Ad Code

តំណាង​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ ពន្យល់ UN ពី​ការ​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​ផ្សេងទៀត



ភ្នំពេញ ​៖ ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្ដរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ លោក ណី សំអុល បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ថា ពី​ការដោះលែង​លោក កឹម សុខា និង​អ្នកទោស​ផ្សេងទៀត កាលពីពេល​ថ្មីៗ​នេះ​ថា ផ្អែក​តាម​មនុស្សធម៌ និង​ជា​អំណាច​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​។

ការ​លើកឡើង​នេះ បាន​ធ្វើឡើង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​របស់​តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ នៅក្នុង​កិច្ចពិភាក្សា​ទូទៅ​មួយ នា​សម័យប្រជុំ​លើក​ទី​៣៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​។

ជា​កិច្ច​ចាប់ផ្តើម តំណាង​កម្ពុជា វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ក្លាហាន​របស់លោក​ស្រី Michelle Bachelet ដែល​បាន​លើក​ឡើង​នូវ​បញ្ហា​មួយចំនួន បើ​ទោះបី​ជា​មិនបាន​គ្រប់​ជ្រុងជ្រោយ តែ​លោក​ស្រី​បាន​ទទួល​ស្គាល់​ការពិត អំពី​សមិទ្ធផល​របស់​ប្រទេស​កម្ពុជា ក្នុងការ​ជំរុញ​សុទ្ធ​សេដ្ឋកិច្ច និង​សង្គម ប៉ុន្តែ​គណៈប្រតិភូ​កម្ពុជា មានការ​ខកចិត្ត​ដែល​លោកស្រី​ឧ​ត្ត​ម​ស្នងការ និង​គណៈប្រតិភូ​មួយចំនួន ដែល​ផ្អែកលើ​ព័ត៌មាន ដែល​មាន​លក្ខណៈ​នយោបាយ បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ឲ្យ​ខ្មៅ​ងងឹត ពាក់ព័ន្ធ​នឹង​សិទ្ធិ​ប្រជាពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដោយ​ការធ្វើ​ព្រងើយកន្តើយ​ចំពោះ​សេចក្តី​ត្រូវការ​ជា​មូលដ្ឋាន និង​ផ្លូវ​ដែល​គ្រោះថ្នាក់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការសម្រេចបាន​នូវ​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដែល​ទទួលបាន​ដោយ​ការពុះពារ​យ៉ាង​លំបាក​។

លោក ណី សំអុល លើកឡើង​ទៀត​ថា ពិត​ណាស់​សិទ្ធិមនុស្ស ដូចដែល​បាន​ចែង​នៅក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​លិខិត​តូ​បក​រណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ត្រូវ​បាន​ដាក់​ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​។ ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ត្រូវ​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាមរយៈ​ការបោះឆ្នោត ដោយ​សេរី យុត្តិធម៌ និង​តាម​កាលកំណត់​ជា​ទៀងទាត់​។



លោក​បន្ត​ថា ការបោះឆ្នោត​កាលពី​ខែកក្កដា​កន្លងទៅ បាន​ទទួល​ការ​សាទរ​ថា ជា​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​២០ ដែលមាន​និន្នាការ​ផ្សេងៗ​គ្នា បាន​ចូលរួម​ប្រកួតប្រជែង​។ អ្នកសង្កេតការណ៍​ជាតិ​ចំនួន​៨ ម៉ឺន​នាក់ អ្នកសង្កេតការណ៍​អន្តរជាតិ​ប្រហែល​៥០០​នាក់ និង​ភ្នាក់ងារ​មកពី​គណបក្សនយោបាយ​ចំនួន​៩ ម៉ឺន​នាក់​បាន​បញ្ជាក់ថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី​យុត្តិធម៌ និង​តម្លាភាព​។

តាម​លោក ណី សំអុល ដំណើរការ​បោះឆ្នោត​ត្រូវបាន​រៀបចំ ដោយមាន​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ដ៏​ល្អប្រសើរ ជាង​ពេលណាៗ​ទាំងអស់ ដោយ​ពុំមាន​ការគំរាមកំហែង ការបង្ក​របួសស្នាម អំពើហិង្សា ឬ​ការបំភិតបំភ័យ​ណាមួយ​ឡើយ ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា លទ្ធិប្រជាធិបតេយ្យ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា​។ ចំនួន​អ្នកចូលរួម​បោះឆ្នោត​ដ៏​ខ្ពស់​រហូតដល់​៨៣.២​ភាគរយ​នៃ​ចំនួន​ប្រជាជន​ចុះឈ្មោះ​បោះឆ្នោត បង្ហាញ​ឲ្យ​ឃើញថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធ​នយោបាយ​ត្រូវបាន​អនុវត្ត​ដោយ​សេរី និង​ដោយ​ល្អប្រសើរ​។ ចំនួន​ភាគច្រើន​លើសលប់​នៃ​អ្នកបោះឆ្នោត ដែល​បាន​បោះឆ្នោត​ជូន​គណបក្សកាន់អំណាច​ឲ្យ​បន្ត​អាណត្តិ​ថ្មី​របស់ខ្លួន គឺ​ដោយសារតែ​អ្នកបោះឆ្នោត​ប្រាថ្នា​ចង់បាន​បន្ត​នូវ​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍​។ ដូច្នេះ​តើ​មនុស្ស​មួយចំនួន​ផ្សេង ប្រាថ្នា​ចង់បាន​អ្វី​ទៀត ទើប​ពួកគេ​ពេញចិត្ត​?



លោក ណី សំអុល បញ្ជាក់ទៀតថា ជា​អកុសល ទោះជា​យ៉ាងណាក៏ដោយ ដោយ​គ្រាន់តែ​ផ្អែកលើ​អវត្តមាន​អតីត​គណបក្ស​នយោបាយ​មួយ ប្រតិភូ​មួយចំនួន​បែរជា​មើលឃើញ​បរិយាកាស​សិទ្ធិមនុស្ស​ជុំវិញ​ការបោះឆ្នោត កាលពី​ខែកក្កដា ក្នុង​ផ្លូវ​អវិជ្ជមាន ដោយ​មើលរំលង​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណបក្សនយោបាយ​ចំនួន​២០​ផ្សេងទៀត ព្រមទាំង​ចំណេះដឹង និង​សិទ្ធិ​មនុស្ស​ប្រកបដោយ​ភាព​ចាស់ទុំ​របស់​ប្រជាជន​កម្ពុជា​។ បើ​ក្រឡេក​មើល​សេរីភាព​បញ្ចេញមតិ​វិញ ត្រូវ​បាន​អនុវត្ត​ដោយមាន​ករណីយកិច្ច និង​ការទទួលខុសត្រូវ​ពិសេស ដោយ​មិន​បំពាន​សិទ្ធិ​អ្នកដទៃ សន្តិសុខ​ជាតិ និង​សណ្តាប់​ធ្នាប់​សាធារណៈ ដូច​មាន​ចែង​ក្នុង​មាត្រា​១៩​នៃ​គតិ​ការ​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​នេះ​។ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ដោយ​ឥត​ប្រកាន់​និន្នាការ​នយោបាយ​មុខរបរ ឬ​ឋានៈ​សង្គម​ឡើយ​។

ជនល្មើស​ត្រូវ​បាន​ផ្ដន្ទាទោស ដោយ​អំណាចតុលាការ​មិនមែន​ដោយសារ​ពួកគេ​ជា​នរណា​នោះ​ទេ ប៉ុន្តែ​ដោយសារ​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។ រាជរដ្ឋាភិបាល​មិនមាន​តួនាទី​អ្វី​នៅក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ ដែលជា​ស្ថាប័ន​ដាច់ដោយឡែក និង​ឯករាជ្យ​ដែល​ធានា​ដោយ​មាត្រា​១២៨ និង​១៣០ នៃ​រដ្ឋធម្មនុញ្ញ​។ ហេតុ​ដូច្នេះហើយ​ការដោះលែង​លោក កឹម​សុខា ក្រោម​លក្ខខណ្ឌ​តុលាការ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​កិច្ច​មនុស្សធម៌ ដោយ​ស្របតាម​អំណាច​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ហើយ​ការ​ដោះលែង​អ្នក​ជាប់ឃុំ និង​អ្នកទោស​ផ្សេងៗ​ទៀត កាលពី​ថ្មីៗ​នេះ គឺជា​ការអនុវត្ត​នីតិ​រដ្ឋ ដែល​ជា​កាតព្វកិច្ច​នៃ​ការទទួលខុសត្រូវ​រប​ស់​រដ្ឋាភិបាល និង​រដ្ឋ​ទាំងអស់ ដែលមាន​មោទនភាព​ថា​ ខ្លួន​ជា​អ្នក​ប្រកាន់​នីតិរដ្ឋ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu