Ad Code

លួច​ចូល​សំងំ​ទៅ​កាច់.ក​ម៉ូតូ​មិន​សម្រេច តែ​បានជា​សម្រេច​ចូល​គុក​វិញ



​ភ្នំពេញ ៖ ជនសង្ស័យ​០២​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់ បន្ទាប់ពី​ចាប់​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​កាច់ សោ.ក ម៉ូតូ កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​២០និង៣០​នាទី នៅ​ចំណុច ផ្លូវ​លេខ​៨៦ ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​រួចមក​។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ០២​នាក់​ដែល​ឃាត់ខ្លួន​នេះ​រួមមាន ​ទី​១/ ឈ្មោះ លាង ឡុង​នី ហៅ​ឡុង ហៅ​រ័ត្ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ​ទី​២២/ ឈ្មោះ ស៊ីថា ស៊ីណា​វិបុល ហៅ​បុល ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​។

ពួកគេ​ទាំង ០២​នាក់ ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​បាន បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​លួច​កាច់ ក ម៉ូតូ ០១​គ្រឿង ម៉ាក SUZUKI Nex ព​ណ៌ស ស្លាក​លេខ ភ្នំពេញ 1GR-7405 ជា​របស់​ជនរងគ្រោះ ឈ្មោះ ប៉ិច សិរី​បញ្ច​ពណ៌ ហៅ​ឡាង ភេទ​ស្រី អាយុ ១៨​ឆ្នាំ ដែល​ចត​នៅមុខ​ហាង​លក់​គ្រឿងសំអាង​យីហោ Choice Cosmetics Shop ។

ប្រភព​បន្ត​ថា ​តាម​ការសាកសួរ ក្រោម​វិធាន​ការ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង ០២​នាក់ ខាងលើ បាន​សារភាព​ឲ្យ​ដឹងថា ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់ ក ម៉ូតូ ០១​គ្រឿង ម៉ាក SUZUKI Nex ព​ណ៌ស ស្លាក​លេខ ភ្នំពេញ 1GR-7405 ពិតប្រាកដ​មែន ដោយ​នៅ​ថ្ងៃ​កើតហេតុ ពួកគេ​បានឃើញ​ឱកាស​ល្អ ពេល​ដែល​ជនរងគ្រោះ​ចត​ម៉ូតូ​ចោល មុខ​ហាង ពួកគេ​ក៏បាន​ចូល​ទៅ​លួច​កាច់ សោ.ក យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេច​ខ្លួន​បាត់​តែម្តង​។

ក្រោយមក ពួកគេ​បាន​ជិះ​ម៉ូតូ​នោះ ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន នៅ​ម្តុំ​បឹងកក់​។ មួយសន្ទុះ​ក្រោយមក ខណៈ​ពេល​ដែល​ពួក​ខ្លួន​កំពុង​អង្គុយ​ផឹកស៊ី ស្រាប់​តែមាន​សមត្ថកិច្ច​អាវុធហត្ថ​ចូល​មក​ធ្វើ​ការ​ឃាត់​ពួក​ខ្លួន​តែម្តង ហើយ​ពួកគេ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ទៀត​ថា កន្លងមក​ពួក​ខ្លួន​ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន រយៈពេល​ប្រហែល ០១​ឆ្នាំ មក​ហើយ​។

ក្រោយ​ការស្រាវជ្រាវ​តាម​វិធាន​ការ​ជំនាញ និង​យោងតាម​ចម្លើយ​សារភាព​ជាក់ស្តែង​របស់​ជនសង្ស័យ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំ​រឿង និង​បញ្ជូន​ពួកគេ​ទាំង ០២​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ចោទប្រកាន់ និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ តាម​បទល្មើស​ជាក់ស្តែង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu