Ad Code

អាជ្ញាធរ​ជាតិ​អប្សរា​និង​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ នឹង​បន្ត​កិច្ចសហការ​លើ​ការអភិរក្ស​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ



សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ គណៈប្រតិភូ​កូរ៉េ​ដឹកនាំ​ដោយ​លោក Kwon Sagju នាយក​ផ្នែក​ផែនការ​នៃ​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ (KOCHEF) ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ពិភាក្សា​ការងារ​បន្ត​លើ​គម្រោង​អភិរក្ស​ជួសជុល​ក្រុម​ប្រាសាទ​ពិធូរ ដែល​នឹងត្រូវ​បញ្ចប់​ជំហាន​ទី​១​នៅ​ចុងឆ្នាំ​២០១៨ និង​ពិភាក្សា​អំពី​ការអនុវត្ត​បន្ត​សម្រាប់​ជំហាន​ទី​២ នៅ​ឆ្នាំ​២០១៩​។



នៅក្នុង​ជំនួប​ពិភាក្សា​នេះ ភាគី​ទាំងពីរ​សន្យា​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​ស្ថាប័ន​KOCHEF​និង​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​កាន់តែ​រឹងមាំ​។ ជាពិសេស​ភាគី​កូរ៉េ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​កូរ៉េ​បាន​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​ក្នុង​តំបន់​អង្គរ និង​បាន​រៀនសូត្រ​បន្ថែម​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។



​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​សូម​ថ្លែងអំណរគុណ​ដល់​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ​ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ និង​បាន​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ដល់​អ្នកជំនាញ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​នា​ពេល​កន្លងមក​។ ដោយឡែក ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ​ទាំង​លើ​កិច្ចការ​អភិរក្ស​និង​ការគ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ភាគី​ទាំង​ពីរបាន​ឯកភាព​ទៅលើ​កម្មវិធី​បណ្តុះបណ្តាល​នាពេល​អនាគត​ដោយ​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ដូចជា ជំនាញ​វិទ្យាសាស្ត្រ​អំពី​ការ​អភិរក្ស​និង​ជួសជុល​បេតិកភណ្ឌ និង​ការគ្រប់គ្រង​ទូទៅ​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​។

​គួរ​រំឭក​ដែរ​ថា គម្រោង​ជួសជុល​អភិរក្ស​ក្រុម​ប្រាសាទព្រះពិធូរ​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​២០១៥ ហើយនឹង​បញ្ចប់​ជំហាន​ដំបូង​នៅ​ចុងឆ្នាំ​២០១៨៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu