រតនគិរី ៖ បុរសវ័យចំណាស់ជនជាតិគ្រឹងម្នាក់ បានរងរបួសធ្ងន់ ខណៈរូបគាត់កំពុងជិះម៉ូតូ ឆ្លងផ្លូវមិនបានប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តធុនត្រាបុក បណ្ដាលឲ្យបោកក្បាលទៅនឹងផ្លូវថ្នល់។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបំបែកជាបី កែងមន្ទីរទេសចរណ៍ខេត្ត ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា រថយន្ដម៉ាក១គ្រឿងតូយូតាធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-9896 អ្នកបើកបរឈ្មោះ ញ៉ែម ស៊ីណាត់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាវុធហត្ថលើផ្ទៃប្រទេស មានទីលំនៅបច្ចុប្បន្ន ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីលិចទៅកើត ហើយបានរងការខូចខាតរថយន្តផ្នែកខាងស្តាំបែកកញ្ចក់មួយចំហៀង។
រីឯអ្នកបើកបរម៉ូតូម៉ាហុងដាវ៉េវឆ្លាម ពណ៌ខ្មៅ អត់ស្លាកលេខ មានឈ្មោះ ឃុត ចាឡឹងខ្លឹង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិគ្រឹង មុខរបរ កសិករ មានទីលំនៅភូមិ សឹក ឃុំតាអង ស្រុកកូនមុំ ខេត្តរតគិរី (រងរបួសធ្ងន់) ជិះក្នុងទិសដៅពីត្បូងទៅជើងបានឆ្លងផ្លូវទៅឆៀងខាងលិចមិនបានប្រុងប្រយ័ត្នក៏រថយន្តបុកតែម្តង។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តស្នងការនគរបាលខេត្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំណែករថយន្ត និងម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចធ្វើការវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments