កណ្តាល ៖ កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកោះធំ ក្រោយពីបាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែល កំពុងគង់ចាំព្រះវង្សានៅវត្តព្រែកតាដួង ឋិតក្នុងទឹកដីស្រុកកោះធំ ខេត្តកណ្តាល រួចមកលោកបានជួយសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (សម័យប្រឡងថ្ងៃទី២០ សីហា ឆ្នាំ២០១៨) និងលោកគ្រូអ្នកគ្រូថ្នាក់ទី១២ ប្រមាណ ៥២០នាក់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សឱ្យទទួលជោគជ័យ និងទទួលបានលទ្ធផលល្អ ទោះបី ការប្រឡងឆ្នាំនេះមិនទទួលបាននិទ្ទេស Aក៏ដោយ ក៏ប៉ុន្តែនិទ្ទេស B មានការកើនឡើងគួរឱ្យកត់សម្គាល់។
លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្មួយៗ សូមកុំឲ្យភ្លេចឫសគល់របស់ខ្លួន ដែលជាកូនអ្នកកោះធំ ត្រូវខំប្រឹងប្រែងរៀនសូត្រឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត បង្កើនចំណេះដឹងឲ្យបានទូលំទូលាយ ដើម្បី អាចស្វែងរកការងារធ្វើបានល្អ ក៏ដូចជាយកចំណេះដឹងនោះមកបម្រើស្រុកកំណើតយើងវិញ។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអនុញ្ញាតឲ្យសិស្សានុសិស្សដែលទទួលបានជ័យលាភី ទាំង ៥២០នាក់ អាចប្រើប្រាស់អាងហែលទឹកនៅកីឡដ្ឋានស្រុកកោះធំដោយឥតគិតថ្លៃដើម្បីហ្វឹកហាត់ហែលទឹកឲ្យមានជំនាញពិតប្រាកដ។
លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់អាហារូបករណ៍ក្នុងស្រុកចំនួន ៤០កន្លែង និងសន្យាខិតខំប្រឹងប្រែងស្វែង រកអាហារូបករណ៍បរទេសបន្ថែមដល់សិស្សានុសិស្សជ័យលាភីផងដែរ ដើម្បីអាចមានឱកាសទៅសិក្សានៅក្រៅប្រទេស និងបន្ថែមពីលើនេះ លោកបាននាំយកថវិកាមួយចំនួនចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងពិធីនេះផងដែរ។
សូមបញ្ជាក់ថា ក្រោយពិធីសំណេះសំណាលជាមួយសិស្សានុសិស្សរួចមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចែកអំណោយ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ខ្សែប្រវែងសរុប ២៥០០ម៉ែត្រ បន្ថែមទៀត ឋិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជាការអនុវត្តតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យខិតខំប្រឹងប្រែងបម្រើប្រជារាស្ត្រឲ្យបានទ្វេដង និងធ្វើខ្លួនជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ៕
Source: Kampuchea Thmey Daily
0 Comments