ក្រុមបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯក៦សម័យកាលប្រចាំពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានប្រកាសថា ក្លិបរបស់ខ្លួននឹងបញ្ជូនក្រុមកីឡាករយុវជនថ្នាលរបស់ខ្លួនគឺអាយុក្រោម១៤ឆ្នាំ (U14) ទៅប្រកួតក្នុងពានរង្វាន់អន្តរជាតិមួយនៅប្រទេសថៃ ដែលមានក្រុមមកពីបណ្តាលប្រទេសជាច្រើនចូលរួម។
ពានរង្វាន់ដែលក្រុមកីឡាករអាយុក្រោម១៤ឆ្នាំរបស់ភ្នំពេញ គ្រោងនឹងចូលរួមប្រកួតមានឈ្មោះថាCP-Meiji Cup U-14 International Champions 2018 ដែលជាការផ្តួចផ្តើមគំនិតឡើងពីក្លិបយក្ស Buriram United របស់ថៃ ខណៈពានរង្វាន់នេះនៅមិនទាន់កំណត់កាលបរិច្ឆេទប្រកួតច្បាស់លាស់នៅឡើយទេ។
យោងតាមការបញ្ជាក់របស់ក្លិបភ្នំពេញក្រោន ក្រុមដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះមានជាច្រើនប្រទេសដូចជាក្រុម Jubilo Iwata ក្រុម Fagiano Okayama មកពីប្រទេសជប៉ុន ក្រុម FC Seoul ប្រទេសកូរ៉េខាងត្បូង Kitchee SC ទីក្រុងហុងកុង ក្រុម Aspire Academy ប្រទេសកាតា និងមួយក្រុមទៀតមកពីប្រទេសថៃ ដែលមិនទាន់បានធ្វើការជម្រុះរកឃើញនៅឡើយ។
នេះជាលើកទី៣ហើយ ដែលក្លិបភ្នំពេញក្រោន បញ្ជូនកីឡាករទៅចូលរួមប្រកួតក្នុងពានរង្វាន់នេះ ខណៈកាលពីឆ្នាំដំបូង២០១៦ គឺប្រកួតមិនបានចប់ចុងចប់ដើមនោះទេ ដោយការប្រកួតត្រូវរំសាយបន្ទាប់ព្រះបាទBhumibol Adulyadej ព្រះមហាក្សត្រនៃព្រះរាជណាចក្រថៃ បានសោយទីវគ្គតនៅពេលនោះ។ ចូលឆ្នាំទី២ គឺនៅឆ្នាំ ២០១៧ ក្រុមរបស់ភ្នំពេញក្រោន បានប្រកួតចាញ់គ្រប់ការប្រកួតដោយឈរនៅបាតតារាងប្រចាំក្រុមទាំង៨ដែលចូលរួម ប៉ុន្តែក្រុមនេះទទួលបានពានរង្វាន់ Fiar Play ប្រចាំព្រឹត្តិការណ៍ទៀតផង។
គណៈកម្មការបានកំណត់ថា ក្រុមទាំងអស់ត្រូវដាក់កីឡាករឲ្យលេងម្ខាង១១នាក់ហើយធ្វើឡើងចំនួនពីរតង់ដោយមួយតង់មានរយៈពេល៣០នាទី។ គោលបំណងរបស់អ្នករៀបចំកម្មវិធីនេះគឺដើម្បីអភិវឌ្ឍន៍បាល់ទាត់យុវជន និងការប្រកួតបាល់ទាត់អន្តរជាតិជាមួយនឹងក្រុមខ្លាំងក្នុងតំបន់។ ពួកគេគ្រោងនឹងពង្រីកការប្រកួតនៅថ្ងៃអនាគត៕
Source: Kampuchea Thmey Daily
0 Comments