគ្នានិងទៀងទាត់ដើម្បីបញ្ចៀសកុំឲ្យឆ្លងមេរោគអេដស៍និងជំងឺអេដស៍ខណៈក្រុមនេះមានអត្រាប្រឈមមុខខ្ពស់ជាងមហាជនទូទៅ។
លោក រ៉េត សុវ ណ្ណពន្លឺបានអំពាវនាវឲ្យប្រជាពលរដ្ឋជួយគាំទ្រដល់ក្រុមបុរសស្រលាញ់បុរសហើយឈប់រើសអើងក៏ដូចជាប្រើអំពើហិង្សាផ្សេងៗដើម្បីឲ្យពួកគេអាចរស់នៅនិងហ៊ានចេញមុខនៅក្នុងសង្គមបានពេញលេញដូចមនុស្សផ្សេងៗទៀតដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះតាមការប៉ាន់ស្មាននៅប្រទេសកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍សរុបប្រមាណ៧ម៉ឺននាក់៕
Source: Kampuchea Thmey Daily
0 Comments