លោក យន់ វង្សរ៉ាត់ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែតាំងជាគ្រូបង្វឹកចាំទីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗពោលគឺក្នុងយុគ្គសម័យរបស់អ្នកចាត់ការទូទៅក្រុមគឺលោក Keisuke Honda ខណៈលោកទើបតែធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានចូលរួមជាមួយក្រុមក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
លោកត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្តីថា ដោយសារតែការហ្វឹកហាត់មានពេលខ្លីពេក មេរៀនបង្វឹកដល់អ្នកចាំទីក្នុងជម្រើសជាតិកម្ពុជា ក៏មានលក្ខណៈបន្ទាន់ផងដែរ។ លោកថាជំហានដំបូងក្នុងការប្រមូលផ្ដុំកាលសប្ដាហ៍មុន គឺលោកមើលពីចំណុចខ្វះខាតរបស់កូនក្រុមទាំង៣ មាន ស៊ូ យ៉ាទី (មកពីក្លិបណាហ្គាវើល), អ៊ុ វិចិត្រ (មកពីក្រសួងការពារជាតិ) និង កែវ សុខសិលា (មកពីក្រុមវិសាខា)ហើយបំបែកទៅជាមេរៀនហ្វឹកហាត់តែម្ដង។
លោក យន់ វង្សរ៉ាត់ បានបង្ហាញទស្សនៈរបស់ខ្លួនក្នុងដំណើរមកបង្វឹកដល់ក្រុមជម្រើសជាតិកម្ពុជាឡើងវិញថា ១ដោយសារខ្ញុំបង្ហាត់មានរយៈពេលខ្លីពេក អ៊ីចឹង ខ្ញុំមើលចំណុចខ្វះខាតកីឡាករ យកបំបែកជាលំហាត់ បង្ហាត់បណ្ដោយ។ អ្វីដែលខ្ញុំធ្វើ ខ្ញុំធ្វើតាមរយៈពេលដែលខ្លី។ ទី២ ខ្ញុំបង្ហាត់ខួរក្បាលយក។ អ្វីដែលខ្ញុំមើលឃើញថា ខ្វះខាត ខ្ញុំបង្ហាត់ខួរក្បាលយកតែម្ដង»។
លោក យន់ វង្សរ៉ាត់ និង ក្រុមគ្រួសារ បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក ប្រមាណជិត២០ឆ្នាំមកហើយ។ លោកធ្លាប់ជាអ្នកចាំទីដីល្បីល្បាញរបស់កម្ពុជាកាលពីទសវត្សឆ្នាំ ៨០ និង ដើមឆ្នាំ៩០ ហើយមុនចាកចេញពីមាតុភូមិទៅកាន់រដ្ឋរដ្ឋកាលីហ្វ័រញ៉ា លោកត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាផងដែរ។ លោកជាគ្រូបង្វឹកអ្នកចាំទីដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ពីអង្គការបាល់ទាត់អន្តរជាតិ(FIFA) មិនតែប៉ុណ្ណោះលោកក៏មានជំនាញខាងម៉ាស្សាដែលលោកបានសិក្សាពី អ្នកឯកទេសរបស់ FIFA ដែរ៕
Source: Kampuchea Thmey Daily
0 Comments